អ្នកចិញ្ចឹមក្រពើនៅខេត្តសៀមរាបប្រឈមនឹងការខាត់បង់ដើមទុនច្រើន ដោយសារតម្លៃក្រពើនៅតែបន្តចុះថោក (មានវីដេអូ)
សៀមរាប ៖ ពលរដ្ឋនៅខេត្តសៀមរាបជាច្រើនគ្រួសារ ដែលកំពុងប្រកបរបរចិញ្ចឹមសត្វក្រពើ ដើម្បីលក់ពង លក់កូន និងលក់ក្រពើធំ បានត្អូញត្អែរពីទីផ្សារបានជាប់គាំង មិនអាចលក់ចេញបាន ហើយក្រុមឈ្មួញហ៊ានទិញក្នុងតម្លៃថោកជាងមុនឆ្ងាយ ។
អ្នកចិញ្ចឹម និងទទួលទិញក្រពើនៅខេត្តសៀមរាបមួយរូបបាននិយាយថា ពេលនេះខ្លួនមានបញ្ហាប្រឈមយ៉ាងខ្លាំង ដោយសារតែពីមុនលក់កូនក្រពើមួយបានតម្លៃជាង១០ដុល្លារ ប៉ុន្តែពេលនេះ កូនក្រពើមួយលក់បានតម្លៃតែ១ ឬ ២ដុល្លារទេ ហើយថា ប្រសិនបើតម្លៃក្រពើនៅបន្តចុះថោកជាងនេះ គឺរូបលោកនឹងអ្នកចិញ្ចឹមក្រពើជាច្រើននាក់ទៀត អាចប្រឈមមុខទៅនឹងការខាតបង់ដើមទុនយ៉ាងខ្លាំង ។ បើតាមអ្នកចិញ្ចឹមក្រពើដដែលនេះ ក្នុងមួយខែត្រូវចំណាយលុយទិញចំណីអោយសត្វក្រពើស៊ីចំនួន៣ដង ដោយក្នុងម្ដងៗចំណាយលុយចំនួន២០០ដុល្លារ ។ បច្ចុប្បន្នគ្មានឈ្មួញណាមកទិញកូនក្រពើរបស់ពួកគាត់ទេ ដោយសារតែទីផ្សារលក់សត្វក្រពើនៅតែធ្លាក់ថ្លៃ ព្រមទាំងមិនដំណើរការល្អនោះ គឺអ្នកចិញ្ចឹមក្រពើមិនមានសង្ឃឹមថា មានជីវភាពល្អប្រសើរឡើយ ។ អ្នកចិញ្ចឹមដដែលបានសំណូមពរឲ្យក្រសួងពាក់ព័ន្ធ មេត្តាជួយសម្រួលពីច្បាប់នៃការនាំចេញទៅក្រៅប្រទេស ថាតើត្រូវចំណាយប៉ុន្មានឲ្យពិតប្រាកដ ដើម្បីពួកគាត់អាចសុំច្បាប់នាំចេញបាន ព្រោះសព្វថ្ងៃទីផ្សារក្រពើរបស់គាត់ គឺពឹងផ្អែកលើបរទេសទាំងស្រុង ។
ពាក់ព័ន្ធនឹងបញ្ហានេះ បើតាមលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បច្ចុប្បន្ននេះការលក់សត្វក្រពើឲ្យបានថ្លៃនោះ គឺជាការពិបាក ពីព្រោះតែទីផ្សារទិញក្រពើមិនមែននៅក្នុងស្រុកឡើយ គឺទីពឹងទៅលើទីផ្សាររបស់គេ (ប្រទេសចិន) ។ លោកបន្ថែមថា សព្វថ្ងៃនេះទីផ្សារលក់សត្វក្រពើ គឺទីពឹងទៅលើឈ្មួញកណ្ដាលមកពីវៀតណាម និងថៃ ដែលគេត្រូវការទិញយកទៅលក់បន្តដែរ ។ ដូច្នេះវាអាចលក់បានថ្លៃ គឺទាល់តែនៅក្នុងប្រទេសទាំងពីរនោះ ខ្វះក្រពើសម្រាប់ផ្គត់ផ្គង់អោយទីផ្សារ ទើបគេមកទិញពីខ្មែរយកទៅ ។ ក្រពើយើង គឺជាចំណែកមួយជាមួយគេ ដើម្បីបង្គ្រប់ចំនួននាំចេញ ។ អាជ្ញាធរខេត្ត និងក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទ តែងតែជួយដោះស្រាយទៅលើបញ្ហារកទីផ្សារលក់សត្វក្រពើនេះដែរ ។
គួរកត់សម្គាល់ បច្ចុប្បន្ននេះ មានសត្វក្រពើនៅក្នុងខេត្តសៀមរាបមានប្រមាណជិត៩០ម៉ឺនក្បាលដែលពលរដ្ឋកំពុងចិញ្ចឹម ហើយខ្វះទីផ្សារគួរអោយព្រួយបារម្ម ស្របពេលដែលពលរដ្ឋខ្លះគ្មានលទ្ធភាពចិញ្ចឹម ហើយអាចប្រឈមនឹងយកទៅប្រលែងចោលផងដែរ ៕