ពលរដ្ឋគុយបា ចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ខណៈប្រធានាធិបតីចោទថាអាមេរិកនៅពីក្រោយ
កាលពីថ្ងៃអាទិត្យ ទី១១ កក្កដា ប្រជាជនគុយបារាប់ពាន់នាក់បានចេញធ្វើបាតុកម្ម ដោយបានបង្ហាញពីភាពមិនសប្បាយចិត្តនឹងបញ្ហាសេដ្ឋកិច្ច បញ្ហានានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ហើយបាតុករខ្លះបានទាមទារឱ្យបញ្ចប់របបដឹកនាំរបស់គណបក្សកុម្មុយនិស្តនៅប្រទេសគុយបាទៀតផង ខណៈពេលដែលប្រធានាធិបតីគុយបាលោក Miguel Díaz-Canel បានធ្វើការចោទប្រកាន់ថា សហរដ្ឋអាមេរិកជាអ្នកនៅពីក្រោយបញ្ហានៅកោះនេះ។
បាតុកម្មដំបូងឡើយបានកើតឡើងក្រោមទ្រង់ទ្រាយតូចនៅស្រុក St Antonio de los Banosជាយរដ្ឋធានីហាវ៉ាណា។ បាតុករនៅទីនោះបានស្រែកបន្ទរថា «សេរីភាព» និង «យើងមិនខ្លាចទេ» ហើយខ្លះទៀតទាមទារឲ្យលោកប្រធានាធិបតី Diaz-Canel ចុះចេញពីតំណែងទៀតផង។ វីដេអូ និងរូបភាពអំពីការតវ៉ានេះត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម ដែលធ្វើឲ្យបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលរីកសាយភាយទៅកាន់តំបន់ផ្សេងទៀតទូទាំងប្រទេសគុយបា។
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា បាតុករជាច្រើននាក់ត្រូវបានចាប់ខ្លួន ដោយប៉ូលិស។ ឧស្ម័នបង្ហូរទឹកភ្នែកត្រូវបានប្រើប្រាស់ ដើម្បីបំបែកហ្វូងបាតុករ។ ជាមួយគ្នានេះ អំពើហិង្សាក៏បានកើតឡើងផងដែរ ដោយក្រុមបាតុករបានបំបះរថយន្តរបស់ប៉ូលិស ហើយគប់ដុំថ្មទៅកាន់កងកម្លាំងបង្ក្រាបបាតុកម្ម។
នេះជាបាតុកម្មដ៏កម្របំផុតក្នុងគុយបា ដោយលើកចុងក្រោយដែលប្រទេសនេះជួបប្រទះការតវ៉ាដ៏ធំបែបនេះគឺតាំងពីឆ្នាំ១៩៩៤ មកម្ល៉េះ ដោយនៅពេលសេដ្ឋកិច្ចគុយបាត្រូវបានដួលរលំ ពីព្រោះការបាត់បង់ជំនួយពីសហភាពសូវៀត។
ភ្លាមៗនោះកម្មវិធីទូរទស្សន៍នានា ដោយរាប់បញ្ចូលទាំងការចាក់បញ្ចាំងវគ្គផ្ដាច់ព្រ័ត្រនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអឺរ៉ុប UEFA Euro 2020 រវាងក្រុមជម្រើសជាតិអង់គ្លេស និងអ៊ីតាលីត្រូវបានបង្អាក់ ដោយសុន្ទរកថាផ្សាយផ្ទាល់របស់ប្រធានាធិបតីគុយបា។
លោក Diaz-Canel បានហៅបាតុកម្មនេះថាជាកម្លាំងប្រឆាំងនឹងរដ្ឋាភិបាលបដិវត្តន៍របស់គុយបា ដោយមានបរទេសជាបង្អែក។ លោកបានអំពាវនាវ ឱ្យកងកម្លាំងប្រដាប់អាវុធ ក៏ដូចជាអ្នកស្រលាញ់គណបក្សកុម្មុយនិស្ត ធ្វើបាតុកម្មប្រឆាំងនឹងការតវ៉ាទាំងនោះ។ លោកបាននិយាយថា «បទបញ្ជាក្នុងការប្រយុទ្ធត្រូវបានដាក់ចេញហើយ អ្នកបដិវត្តន៍ទាំងឡាយនាំគ្នាចុះផ្លូវទាំងអស់គ្នា»។
ប៉ុន្មានម៉ោងក្រោយមកបាតុកម្មតវ៉ារដ្ឋាភិបាលត្រូវបានបង្ក្រាប ដោយមានមនុស្សជាច្រើននាក់ត្រូវបានចាប់ខ្លួន។ គេក៏សង្កេតឃើញមាន បាតុករគាំទ្ររដ្ឋាភិបាលប្រមាណ ៣០០នាក់បានចេញលើដងផ្លូវ ដោយស្រែកគាំទ្រពាក្យស្លោករបស់លោក Fidel Castro ដែលជាមេដឹកនាំដំបូងបង្អស់បក្សកុម្មុយនិស្តគុយបា។
ជាងនេះទៅទៀត សន្តិសុខត្រូវបានពង្រឹងយ៉ាងតឹងរ៉ឹងនៅរដ្ឋធានីហាវ៉ាណា ហើយមានសេចក្ដីរាយការណ៍មួយចំនួនបានឱ្យដឹងថា បណ្ដាញអ៊ីនធឺណិតត្រូវបានបង្អាក់ ធ្វើឱ្យបណ្ដាញសង្គមមួយចំនួនមិនអាចប្រើប្រាស់បានឡើយ។
ក្រោយពីលេចឮពីដំណឹងបាតុកម្មទាំងនេះ ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក ព្រមទាំងអ្នកនយោបាយសហរដ្ឋអាមេរិកជាច្រើនក៏ចេញមកអត្ថាធិប្បាយអំពីព្រឹត្តិការនេះផងដែរ។ លោកចូ បៃដិនប្រធានាធិបតីអាមេរិកបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកឈរជាមួយគុយបា ក្នុងការទាមទារឲ្យមានសេរីភាព។
លើសពីនេះទៅទៀតសហគមន៍ជនជាតិគុយបានៅរដ្ឋ Florida បានជួបជុំគ្នាធ្វើបាតុកម្មបង្ហាញពីសាមគ្គីភាពទៅកាន់ប្រជាជនគុយបា នៅប្រទេសគុយបា។ អភិបាលក្រុង Miami នៃរដ្ឋ Florida លោក Francis X. Suarezថែមទាំងទាមទារឱ្យមានបញ្ចប់របបកុម្មុយនិស្តនៅគុយបា ហើយអំពាវនាវឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកការពារប្រជាជនគុយបាពីរបបនេះទៀតផង។
នៅថ្ងៃចន្ទ លោក Diaz-Canel បានចេញនិយាយម្ដងទៀតថា បញ្ហាសេដ្ឋកិច្ចទាំងអស់នៅប្រទេសគុយបាគឺបណ្ដាលមកពី គោលនយោបាយ «បិទខ្ទប់ដង្ហើមសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិកទៅលើគុយបា។
ប្រទេសគុយបាជាប្រទេសមួយ ដែលប្រជាជនភាគច្រើនពឹងពាក់លើវិស័យទេសចរណ៍។ នៅពេលជំងឺរាតត្បាតសកលកូវីដ១៩ បានមកដល់ កំណើនសេដ្ឋកិច្ចគុយបាធ្លាក់ចុះដល់ ១១% ដែលជាអត្រាមួយដ៏អាក្រក់បំផុតនៅក្នុងប្រទេសនេះ។ ចាប់តាំងពីមានកូវីដ១៩ ចំណូលបានពីវិស័យទេសចរណ៍ត្រូវបានបាត់បង់ស្ទើរទាំងស្រុង។
បញ្ហានេះគឺកាន់តែស្មុគស្មាញ ដោយសារប្រព័ន្ធសេដ្ឋកិច្ចប្រទេសនេះជាសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋជាអ្នកគ្រប់គ្រងស្ទើរតែទាំងស្រុង ខណៈសហរដ្ឋអាមេរិកដាក់រឹតត្បិតពាណិជ្ជកម្មអស់ជាង ៦០ឆ្នាំ ចាប់តាំងពីរបបកុម្មុយនិស្តចូលកាន់អំណាចនៅគុយបា។
ផលិតផលចាំបាច់នានាក៏លក់ដោយផ្សាររបស់រដ្ឋ ដែលធ្វើឱ្យមានការតម្រង់ជួរយ៉ាងវែង ខណៈរូបិយប័ណ្ណក្នុងស្រុកមានតម្លៃថោក និងមិនស្ថិតស្ថេរនោះទេ។ ជាហេតុនេះហើយ ធ្វើឱ្យមានកំណើនទីផ្សារងងឹតផ្សេងៗ។ ក្នុងសភាពបែបនេះហើយ ប្រជាជននៅគុយបាមួយចំនួនមិនអាចទទួលបាននូវម្ហូបអាហារ ឬ ថ្នាំសង្កូវបានងាយស្រួលនោះទេ។
ក្រៅពីរឿងសេដ្ឋកិច្ច ស្ថានភាពជំងឺកូវីដ១៩នៅគុយបាក៏មិនសូវល្អប៉ុន្មានដែរ ដោយប៉ុន្មានថ្ងៃចុងក្រោយនេះ គុយបារកឃើញករណីថ្មីរាប់ពាន់ករណីជារៀងរាល់ថ្ងៃ៕
ប្រភព៖ Aljazeera