កិច្ចប្រជុំពិសេសរវាងរដ្ឋមន្ត្រីការបរទេសអាស៊ាន និងអាមេរិករៀបចំសាឡើងវិញថ្ងៃទី១៤កក្កដា (Video Inside)
រដ្ឋមន្រ្តីការបរទេសអាស៊ាន គ្រោងនឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកសាឡើងវិញក្នុងសប្តាហ៍ នេះក្រោយការអាក់ខានកន្លងមក។ ក្រសួងការបរទេសកម្ពុជានៅថ្ងៃនេះ បានជូនដំណឹងថាតាមការអញ្ជើញ របស់រដ្ឋមន្ត្រីការបរទេសឡាវ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនដែលជារដ្ឋមន្ត្រីការបរទេសកម្ពុជា គ្រោងនឹង អញ្ជើញចូលរួមកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិកនៅថ្ងៃទី១៤កក្កដាតាមប្រព័ន្ធ វីដេអូ។
ប្រទេសឡាវគឺជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាននិងសហរដ្ឋអាមេរិក។ កិច្ច ប្រជុំថ្ងៃទី១៤កក្កដាដែលនឹងចូលរួមដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន ត្រូវគេ រំពឹងថា នឹងពិភាក្សាគ្នាអំពីអភិក្រមជាក់ស្ដែងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិក រួមទាំងលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមបណ្ដាលមកពីការរាតត្បាតនៃជំងឺកូវីដ-១៩។
កិច្ចពិភាក្សានឹងរំពឹងអាចមានការពិគ្រោះយោបល់គ្នាផងដែរអំពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាការ ចាប់អារម្មណ៍រួម។ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកជំនួបតាមប្រពន្ធ័វីដេអូក្នុងសប្តាហ៍នេះ នឹងឆ្លុះបញ្ចាំង អំពីឆន្ទៈនយោបាយ និងការប្ដេជ្ញាក្នុងការជំរុញបន្ថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដើម្បីសន្ដិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន បានអាក់ខានម្តងរួចមកហើយក្នុងជំនួបតាមប្រព័ន្ធ វីដេអូ conference ជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០កាលពីថ្ងៃទី២៥ឧសភា។ ក្នុងពេលនោះ រដ្ឋមន្ត្រី ការបរទេសអាស៊ានទាំង១០ត្រូវគេរាយការណ៍ថាបាននៅរង់ចាំលោកអេនតូនី ប្លីនខេន រហូតដល់រយៈ៤៥នាទី ដោយក្នុងពេលត្រូវប្រជុំនោះ លោកអេនតូនី ប្លីនខេន ត្រូវគេរាយការណ៍ថា បែរជាធ្វើដំណើរទៅបំពេញបេសក កម្មរបស់ខ្លួននៅប្រទេសមជ្ឈិមបូព៌ានោះទៅវិញ។