ហោរាសាស្រ្តប្រចាំថ្ងៃ៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃច័ន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។​  លោកអ្នកអាច​ចាប់ផ្តើមកិច្ចការថ្មី ការបោះទុន​ ក៏ដូចជាការផ្លាស់ប្តូរការងារផងដែរ។ ក្នុងនោះលោកអ្នកមានមនុស្សជាច្រើនជួយយកអាសារ​ និងជឿជាក់លើការសម្រេចចិត្តរបស់អ្នកយ៉ាងខ្លាំង។ ដោយឡែក អាស្រ័យដោយពេលវេលាមិនសូវមានពេញលេញ សូមព្យាយាមចាប់ផ្តើមការងារឲ្យបានរួសរាន់។ ក្នុងនោះគួរ ជ្រើសរើសការងារជាអាទិភាព ហើយត្រូវមានភាពរហ័សរហួនជានិច្ច។ ប្រការសំខាន់បំផុតក្នុងពេលនេះ​ សូមរក្សាទំនាក់ទំនងនានាក្នុងកំរិតខ្ពស់។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ ក៏ប៉ុន្តែហាមដាច់ខាតការបាក់ទឹកចិត្តពីព្រោះលោកអ្នកអាចនឹងផ្លាស់ប្តូរស្ថានភាពការងារបានដោយការខិតខំប្រឹងប្រែង និងអត្តចរិកស្លូតបូតរបស់អ្នកចំពោះមនុស្សនៅជុំវិញខ្លួន។ ប្រសិនបើអ្នកចង់បានភាពចម្រើនលូតលាស់ សូមសំឡឹងមើលឳកាសនៅទិសឥសាន។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។  កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ប្រសិនបើអ្នកមិនអាចជៀសវាងបាន សូមព្យាយាមរក្សាអាកប្បកិរិយា ហើយភ្ជាប់ខ្លួនទៅនឹងហេតុផលជានិច្ច។ អ្នកគួរខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ កុំបន្សល់ទុករហូតដល់ថ្ងៃស្អែក។ ទន្ទឹមនឹងនេះ សូមប្រយ័ត្នក្នុងការទាក់ទងនឹងមនុស្សទាប សម្បុរស្រអែម។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ លោកអ្នកអាចមានលទ្ធភាពវាយតម្លៃស្ថានការណ៍បានយ៉ាងមានប្រសិទ្ធភាព ព្រមទាំងអាចក្តោបក្តាប់វាបានដោយងាយស្រួលផងដែរ។ ប៉ុន្តែការទទួលយកពត៌មានពីខាងក្រៅ និងការជឿជាក់លើសមត្ថភាពវិជ្ជាជីវរបស់ខ្លួនមានសារសំខាន់ខ្លាំងណាស់។ លាភសំណាងធំដុំ និងភាពរីករាយសម្រាប់កិច្ចការងារនឹងកើតឡើងកាន់តែច្រើននៅពេលរសៀល ដូច្នេះមិនគួរធ្វើឲ្យឆកខានឳកាសនោះទេ។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គង ឬយ៉ាងហោចណាស់មិនទាន់មើលឃើញភាពចម្រើនលូតលាស់គួរឲ្យកត់សម្គាល់ទេ។ ភាគច្រើនអ្នកអាចនឹងធ្វើការនៅទីកន្លែងដដែល ភាពផ្លាស់ប្តូរមិនកើតឡើងទេក្នុងថ្ងៃនេះ។ ទន្ទឹមនឹងនោះគួរព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងជៀសវាងការនិយាយរិះគន់មនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមលោកអ្នកស្វែងរកការពិភាក្សាជាមួយមនុស្សដែលអ្នកជឿទុកចិត្ត ពីព្រោះវានៅតែមានការលំបាក ប្រសិនបើអ្នកសម្រេចចិត្តនឹងធ្វើការតែឯង។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំង ស្មុគ្រស្មាញ និងពិបាកដោះស្រាយបន្តិច។ សូមលោកអ្នកប្រមូលគំនិត ហើយព្យាយាមគិតគូរឲ្យបានល្អិតល្អន់ និងធ្វើយ៉ាងណាកុំទោរទន់ទៅតាមស្ថានភាពខាងក្រៅខ្លាំងពេក។ ទំនុកចិត្តនៅក្នុងពេលនេះមានសារសំខាន់ខ្លាំងណាស់។ បញ្ហាសំខាន់ក្នុងពេលនេះទាក់ទងនឹងទិន្នន័យ​ ដូច្នេះលោកអ្នកប្រកបអាជីពរាជការ សូមប្រុងប្រយ័ត្នក្នុងការបាត់បង់ ភ័ន្តច្រលំ ឬសម្រេចចិត្តខុស។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ ដោយឡែកសូមកុំយកចិត្តទុកដាក់លើការលំបាកខ្លាំងពេក សូមទទួលខុសត្រូវ និងដោះស្រាយទៅតាមសន្តិវិធី ពីព្រោះលោកអ្នកអាចមានលទ្ធភាពដោះស្រាយបានដោយងាយ។ ក្រៅពីសំណាងល្អក្នុងពេលនេះ​ លោកអ្នកនឹងធានាថានឹងទទួលបានសំណាង និងលុយកាក់នាពេលអនាគតដ៏ខ្លីខាងមុននេះ។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ក្នុងនោះលោកអ្នកអាចចាប់ផ្តើម អនុវត្តកិច្ចការដែលអ្នកប៉ងប្រាថ្នាបានដោយភាពចម្រើនលូតលាស់គួរជាទីកត់សម្គាល់។ ប៉ុន្តែជម្លោះរវាងសមាជិកក្នុងក្រុមការងារគឺអាចទៅរួច ដូច្នេះប្រសិនបើអ្នកមិនប្រយ័ត្នទេ នឹងនាំឲ្យប៉ះទង្គិចដល់ស្ថេរភាពការងារ និងការជឿជាក់។ ដោយឡែក សូមកុំធ្វើការហួសកំរិត គួរគិតគូរពីការគំរាមកំហែងថ្មីៗដែលទាក់ទងនឹងសុខភាព ពិសេសប្រព័ន្ធរំលាយអាហារ។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាង និងសំដីទ្រគោះចំពោះមនុស្សនៅជុំវិញខ្លួន។ សូមព្យាយាមចំណាយពេលវេលាមួយថ្ងៃនេះធ្វើការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ និងសហសេវិកទាំងឡាយ។ កុំខ្លាចក្នុងការផ្តួចផ្តើមក្នុងការពិភាក្សាលើបញ្ហាសំខាន់ៗ។ ការខិតខំរបស់អ្នកនឹងត្រូវបានកោតសរសើរ។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ លោកអ្នកអាចចាប់ផ្តើមអនុវត្តផែនការរបស់អ្នក ប៉ុន្តែត្រូវការយកចិត្តទុកដាក់ខ្ពស់។ ក្នុងនោះដែរ សូមឧស្សាហ៍ព្យាយាមឲ្យបានច្រើនបំផុត និងគួរចេះគ្រប់គ្រងពេលវេលាឲ្យបានសមស្រប។ សូមដាក់គំនិតអ្នកឲ្យមានសណ្តាប់ធ្នាប់ កុំរវើរវាយរឿងរ៉ាវច្រើនឥតប្រយោជន៍ ពីព្រោះវាអាចរំខានដល់ការងាររបស់អ្នកកាន់តែខ្លាំង។ ប្រហែលជាអ្នកគួរចំណាយពេលវិភាគស្ថានភាពជុំវិញខ្លួនជាថ្មី ប៉ុន្តែធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់មិត្តការងារ និងថ្នាក់លើ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់ គឺលោកអ្នកអាចប្រតិបត្តិការងារតូចធំបានដោយគ្មានបញ្ហាអ្វីឡើយ។ ក្នុងនោះបញ្ហាតូចតាចមួយចំនួនមិនអាចមករំខានចិត្ត និងកិច្ចការងារដែលអ្នកកំពុងតែអនុវត្តបានទេ។ ប៉ុន្តែប្រហែលជាអ្នកត្រូវយកចិត្តទុកដាក់ និងពិនិត្យពិច័យកិច្ចការងារឲ្យបានជាក់លាក់ ពីព្រោះសញ្ញាណនៃការភ្លេចភ្លាំងកើតឡើង។ ម្យ៉ាងទៀត សូមជៀសវាងពាក់ព័ន្ធនឹងរឿងរ៉ាវរបស់អ្នកដទៃ ប្រយ័ត្នរងគ្រោះថ្នាក់។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ភារកិច្ចការងារ និងអាជីវកម្មមានសកម្មភាពរស់រវើក ហើយទំនុកចិត្តពីមជ្ឈដ្ឋានខាងក្រៅគួរឲ្យកត់សម្គាល់។ លោកអ្នកអាចសម្រេចចិត្តដាក់ចេញការងារថ្មី បណ្តាក់ទុន ឬផ្លាស់ប្តូរការងារបានដោយគ្មានបញ្ហាឡើយ។ អ្វីដែលគួរជៀសវាងបំផុតក្នុងពេលនេះគឹការរិះគន់ ពីព្រោះបំណងល្អ ក៏អាចក្លាយជាទោសបានដែរ។ ក្នុងនោះសូមលោកអ្នកព្យាយាមធ្វើទំនាក់ទំនងបន្ថែមទៀត ហើយក៏គួរតែកែប្រែស្ថានភាពតុបតែងខ្លួនឲ្យបានប្រសើរដែរ​ ពីព្រោះទាំងនោះជាទំនុកចិត្តសម្រាប់ភាពរីកចម្រើននៃអាជីព។

ចំណាំៈ

ឆ្នាំទាំង៤ ជូត ថោះ មមី វក រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកអាចសម្រេចរាល់ការងារទាំងឡាយដោយភាពជោគជ័យ ចំណែកសំណាងផ្សេងៗនឹងកើតឡើង រួមទាំងសេចក្តីសុខ ផង។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner