គណៈកម្មការចម្រុះខេត្ត ចុះធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលអាស្រ័យផលចាប់ពីផ្លូវស៊ីវត្ថា ឆ្ពោះទៅផ្លូវវាងក្រុង សូមមេត្តារុះរើចេញ ជៀសវាង ដល់ក្រុមការងារចម្រុះ ធ្វើការរុះរើសំណង់របស់បងប្អូន នាំឲ្យមានការខាតបង់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ក្រោមការណែនាំរបស់ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារគណៈកម្មការចម្រុះខេត្ត ដឹកនាំដោយលោក អ៊ឹង សុភ័ណ្ឌ នាយកទីចាត់ការអន្តរវិស័យ នៃសាលាខេត្ត ដោយមានការចូលរួមពីមន្ត្រីនៃមន្ទីរជំនាញ អាជ្ញាធរក្រុង សង្កាត់ បានចុះធ្វើការណែនាំបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានប្រកបអាជីវកម្មអាស្រ័យតាមដងផ្លូវ   ដែលបានចេញពីផ្លូវស៊ីវត្ថា ឆ្ពោះទៅផ្លូវវាងក្រុង ដែលប្រជាពលរដ្ឋនិយមហៅ ( ផ្លូវសុខសាន្ត ) មានប្រវែង១ពាន់៦០០ម៉ែត្រ ជាគម្រោងផ្លូវដែលខេត្តត្រូវការពង្រីក ទៅតាមគម្រោងប្លង់គោលរបស់ខេត្ត ការសម្រួលកុំឲ្យកកស្ទះចរាចរណ៍ក្នុងក្រុងប្រវត្តិសាស្ត្រមួយនេះ ។

លោក អ៊ឹង សុភ័ណ្ឌ បានឲ្យដឹងថា ផ្លូវមួយខ្សែដែលត្រូវធ្វើការពង្រីកនេះ សាលាខេត្ត ក៏ដូច សាលាក្រុងសៀមរាប បានធ្វើសេចក្តីជូនដំណឹងរបស់បងប្អូនចំនួនពីរលើកមកហើយ ព្រមទាំងបានផុតឱសានុវាទជាលើកទី២ផងដែរ ។ ម៉្យាងទៀតដើមី្បជាការពន្លឿន ក្នុងការបញ្ចុះគ្រឿងចក្រ ក្នុងការបើកការដ្ឋានផ្លូវនេះឲ្យបានមុនរដូវវស្សាចូលមកដល់ ក្នុងការជៀសវាងនូវរាល់ផលប៉ះពាល់ដល់បងប្អូនប្រកបអាជីវកម្មទៀតផង ។ លោកបានបន្តទៀតថា សំណង់ស្រាលមួយកន្លែងនៅផ្លូវកេសកូល ក៏បានយល់ព្រមរុះរើដោយស្ម័គ្រចិត្ត ដើម្បីត្រៀមការសាងសង់ពង្រីកផ្លូវរបស់គម្រោងរដ្ឋបាលខេត្ត ហើយផ្លូវសុខសាន្ត ត្រូវបានរដ្ឋបាលខេត្តលើកគម្រោងថវិកាខេត្តឆ្នាំ២០១៩ ដើម្បីអ៊ុតកៅស៊ូបេទីម AC ពីផ្លូវស៊ីវត្ថាដល់ផ្លូវក្រវ៉ាត់ក្រុង(ក្រោលសេះ) ប្រវែង ១ពាន់៦០០ម៉ែត្រ និង ការដាក់លូសងខាងផ្លូវផងដែរ ។

លោក អ៊ឹង សុភ័ណ្ឌ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័ត្រចិត្តក្នុងការរុះរើសំណង់របស់ខ្លួន ដែលបានប៉ះពាល់ដល់ការពង្រីកផ្លូវ ក្នុងគោលបំណងផលប្រយោជន៍យើងទាំងអស់គ្នា និងដើមី្បធ្វើឲ្យសោភណ្ឌភាពក្រុងប្រវត្តិសាស្ត្រសៀមរាប កាន់តែមានភាពស្រស់បំព្រោង ក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិទៀតផង ។ តាមការបញ្ជាក់របស់ លោក អ៊ឹង សុភ័ណ្ឌ  បានជម្រាបជូនបងប្អូនបន្ថែមថា រាល់ការកំណត់ផ្លូវរបស់គណៈកម្មការបានកំណត់ហើយនោះ គឺមិនមានការកែប្រែឡើយ ដូច្នេះសូមឲ្យបងប្អូនធ្វើការរុះរើជាបន្ទាន់ ក្នុងការជៀសវាង ដល់ក្រុមការងារចម្រុះមកធ្វើការរុះរើសំណង់របស់បងប្អូន នាំឲ្យមានការខាតបង់នោះ ។ 

តាមការបញ្ជាក់របស់លោក រស់ សុវណ្ណ នាយកអង្គភាពលទ្ធកម្មនៃសាលាខេត្ត បានឲ្យដឹងថា ការរៀបចំប្រព័ន្ធ លូអមសង្ខាងផ្លូវនេះ មិនបានដាក់លូមូលឡើយ គឺដាក់លូជ្រុង ដែលងាយស្រួលរំដោះចរន្តទឹកហូរបានទាន់ពេលវេលា ហើយចំពោះប្រព័ន្ធលូចាស់ គឺត្រូវធ្វើការជីកកកាយយកចេញ មិនប្រើប្រាស់ទៀតឡើយ ដោយប្រព័ន្ធលូមួយចំនួន មាន ភាពចាស់ទ្រុឌទ្រោមទៀតផង ។ 

បច្ចុប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាននឹងកំពុងអនុវត្តពីម្ដុំផ្លូវបំបែកក្រោលសេះ ដោយកំពុងសម្អាតជួរតម្រង់ផ្លូវ និងដាក់លូជាមុន ទើបចាប់ផ្ដើមជួសជុលស្រទាប់គ្រឹះ ដែលកំពុងអនុវត្ត ។  ដូចនេះសូមបងប្អូនសាធារណជននៅតាមដងផ្លូវ សូមចូលរួមជាមួយអាជ្ញាធរ ធ្វើការរុះរើសំណង់របស់ខ្លួនដែលប៉ះពាល់ទៅលើដីចំណីផ្លូវ៕ធ.ដ

ដោយ៖​ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner