ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣
ឯកឧត្តម ថោង ខុន ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យសហព័ន្ធកីឡាជាតិទាំងអស់រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ មិនត្រូវមើលពីកំហុស ឬប្រចាំគ្នានោះទេ ត្រូវបើកបេះដូងពង្រឹងកិច្ចការមួយនេះឲ្យមានប្រសិទ្ធភាព ពីព្រោះសហព័ន្ធកីឡាជាតិទាំងអស់ជាអ្នកម្ចាស់ និងជាអ្នកស្វែងរកមេដាយជូនជាតិ ក្នុងព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តនេះ សម្រាប់កម្ពុជាអោយបាន ។
ការថ្លែងបែបនេះធ្វើឡើង ក្នុងមហាសន្និបាតមហាសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តន៍ការងារឆ្នាំ២០២០ នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
តាមរបាយការណ៍ ឯឧ វ៉ាត់ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានឲ្យដឹងថា ដើម្បីសម្រេចបាននូវគោលបំណង សំណូមពរ និងទិសដៅផែនការយុទ្ធសាស្ត្របន្តឈាន ទៅរកភាពជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានពង្រឹងតួនាទីដឹកនាំយ៉ាងសកម្ម ក្នុងការជំរុញចលនាកីឡាគ្រប់សហព័ន្ធកីឡាជាតិទាំងអស់ឲ្យរួមគ្នាអនុវត្តទៅតាមទិសដៅគ្រោងទុក ក្នុងផែនការមេស៊ីហ្គេម ឆ្នាំ២០២៣ ដែលបានកំណត់រួចជាស្រេច ។
ឯកឧត្តម វ៉ាត់ ចំរើន បានឲ្យដឹងថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយក្នុងកិច្ចសហការគៀងគរ រកប្រភពចំណូលទាំងក្នុង និងក្រៅប្រទេស សម្រាប់បំរើឲ្យសកម្មភាពអប់រំ បណ្តុះបណ្តាល សិក្ខាសាលានិងការបំប៉នបន្ថែមកម្មវិធីហ្វឹកហាត់ត្រៀមប្រកួតកីឡាជាដើម ។ ជារៀងរាល់ឆ្នាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តែងទទួលបានការឧបត្ថម្ភថវិកា សម្ភារពីសប្បុរសជន និងក្រុមហ៊ុននានា ទាំងក្នុងនិងក្រៅប្រទេស ពិសេសពីអង្គការកីឡាអន្តរជាតិ មានដូចជា៖ គណៈកម្មាធិការជាតិអូឡាំពិកអន្តរជាតិ .ក្រុមប្រឹក្សាអូឡាំពិកអាស៊ី.អង្គការសាមគ្គីអូឡាំពិក ។
ឯកឧត្តម អគ្កលេខាធិការ បានគូសបញ្ជាក់ថា ប្រភពចំណូលថវិកាបានមកពីអង្គកីឡាអន្តរជាតិទាំង៣ខាងលើនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានចាត់ចែងចំណាយ ទៅតាមកម្មវិធី ផែនការការងារប្រចាំឆ្នាំ និងសេចក្តីត្រូវការចាំបាច់មួយចំនួន ដូចជា សកម្មភាពរដ្ឋបាលកីឡា អនុវត្តន៍គម្រោងកម្មវិធី សកម្មភាពកីឡា កិច្ចប្រជុំសិក្ខាសាលា និងជួសជុលថែទាំ។ល៕ធ.ដ