មន្ត្រីយោធាម្នាក់សំរេចបញ្ចប់ជីវិតខ្លួនឯង និងអាវុធអាកា ចោលប្រពន្ធកូន ដោយសារខឹងនិងម្តាយខ្លួនទៅតាមហៅ មកពីកន្លែងខារ៉ាអូខេ!
ព្រះវិហារ៖ មន្ត្រីយោធាម្នាក់បម្រើការនៅអង្គភាពលេខ៩ បានសំរេចចិត្តបញ្ចប់ជីវិតខ្លួនឯង និងអាវុធអាកា ចោលប្រពន្ធកូន ព្រោះតែខឹងនឹងម្តាយទៅតាមហៅមកពីកន្លែងខារ៉ាអូខេ។ ករណីនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណជាង២២ យប់ថ្ងៃទី២៩ ខែកុម្ភះ ឆ្នាំ២០២០ ត្រង់ចំណុចភូមិរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។
ជនរងគ្រោះឈ្មោះ សុខ ផាត់យុទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាមន្ត្រីយោធា អង្គភាពកងពលតូចអន្តរាគមន៍លេខ៩ រស់នៅភូមិឃុំកើតហេតុខាងលើ។
យោងតាមកំណត់ហេតុ របស់សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទឹកក្រហម បានសរសេរបញ្ជាក់ថា ជនរងគ្រោះគឺពិតជាបានបញ្ចប់ជីវិតខ្លួនឯង ដោយសារអាវុធអាកា បាញ់ពីក្រោមចង្កា ធ្លាយក្រោយខាងលើ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ព្រមជាមួយនិងកម្លាំងជំនាញ អាជ្ញាធរមូលដ្ឋានបានចុះដល់ទីតាំងកើតហេតុ ហើយធ្វើការត្រួតពិនិត្យជុំវិញបរិវេណ និងនៅលើសាកសពឃើញថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត់បាញ់សម្លាប់ខ្លួនឯងពិតប្រាកដមែន ព្រោះតែខឹងនឹងម្តាយតាមទៅហៅពីកន្លែងខារ៉ាអូខេ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យឧទ្ទិសកុសល ជូនដល់សពទៅតាមប្រពៃណី ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការត្រួតពិនិត្យ និងកោសល្យវិច័យរួច៕ សួនលីណា