គណៈបញ្ជាការឯកភាពខណ្ឌចំការមនប្រជុំដាក់ផែនការការពារសន្តិសុខ និងបង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន បានជំរុញអោយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បង្កើនការយកចិត្តទុកដាក់ទ្វេដង ក្នុងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ក្រោយកាបង្ក្រាបមុខសញ្ញាចោរប្លន់បានជាបន្តបន្ទាប់ ក្នុងមូលដ្ឋាន ។ ការជំរុញបែបនេះ របស់លោក ថេង សុថុល ធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌចំការមន អធិការនគរបាលខណ្ឌចំការមន បញ្ជាការកងរាជអាវុធហត្ថខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ លោកចៅសង្កាត់ទាំង០៥ និងនាយប៉ុស្តិ៍នគរបាលសង្កាត់ទាំង០៥ ។

ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌបានស្នើអោយចៅសង្កាត់ នាយប៉ុស្តិ៍ សហការគ្នាដើម្បីរួមគ្នាអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ជាពិសេសរួមគ្នាលប់បំបាត់ល្បែងស៉ីសងគ្រប់ប្រភេទ លប់បំបាត់មិនអោយមានការចែកចាយប្រើប្រាស់ និងផលិតថ្នាំញៀន គោរពច្បាប់ចរាចរទាំងអស់គ្នា ពិសេសខិតខំបង្ក្រាបបទល្មើសក្នុងមូលដ្ឋានបន្តទៀត ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានប្រាប់ចៅសង្កាត់ នាយប៉ុស្តិ៍ ណែនាំដល់ប្រជាពលរដ្ឋថា បើមានការសង្ស័យពីមុខសញ្ញាមិនប្រក្រតីត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីស្រាវជ្រាវស៉ើបអង្កេតទៅលើមុខសញ្ញាទាំងនោះ រាល់ការផ្តល់ពត៍មានពីមុខសញ្ញាផ្សេងៗ សមត្ថកិច្ចនិងរក្សាការសម្ងាត់ជូនបងប្អូន ។ ការអនុវត្តគោល នយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាពទៅបានលុះត្រាតែមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន វាមិនមែនជាការងារដាច់ដោយឡែករបស់អាជ្ញាធរនិងសមត្ថកិច្ចប៉ុណ្ណោះទេ គឺជាការងាររួម ។

លោកអភិបាលខណ្ឌបានណែនាំអោយអាជ្ញាធរភូមិសង្កាត់ត្រូវសហការគ្នាជាមួយកម្លាំងនគរបាលប៉ុស្តិ៍ក្នុងការបំពេញភារៈកិច្ចផ្តល់សេវាសាធារណៈអោយបានឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាហើយមានប្រសិទ្ធភាព ។ មួយផ្នែកទៀតត្រូវរៀបចំយន្តការក្រុមបដិសណ្ឋារកិច្ច នៅតាមសង្កាត់អោយបានគត់មុតច្បាស់លាស់ ជាពិសេសត្រូវពិនិត្យមើលបញ្ហាអសកម្មនៅក្នុងមូលដ្ឋាន ទាំងការងារសណ្តាប់ធ្នាប់ បទល្មើសផ្សេងៗ ពិសេសល្បែងស៉ីសងនៅក្នុងមូលដ្ឋានត្រូវចាត់វិធានការចុះបង្ក្រាបអោយអស់ ។

លោកបន្តថា កន្លងមកក្នុងនាមអាជ្ញាធរខណ្ឌ ក្រោយទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋតែងតែចុះជួយដោះស្រាយដោយផ្ទាល់ មិនដែលប្រកែកឡើយ តែមានពេលខ្លះក៏ឆកល្វែងម្តងម្តាលដោយសារ មានការងារជាច្រើន ដែលត្រូវដោះស្រាយ តែទោះជាយ៉ាងណាសន្យា និងជួយសំរួលរាល់សំណើរ និងសំណូមពរ របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌចំការមន ក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាជនបើសិនជាឃើញនៅកន្លែងណាឬនៅភូមិ សង្កាត់ណាមានគេបើកលេងល្បែងស៊ីសងនោះជួយរាយការណ៍មកអាជ្ញាធរខណ្ឌចំការមនដើម្បីចុះបង្រ្កាប៕ធ.ដ
ដោយ ប៊ុនធី
