សម្ដេចតេជោ ហ៊ុន សែន អបអរចំពោះកសិករ អាយុ៧០ឆ្នាំ រស់នៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន
ភ្នំពេញ៖ យោងតាមទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសចូលរួមអបអរសាទរចំពោះកសិករ អាយុ៧០ឆ្នាំម្នាក់ រស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលទទួលបាននូវការចាក់វ៉ាក់សាំងទី៥លាន ។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវដូច្នេះថា៖ សូមអបអរសាទរចំពោះបងប្រុសឈ្មោះ ណុប មាន អាយុ៧០ឆ្នាំជាកសិកររស់នៅភូមិ សែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យដែលទទួលបាននូវការ ចាក់វ៉ាក់សាំងទី៥លាន នៅព្រឹកថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០២១ ។
សម្ដេចបន្តថា៖ លោកជំទាវ ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន ១០លានរៀល ព្រមទាំងសម្ភារៈផ្សេងទៀតដែលជាជំនួយឧបត្ថម្ភ ទៅប្រគល់ជូនដោយ ផ្ទាល់។
សម្ដេចតេជោ ហ៊ុន សែន ក៏សូមអរគុណបងប្អូនជនរួមជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ តាមរយៈការទទួលយកការចាក់វ៉ាក់សាំងដើម្បីការពារខ្លួននិងក្រុមគ្រួសារ។
សម្ដេច ក៏បានកោតសរសើរក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមចាក់វ៉ាក់សាំងជូនប្រជាជនយើង ដែលមកដល់ពេលនេះ យើងចាក់បាន៥០ភាគរយ នៃចំនួនប្រជាជនដែលនឹងត្រូវចាក់១០លាននាក់៕ ដោយ វណ្ណលុក




