សមាគមអតីតយុទ្ធជនខេត្តបាត់ដំបង បានប្រគល់ផ្ទះចំនួន០៣ខ្នង ដែលជាអំណោយសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនដល់អតីតគ្រួសារយុទ្ធជនដែលជួបការលំបាកខ្លាំងជាងគេ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ បច្ចុប្បន្ននេះ អតីយុទ្ធជនក្នុងខេត្តបាត់ដំបង មានប្រមាណ១ម៉ឺននាក់ក្នុងចំណោមអតីតយុទ្ធជនទូទាំងប្រទេស។

ក្នុងនេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយស្តីពីការផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដោយបានកសាងភូមិអភិវឌ្ឍន៍យោធិនពិការនៅតាមបណ្តាខេត្តមួយចំនួននិងជាបន្តបន្ទាប់។

ឯកឧត្តម អ៊ុក ឃ្នួច បានបន្ថែមទៀតថាៈកន្លងមកសមាគមអតីតយុទ្ធជននិងសប្បុរសជននានា បានជួយកសាងផ្ទះរាប់រយខ្នងជូនដល់បងប្អូនអតីតយុទ្ធជន តាមរយៈឯកឧត្តម ងួន រតនៈ អភិបាលខេត្ត តាមបណ្តាស្រុកនានា ។

ហើយផ្ទះដែលត្រូវប្រគល់ជូនដល់អតីតយុទ្ធជននិងគ្រួសារ នៅពេលនេះមានចំនួន០៣ខ្នង ក្នុងចំណោមផ្ទះទាំង១៥៥ខ្នង ដែលបានប្រគល់ជូនជាបន្តបន្ទាប់ និងរួមទាំងថ្ងៃនេះផងដែរ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងនៅចំពោះមុខបងប្អូនអតីតយុទ្ធជនពិការនិងក្រុមគ្រួសារទាំងនោះដោយបានគូសបញ្ជាក់ថា
យើងទាំងអស់គ្នាសុទ្ទតែទទួលនូវមេរៀនដ៏ជូរចត់ក្នុងជីវិត។ ដូចនេះបងប្អូន ត្រូវតែចងចាំត្រូវតែរួមគ្នាទប់ស្កាត់កុំឲ្យវិនាសកម្មបែបនេះកើតឡើងម្តងទៀតជាដាច់ខាត ។ យើងទាំងអស់គ្នាក៏ត្រូវខិតខំរួមគ្នាថែរក្សាការពារ នូវសុខសន្តិភាព ដែលយើងទាំងអស់កំពុងតែទទួលបាននេះឲ្យបានគង់វង្ស សម្រាប់កូនចៅយើងជំនាន់ក្រោយ។ ត្រូវរួមគ្នាការពារ រាជរដ្ឋាភិបាលស្របច្បាប់ ដើម្បីបន្តការដឹកនាំរាជរដ្ឋា ភិបាល និងគាំទ្រនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឲ្យកាន់តែរីកចម្រើន ថែមទៀត។

ការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចែកផ្ទះអតីតយុទ្ធជនពលីពិការ ដែលជាអំណោយដ៏ថ្លៃថ្លាសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី-ហ៊ុនសែន។ ហើយពិធីប្រគល់ផ្ទះនេះបានប្រគល់រួមគ្នានៅផ្ទះអតីតយុទ្ធជន ឈ្មោះ ប៊ុន ម៉ៅ ស្ថិតនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សរុបចំនួន០៣គ្រួសារ ស្មើនិង០៣ខ្នង ក្នុងនោះ៖នៅស្រុកភ្នំព្រឹក ចំនួន១ខ្នង ស្រុកកំរៀង១ខ្នងនិងស្រុកសំពៅលូន១ខ្នង កាលពីរសៀល ថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២០ចុងសប្តាហ៍នេះ ។

ឯ.ឧ ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបាត់ដំបង បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ពីសុខទុក្ខពីជីវភាពនិងការរស់នៅរបស់បងប្អូនឲ្យ បានល្អ ពីព្រោះពួកគាត់ទាំងនេះហើយគឺជាមុខសញ្ញាដែលរដ្ឋបាលមូលដ្ឋានគ្រប់ថ្នាក់ត្រូវតែយកចិត្តទុកដាក់ដល់ពួកគាត់ឲ្យបានដិតដល់។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានថ្លែងក្រើនរំលឹកដាស់តឿនដល់អាជ្ញាធរដែនដី អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ជាពិសេសគ្រប់ប្រធានកិត្តិយសនៃសាខាសមាគមនៅតាមបណ្តាស្រុក-ក្រុងខេត្ត គឺមិនត្រូវមើលរំលងនោះទេ។

ដើម្បីជាការរំលឹកតបស្នងនូវគុណបំណាច់ដ៏ធំធេងរបស់អតីតវីរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិដែលបានបូជាសាច់ស្រស់ឈាមស្រសនៅក្នុងបុព្វហេតុការពារជាតិ មាតុភូមិនិងប្រជាជន និងជាការដឹងគុណដល់អតីតយុទ្ធជនទាំងនោះ ដែលកន្លងមកបានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ ហើយសុខសន្តិភាព ដែលយើងមានថ្ងៃនេះក៏មិនអាចកាត់ផ្តាច់ពីគុណបំណា ច់របស់បងៗយុទ្ធជនដែលបានពលីជីវិត និងអ៊ុំពូមីង បងៗដែលជាអតីតយុទ្ធជន ដែលបានសល់នូវជីវិតរស់រាននិងបានធ្លាក់ខ្លួនពិការភាព ហើយកំពុងតែជួបពីបញ្ហាជីវភាពខ្វះខាតនិងលំបាកខ្លាំងប្រចាំថ្ងៃ ជាពិសេសខ្វះទីជម្រកផ្ទះសម្បែង ត្រូវរួមគ្នាគិត រួមគ្នាជួយ និងបរិច្ចាគនូវធនធានផ្ទាល់ខ្លួនដើម្បីជួយឲ្យពួកគាត់ មានផ្ទះសម្បែង បានរស់នៅសមរម្យ និងជួយសម្រាលការលំបាកជូនពួកគាត់។

ក្រុមគ្រួសារអតីតយុទ្ធជនដែលទទួលបានផ្ទះ និងអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់រួមនិងសម្ភារៈផ្ទះបាយ និង អង្ករ ១០០គ.ក្រ ។​ ក្នុងនោះដែរ ឯកឧត្តម ងួន រតនៈ អភិបាល ខេត្តបាត់ដំបង ជាប្រធានកិត្តិយស ស.អ.កខេត្តក៏បានឧបត្ថម្ភបន្ថែមដល់គ្រួសារយុទ្ធជនទាំង០៣គ្រួសារ ក្នុងមួយគ្រួសារៗនូវថវិកាចំនួន២៥ម៉ឺនរៀល បន្ថែមថវិកាពីលើសមាគម ក្នុងនោះម្ចាស់ផ្ទះក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៤៥ម៉ឺនរៀលគត់។

ដោយឡែកអតីតយុទ្ធជន រស់នៅក្បែរខាងនិងបានចូលរួមសរុបចំនួន២០នាក់ ក្នុងម្នាក់ៗថវិកា៥ម៉ឺនរៀលនិងសារុង១។ ក្រុមការងារស.អ.ក ស្រុកភ្នំព្រឹក,ស្រុកកំរៀង និងស្រុកសំពៅលូន ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល សម្រាប់សោហ៊ុយមធ្យោបាយដឹកនាំអតីតយុទ្ធជន ដែលមកទទួលផ្ទះថ្ងៃនេះផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner