បណ្ឌិត សភា នគរបាលកម្ពុជា បើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល និងកម្រិតបឋមវិជ្ជាជីវៈនគរបាលសម្រាប់នគរបាលបន្តវេន និងសិស្សនគរបាលក្របខណ្ឌថ្មី
បណ្ឌិត សភា នគរបាលកម្ពុជា បើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល និងកម្រិតបឋមវិជ្ជាជីវៈនគរបាលសម្រាប់នគរបាលបន្តវេន និងសិស្សនគរបាលក្របខណ្ឌថ្មីដើម្បីបណ្ដុះបណ្ដាលដែលបានកំណត់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលបន្តវេនឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពនគរបាល។

ក្នុងពិធីបើកវគ្គសិក្សាថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាលជំនាន់ទី11 សម្រាប់និស្សិតនាយនគរបាលបន្តវេនជំនាន់ 200នាក់និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី 14 លើកទី 2 សម្រាប់សិស្សនគរបាលក្របខណ្ឌថ្មីចំនួន 200 នាក់ដែលទើបបានប្រឡងជាប់ជាស្ថាពរ នារសៀលថ្ងៃទី 28 ខែកុម្ភៈឆ្នាំ 2020 នៅបណ្ឌិត្យសភានគរបាលកម្ពុជា ឯកឧត្តមឧត្តមនាវីសេនីយ៍សាស្រ្ដាចារ្យ សេង ផល្លីប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា មានប្រសាសន៍ថា វគ្គសិក្សាទាំងពីរនេះត្រូវបានរៀបចំឡើងតាមគោលការណ៍ច្បាប់ជាធរមាន និងផែនការបណ្ដុះបណ្ដាលដែលបានកំណត់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពមន្រ្តីនគរបាលបន្តវេន ឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពនគរបាលស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងប្រដាប់អាវុធរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងផែនការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងមហាផ្ទៃក្រោមកិច្ចដឹកនាំបញ្ជាផ្ទាល់របស់សម្ដេចក្រឡាហោមសខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ឯកឧត្តមបានបញ្ជាក់ថាបរិមាណមន្ត្រីនគរបាលជាតិពីមួយឆ្នាំ ទៅមួយឆ្នាំមានការប្រែប្រួលជានិច្ច អ្នកចាស់ចាកចេញទៅអ្នកថ្មីចូលមក ប្រៀបបាននឹងរលកក្រោយរុញច្រានរលកមុនធ្វើឲ្យចរន្តនៃការផ្លាស់ប្ដូរឥតឈប់ឈរ។

ហេតុនេះហើយទើបរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃជ្រើសរើសមន្ត្រីក្របខ័ណ្ឌថ្មីតាមរយៈការប្រឡងប្រជែងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ដើម្បីបន្តពីកងកម្លាំងនគរបាលជាតិ និងបំពេញបន្ថែមតាមតម្រូវការនៃអង្គភាពប្រើប្រាស់កុងណាស់នគរបាលជាតិទាំងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ឯកឧត្ដម នាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថាវគ្គសិក្សាថ្នាក់បរិញ្ញាបត្រដែលសិក្សារយៈពេល 4ឆ្នាំ ជាវគ្គមានលក្ខណៈពិសេស និងមានសារៈសំខាន់ជាងគេក្នុងចំណោមវគ្គសិក្សានានា ពីព្រោះវគ្គនេះបានតម្រង់ទិសការបណ្ដុះបណ្ដាលនិស្សិតឲ្យក្លាយទៅជានាយនគរបាលបន្តវេនប្រកបដោយវិជ្ជាជីវៈ ពេញលេញក្រោយពេលបញ្ចប់ការភ្នាល់កណ្ដាល។

ចំណែកឯវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលគឺជាវគ្គកាតព្វកិច្ចសម្រាប់មន្ត្រីនគរបាលក្របខណ្ឌថ្មី ដែលបានប្រឡងជាប់ជាស្ថាពរទាំងអស់ ត្រូវតែឆ្លងកាត់វគ្គនេះជាដាច់ខាត មុនតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។ឯកឧត្តមបន្ថែមថាការបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលគឺផ្ដោតសំខាន់លើគុណភាព ពោលគឺអ្នកសិក្សាត្រូវរៀនឲ្យចេះមិនមែនរៀនឲ្យចប់នោះទេ ហើយគុណភាពមិនអាចសម្របសម្រួលបានឡើយ។

ជាមួយគ្នានេះ ឯកឧត្តម ប្រធានបានណែនាំដល់សិស្សនិស្សិត និងសិស្សនគរបាលគ្រប់រូប ត្រូវមានអាកប្បកិរិយាល្អត្រូវខិតខំយកចិត្តទុកដាក់សិក្សា រៀនសូត្រ គោរពវិន័យក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយធ្វើស្វ័យសិក្សាទាំងទ្រឹស្ដីនិងការអនុវត្តជាក់ស្តែងព្រមទាំងចូលរួមលើកកម្ពស់វប្បធម៌គុណភាព កិត្យានុភាព និងតម្លាភាពបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទទួលបានការជឿទុកចិត្តពីគ្រប់ភាគីពាក់ព័ន្ធ៕ធ.ដ

