អាជ្ញាធរខេត្តរតនគិរី បើកផ្នែកខ្លះជុំវិញផ្សារក្រុងបានលុង ដោយឡែកផ្សារស្រុកកូនមុំ និងធនាគារស្ថាបនាភីអិលសុីសាខាស្រុកវើនសៃបើកអោយដំណើរទាំងស្រុងឡើងវិញ
បន្ទាប់ពីបិទខ្ទប់រយ:ពេល ២១ថ្ងៃដើម្បីទប់ស្កាត់ការរីករាល
ដាលជំងឺកូវីដ-១៩ក្នុងសហគមន៍ ផ្សារក្រុងបានលុងត្រូវបានអាជ្ញាធរខេត្តបើកផ្នែកខ្លះជុំវិញផ្សារ។ ដោយឡែកផ្សារស្រុកកូនមុំ និងធនាគារស្ថាបនាភីអិលសុីសាខាស្រុកវើនសៃបើកអោយដំណើរការទាំងស្រុងឡើងវិញ បន្ទាប់ពីបិទខ្ទប់មួយរយ:ដែរនោះ។
លោក ងិន ណែល អភិបាលក្រុងបាន លុង បានអោយដឹងនៅល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះថា នៅក្នុងផ្សារគឺមិនទាន់បើកនោះទេគឺបើកផ្នែកខ្លះជុំវិញផ្សារតែប៉ុណ្ណោះ
ដោយត្រូវរង់ចាំការគ្រប់គ្រងស្ថានការជំងឺកូវីដ-១៩បានទាំងស្រុងសិនទើបបានម្រេចបើកផ្សារក្រុងបានលុងទាំងស្រុងឡើងវិញ។ លោកអភិបាលក្រុងបន្តទៀតថា ទោះបីជាថ្ងៃនេះយើងបើកឱ្យដំណើរការផ្នែកខ្លះជុំវិញផ្សារ បានលុងក៏ដោយ ក៏បងប្អូនមិនត្រូវភ្លេចនូវវិធានការការពារ របស់ក្រសួងសុខាភិបាលឡើយ យើងអាចភ្លេចកូវីដ-១៩បាន តែកូវីដ-១៩ មិនដែលភ្លេចយើងនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការរីករាលដាល និងកាត់ផ្ដាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
លោកអភិបាលក្រុងបានបន្តថា ដើម្បីចូលរួមទប់ស្កាត់នូវការចម្លងជំងឺកូវីដ-១៩ ឱ្យកាន់តែមានប្រសិទ្ធភាព រដ្ឋបាលខេត្តសូមជំរុញឱ្យប្រជាពលរដ្ឋគ្រប់រូប ចងចាំ និងចូលរួមអនុវត្តឱ្យបាន នូវវិធានការការពារខ្លួន សាមញ្ញៗ និងត្រូវបន្ដប្រុងប្រយ័ត្នផ្ទាល់ខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យខានតែបាននូវវិធានការ បីកុំ និង បីការពារ ។
ដោយឡែកផ្សារក្នុងស្រុកកូនមុំ និងធនាគារស្ថាបនាស្រុកវើនសៃបានបើកអោយដំណើរការជាប្រក្រតីឡើងវិញហើយ នេះបើយោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តលេខ០៤៤និង០៤៥ចុះថ្ងៃទី៩ខែកក្កដា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ពីរបីថ្ងៃចុងក្រោយនេះតាមរយ:ការធ្វើយុទ្ធនាការតេស្តរហ័សនៅទូទាំងខេត្ត ស្ថានភាពនៃការរីករាលដាលជំងឺកូវីដ-១៩ក្នុងខេត្តរតនគិរី មានការថមថយចុះគួរអោយមោទន:។ ហើយគិតត្រឹមថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងខេត្តរតនគិរី រកឃើញអ្នកវិជ្ជមានកូវីដ-១៩សរុបចំនួន ៦០២នាក់ ហេីយព្យាបាលជាសះស្បើយសរុបចំនួន ១៩០នាក់ និងស្លាប់ចំនួន ០៤នាក់ ៕ ដោយ គតិ យុត្ត










