អង្គការ WHO៖ អត្ថប្រយោជន៍នៃវ៉ាក់សាំង Covid-19 ប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យនៃបញ្ហារលាកបេះដូងដ៏កម្រ
ស្វីស៖ ក្រុមប្រឹក្សាយោបល់របស់អង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃសុក្រនេះបញ្ជាក់ថា គុណប្រយោជន៍នៃវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើន ហើយហានិភ័យមានតិចតួចប៉ុណ្ណោះ ដែលពួកវា (វ៉ាក់សាំង)អាចបង្កអោយមានបញ្ហារលាកបេះដូងដ៏កម្រ ខណៈការចាក់វ៉ាក់សាំងអាចកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ជាដើម ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អង្គការ WHO បានបញ្ជាក់ថា ករណីដ៏កម្រនៃការរលាកសាច់ដុំបេះដូង និងរលាកស្រោមបេះដូងត្រូវបានគេសង្កេតឃើញ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA ដោយការបញ្ជាក់នេះចង់សំដៅទៅលើការចាក់វ៉ាក់សាំងពីរដូសដែលប្រើប្រាស់បច្ចេកវិទ្យានេះរបស់ក្រុមហ៊ុនផលិតឱសថ Pfizer-BioNTech និង Moderna ។ បើតាមសេចក្តីថ្លែងការណ៍ដដែលនេះ គុណប្រយោជន៍នៃវ៉ាក់សាំង Covid-19 ដែលប្រើប្រាស់បច្ចេកវិទ្យា mRNA មានច្រើនជាងហានិភ័យ ក្នុងការកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងករណីស្លាប់ដោយសារវីរុសដ៏កាចសាហាវមួយនេះជាដើម ។ គួរកត់សម្គាល់ នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ និយ័តករឱសថអឺរ៉ុបបញ្ជាក់ថា ខ្លួនបានរកឃើញករណីដែលអាចកើតឡើង ដែលមានទំនាក់ទំនងគ្នារវាងការរលាកស្រោមបេះដូង និងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna ។ ជាមួយគ្នានេះ ពួកគេក៏បានធ្វើការសង្កត់ធ្ងន់ផងដែរថា គុណប្រយោជន៍នៃការចាក់វ៉ាក់សាំងបង្ការោគមានចំនួនច្រើនជាងហានិភ័យ ៕ ប្រភព៖ CNA


