ក្រសួងបរិស្ថានចុះកិច្ចព្រមព្រៀងគម្រោងអភិរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការតំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានអញ្ជើញចូលរួមជាអធិបតី និងជាហត្ថលេខីក្នុងនាមក្រសួងបរិស្ថាននៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោង «អភិរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល» ជាមួយអង្គការអភិរក្សអន្តរជាតិ (CI) នាព្រឹក ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ២០២០ នាទីស្តីការក្រសួងបរិស្ថាន។ លោកស្រី ស្រាប៉ានី រ៉យ នាយកអង្គការCIប្រចាំតំបន់ទន្លេមេគង្គ បានលើកឡើងថា គម្រោងអភិរក្សឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល នឹងចូលរួមកាន់តែប្រសើរថែមទៀតក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិនៅទីនោះកាន់តែប្រសើរថែមទៀត។

ក្នុងឱកាសនោះ ឯកឧត្តម សៅ សុភាព បានឱ្យដឹងថា កិច្ចព្រមព្រៀងគម្រោង «អភិរក្សឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល» ជាមួយអង្គការអភិរក្សអន្តរជាតិ (CI) នឹង ធ្វើឱ្យ ធនធានព្រៃឈើប្រមាណ ៤០០០០០ ហិចតានៅក្នុងតំបន់ការពារធម្មជាតិ នឹងត្រូវបានការពារយ៉ាងល្អប្រសើរ ហើយកិច្ចខិតខំប្រឹងប្រែងនេះគឺជាការចូលរួមចំណែកដ៏តូចមួយជួយបំពេញបន្ថែមដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា។ ឯកឧត្តមបាន លើកទឹកដល់ថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ទាំងអស់នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងអង្គការCI ត្រូវខិតខំសហការគ្នាធ្វើការងារឱ្យបានលទ្ធផលល្អប្រសើរ ក្នុងក្របខណ្ឌនៃគម្រោងខាងលើនេះ។

សូមបញ្ជាក់ថាកិច្ចព្រមព្រៀងអនុវត្តគម្រោងដែលត្រូវចុះហត្ថលេខានៅពេលបន្តិចទៀតនេះ គឺបន្តផ្តោតលើសកម្មភាពសំខាន់ៗចំនួន៣៖
១. ពង្រឹងនិងគាំទ្រដល់ការអនុវត្តច្បាប់ (ច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឯកសារផ្លូវច្បាប់ពាក់ព័ន្ធផ្សេងៗ)
២. ជំរុញឱ្យមានការចូលរួមរបស់សហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ (បង្កើនជីវភាពសហគមន៍ដែលរស់នៅក្នុងតំបន់ការពារ តាមរយៈការបង្កើតឱ្យមានទេសចរណ៍ធម្មជាតិ ផលិតកម្ម
កសិកម្ម ការចិញ្ចឹមសត្វ ការប្រមូលអនុផលព្រៃឈើ សិប្បកម្ម ការគាំទ្រទៅលើការរកទីផ្សារ និងការបណ្តុះបណ្តាល)
៣. ស្រាវជ្រាវ និងតាមដានត្រួតពិនិត្យលើជីវៈចម្រុះ (តាមរយៈការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិការងារបណ្តុះបណ្តាលមន្រ្តីឧទ្យានុរក្ស និងអ្នកស្រាវជ្រាវ និងការសិក្សាពាក់ព័ន្ធផ្សេងៗទៀត)។

តាំងពីឆ្នាំ២០០១ រហូតមក ដល់បច្ចុប្បន្ននេះ អង្គការអភិរក្សអន្តរជាតិ (CI) បាននិងកំពុងសហការការងារជាមួយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសជាមួយក្រសួងបរិស្ថាន ទាំងផ្នែកបច្ចេកទេស និងថវិកាសម្រាប់ការងារគ្រប់គ្រងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែលមានទំហំ៤០១៣១៣ហិកតា និងដែលជាតំបន់ឧទ្យានជាតិដ៏ធំមួយនៅអាស៊ី៕







