លោកជំទាវម៉ែន សំអន៖ រាជរដ្ឋាភិបាលលើកស្ទួយសិទ្ធិស្ដ្រីគឺជាត្បូងពេជ្រដែលមានតម្លៃបំផុតខ្វះមិនបាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ  ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចនិងជាប្រធានសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ទូទាំងប្រទេសបានអពើាញ ជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលអបអរសាទរទិវាអន្តរជាតិនារី៨មិនា  ខួបលើកទី១០៩  ក្រោមប្រធានបទ «មានសន្តិភាពមានការលើកកំពស់សមភាពយេនឌ័រ»ជាមួយសាខាសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ក្រសួងផែនការនាល្ងាច ថ្ងៃទី២៨
 ខែកុម្ភៈ ឆ្នាំ២០២០នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានលើកកំពស់សិទ្ធិស្ដ្រីគឺជាត្បូងពេជ្រដ៍មានតម្លៃបំផុត ជានារីរតនៈដែលប្រទេសនីមួយៗ ក្នុងសកលលោកមិនអាចខ្វះបានឡើយ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអនបានថ្លែងបន្តថា រាជរដ្ឋាភិបាល ក៏បានបន្តជម្រុញការអនុវត្តក្របខណ្ឌគោលនយោបាយ ជាតិគាំពារសង្គម តាមរយៈ ការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ សន្តិសុខសង្គមឲ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង និង អាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរិមា ។

ខិតខំរក្សាសន្តិសុខ ការងារ របស់កម្មករ និយោជិត ពង្រឹងគោលនយោបាយជួយប្រជាកសិករ ដើម្បីរក្សា ស្ថិរភាពថ្លៃទំនិញចាំបាច់នានា សម្រាប់ជីវភាពប្រចាំថ្ងៃ ការបន្តពង្រីកវិសាលភាព គ្របដណ្តប់ នៃបណ្តាញអគ្គីសនីជនបទ និងការសិក្សាលទ្ធភាពបន្ត កាត់បន្ថយថ្លៃ អគ្គីសនី ថ្លៃទឹកស្អាតសម្រាប់ជីវភាពប្រជាជនទូទៅ ព្រមទាំងការពិចារណា ដាក់ ចេញ នូវគោលនយោបាយផ្សេងៗទៀត សំដៅកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីប្រែក្លាយ កម្ពុជា ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជា ប្រទេស មាន ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

កាលពីថ្មីៗនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារ អរគុណសន្តិភាព ក្នុងថ្ងៃនៃទិវាក្តីស្រឡាញ់ រួចបានបន្តដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីទទួលស្វាគមន៍ និងផ្តល់ក្តីស្រឡាញ់អស់ពីបេះដូងជូនដល់បងប្អូនចម្រុះជាតិសាសន៍ជាង ២ពាន់នាក់ នៅលើនាវាទេសចរណ៍វេសធឺដាម របស់សហរដ្ឋអាមេរិក ខណៈដែលប្រទេស និងកោះចំនួន ៦ មិនបានស្វាគមន៍ឲ្យចុះចត តែពេលនេះបានចុះចតព្រះរាជាណាចក្រកម្ពុជា ដោយទទួលបាននូវការស្វាគមន៍ ដោយក្តីរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅបំផុតពីសម្តេចតេជោ ។

លោក ជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានធ្វើឱ្យស្រ្ដីជាច្រើនទទួលរងទុក្ខផ្នែកផ្លូវចិត្ត និងបាត់បង់តម្លៃរបស់ខ្លួន ។ លើសពីនេះ ស្រ្ដីខ្លះនៅតែជួបប្រទះ ការប្រើអំពើហិង្សា និងការរំលោភពីសំណាក់បុរសមួយចំនួនផង ។ បុរសខ្លះយល់ថាការងារដែលស្រ្ដីជាភរិយារបស់ខ្លួនធ្វើនៅផ្ទះជាការងារកំប៉ិកកំប៉ុក មិនមានតម្លៃស្មើនឹងអ្វីដែលខ្លួនរកបាននៅខាងក្រៅផ្ទះឡើយ។

កន្លងមកថ្មីៗនេះ ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិ កម្ពុជាដើម្បីស្រ្តី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបង្កើត ក្រុមមេធាវីស្ម័គ្រចិត្ត សម្ដេចតេជោសែន ដើម្បីបំពេញបន្ថែមការងារផ្លូវច្បាប់ ក្នុងគោលបំណងជួយស្រ្ដី និងក្មេងស្រីក្រីក្រ ដែលរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឱ្យទទួលបាននូវយុត្តិធម៌បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធិភាព ។

ដូចច្នេះជារួមការអនុវត្តយុទ្ធសាស្រ្ដ និងគោលនយោបាយ ឈ្នះឈ្នះរបស់រាជរដ្ឋា ភិ បាលពិតជាបានជំរុញឱ្យស្ថានភាព ជីវភាព ឋានៈ និង  តួនាទីរបស់ស្រ្ដីមានភាពកាន់តែប្រសើរឡើងពីមួយ ថ្ងៃទៅមួយថ្ងៃ ពិសេសស្ត្រីមានតួរនាទីយ៉ាងសក្តិសមក្នុងជួររាជរដ្ឋាភិបាលតាំងពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner