ប្រធានរាជបណ្ឌិតសភាកម្ពុជា គូសបញ្ជាក់ថា កសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើឲ្យវិស័យសេដ្ឋកិច្ច ក្នុងកំឡុងវិបត្តិកូវីដ១៩
ភ្នំពេញ ៖ ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមប្រធានបទ «តើអ្វីទៅជាឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា?» រៀបចំឡើងនៅរាជបណ្ឌិតសភាព នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា វិស័យកសិកម្មមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយសេដ្ឋកិច្ចកម្ពុជា ហើយដើម្បីឲ្យផលិតកសិកម្មមានទីផ្សារ ត្រូវតែមានការចូលរួមពីក្រសួងស្ថាប័នចំនួន៧ គឺក្រសួងកសិកម្ម ក្រសួងធនធានទឹក ក្រសួងពាណិជ្ជកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះថា «កសិកម្មបម្រើឲ្យវិស័យសេដ្ឋកិច្ច គឺដើរតួនាទីសំខាន់ ពីព្រោះគេអាចអស់ស្លៀកខោអាវ គេអាចអត់ពាក់ស្បែកជើង តែគេត្រូវទទួលទានចាំបាច់ណាស់។ ដើម្បីឲ្យវិស័យកសិកម្មដំណើរការទៅមុខបាន ត្រូវមានក្រសួងចំនួន៧ អង្គុយរួមគ្នាដោះស្រាយ»។
ឯកឧត្តមបណ្ឌិតក៏បានណែនាំ ដល់ប្រជាកសិករ ត្រូវចេះចងក្រងគ្នាជាសហគមន៍ ដើម្បីមានកម្លាំងរួមមួយស្វែងរកទីផ្សារ ដើមទុន បច្ចេកទេស និងការផលិតផល ត្រូវនឹងតម្រូវការទីផ្សារ។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងពីការជួយជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដល់ប្រជាកសិករ អំឡុងពេលនៃការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត សុខ ទូច ថា «រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងអស់សមត្ថភាព ក្នុងការជួយដល់ប្រជាកសិករ ជួយគ្រប់បែបយ៉ាងទាំងអស់។ ជាក់ស្ដែងដូចជាពេលផ្ទុះឡើងនៃជំងឺកូវីដ១៩ រាជរដ្ឋាភិបាលជួយគ្រប់បែបយ៉ាង ជួយទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីដ១៩ ជួយចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាដើម»។
ឯកឧត្តមបានបន្ដថា ឆ្អឹងខ្នងនៃសេដ្ឋកិច្ចដើរតួនាទីនៅស្រុកខ្មែរមាន៣ធំៗដូចជា៖ ១៖ ធនធានមនុស្ស, ២៖ វិស័យកសិកម្ម, ៣៖ វិស័យទេសចរណ៍ ចំពោះវិស័យកសិកម្ម ត្រូវផ្ដោតលើកសិឧស្សាហកម្ម ចំណែកវិស័យទេសចរណ៍ គឺត្រូវតែក្លាយជាទេសចរណ៍មួយ បម្រើឲ្យវិស័យកសិកម្ម បម្រើលើវិស័យបរិស្ថាន ទាំងនេះបានធ្វើឲ្យវិស័យសេដ្ឋកិច្ចកម្ពុជារឹងមាំ៕ ដោយ / គ្រី សម្បត្តិ

