កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា

ភ្នំពេញៈ​ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​​​ ​ជា​ឧ​ត្ត​ម​ន្រ្តីកម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប បានប្រកាស​ជា​ផ្លូវការ​ថា កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣ នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា​ចុងឆ្នាំ​នេះ​តាមរយៈ​ប្រព័ន្ធ​វីដេអូ​។​

ឯកឧត្តម លុយ ដា​វីត រដ្ឋលេខាធិការ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ឧ​ត្ត​ម​មន្តី​កម្ពុជា​ទទួលបន្ទុក​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប(រូបឯកសារ)

សេចក្តីសម្រេច​នេះ​ធ្វើឡើង​ស្របតាម​អនុសាសន៍​ណែនាំ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩ ដោយបាន​បញ្ជាក់ថា ការរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​លក្ខណៈ​រូបវ័ន្ត​គឺ​នឹងមិន​មាន​សុវត្ថិភាព​ដល់​បណ្តា​ថ្នាក់ដឹកនាំ​នៃ ប្រទេស​ដៃគូ ASEM ដែល​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នោះឡើយ ហើយ​វា​ក៏​មិនអាច​ប្រព្រឹត្តទៅបាន​ផងដែរ ព្រោះ​ជំងឺ រាតត្បាត​នេះ​បាននិងកំពុង​បន្ត​រីក​រាលដាល​ខ្លាំង ស្រប​ពេលដែល​បណ្តា​ប្រទេស​ជាច្រើន​លើ​សកលលោក បានដាក់​ចេញ​នូវ​ការ​រឹតត្បិត​លើ​ការធ្វើដំណើរ​សារជាថ្មី​។​

​ឯកឧត្តម​បាន​បន្តថា ដោយសារតែ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ កំពុង​រីក​រាលដាល​ខ្លាំង រួម​នឹង​ការលេចឡើង​នៃ​វីរុស​បំប្លែង​ថ្មីៗ បាន​បង្កើតឱ្យមាន​រល​ក​នៃ​ការឆ្លង​ថ្មី​នៅ​បណ្តា​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក រួមទាំង​កម្ពុជា​ផង​នោះ​។​កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) បាន​ធ្វើជាសហប្រធាន​ជាមួយ​សហភាព​អឺរ៉ុប ដឹកនាំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ដ្រី​អាស៊ី​-​អឺរ៉ុប (ASEM SOM) កាលពី​ថ្ងៃទី​០៧ និង​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​ឧ​ត្ត​ម​មន្ត្រី​នៃ​បណ្តា​ប្រទេស​ជា​ដៃគូ ASEM ចំនួន​៥១​រូប​រួមទាំង​តំណាង​មកពី​សហភាព​អឺរ៉ុប លេខាធិការដ្ឋាន​អាស៊ាន និង​មូលនិធិ​អាស៊ី​-​អឺរ៉ុប (ASEF) ផងដែរ​។​

​លោក​បន្តថា​កិច្ច​ប្រជុំបាន​ពិភាក្សា​យ៉ាង​លម្អិត​លើ​សេចក្តីព្រាង​សេចក្តីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ ស្តីពី​ការស្តារ សេដ្ឋកិច្ច​-​សង្គម​ឡើងវិញ​ក្រោយ​ជំងឺ​កូ​វីដ​-១៩ ដែល​វា​នឹង​ក្លាយជា​ឯកសារ​មួយ​ក្នុងចំណោម​ឯកសារ​លទ្ធផល ដ៏​សំខាន់​ចំនួន​ពីរ​ដែល​នឹងត្រូវ​អនុម័ត​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​។ សេចក្ដីថ្លែងការណ៍​នេះ ឆ្លុះបញ្ចាំង​ពី​គោលដៅ​រួមគ្នា​របស់​ថ្នាក់ដឹកនាំ ASEM ទាំងអស់​ក្នុង​ការធានា​ឱ្យបាន​នូវ​ការ​ស្តារឡើងវិញ​​ក្រោយ​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​បរិ​យា​ប័ន្ន ចីរភាព និង​ភាព​ធន់​។​
ឧ​ត្ត​ម​មន្ត្រី ASEM បាន ឯកភាព​ឱ្យមាន​ការជួបពិភាក្សាគ្នា​ម្ដងទៀត​នៅក្នុង​ខែ​នេះ ដើម្បី​សម្រេច​ជា​ស្ថាពរ​នូវ​សេចក្ដីថ្លែងការណ៍​នេះ​។ កិច្ច​ប្រជុំបាន​ស្វាគមន៍ និង​សារ​ទរ​ដល់​ប្រទេស​ស្លូ​វេ​នី​ទទួល​រៀបចំ​កិច្ចប្រជុំ​ឧ​ត្ត​ម​មន្ត្រី ASEM មួយ ទៀត នៅ​ថ្ងៃទី​១៦-១៧ ខែកញ្ញា ឆ្នាំ​២០២១ ដើម្បី​ពិភាក្សា​សេចក្តីថ្លែងការណ៍​ប្រធាន​អង្គប្រជុំ ASEM13៕ ដោយៈ ពល​ជ័យ​

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner