ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការជូនដល់ពលរដ្ឋនៅខេត្តសៀមរាប

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ ពិធីសម្ពោធ «ឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀស» របស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ដែលបានដំឡើងនៅសួនច្បារទល់មុខរង្វង់មូលព្រះអង្គចេកព្រះអង្គចមខេត្តសៀមរាប  បានប្រព្រឹត្តទៅយ៉ាងរលូន នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប និងលោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ។ 

ថ្លែងនាឱកាសនោះ ឯកឧត្តម នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា ការហាត់ប្រាណផ្តល់គុណប្រយោជន៍៥ចំនុចសំខាន់ៗដូចជា  កាត់បន្ថយឱកាសប្រឈមមុខនឹងជំងឺបេះដូងសួត  ជួយសម្រួលសម្ពាធឈាមដំណើរការបានល្អ  ធ្វើឲ្យគេងលក់ស្រួល  ខួរក្បាលវាងវៃ  និងមានអាយុវែង ។  ឯកឧត្តមបន្តថា វត្តមាននៃឧបករណ៍ហាត់ប្រាណដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុនកូកា-កូឡាកម្ពុជានេះ  គឺជាសាក្ខីភាពនៃការចូលរួមចំណែកលើកកម្ពស់សុខុមាលភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ  ដែលនិយមហាត់ប្រាណដើម្បីថែរក្សាសុខភាពប្រចាំថ្ងៃ ។

លោក រស់ សោភា នាយកផ្នែកច្បាប់ និងទំនាក់ទំនងកិច្ចការសាធារណៈប្រចាំប្រទេសរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានបញ្ជាក់ថា ការនាំយកឧបករណ៍ហាត់ប្រាណអាឃ្វ័ររៀសជូនដល់សាធារណជននាថ្ងៃនេះ គឺជាសកម្មភាពចម្បងមួយនៃគម្រោងជាសាកលរបស់ក្រុមហ៊ុនកូកា-កូឡា ក្រោមឈ្មោះថា «សុខុមាលភាពល្អ»  ក៏ដូចជាដើម្បីសម្តែងនូវឆន្ទៈគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា  តាមរយៈជំរុញប្រជាសហគមមូលដ្ឋានធ្វើលំហាត់ប្រាណ  ដើម្បីថែទាំសុខភាពប្រចាំថ្ងៃ  និងបញ្ជៀសឱកាសសេពគ្រឿងញៀន ។

ឆ្លៀតក្នុងពិធីនេះ  លោក រស់ សោភា ក៏បានណែនាំពីគុណតម្លៃរបស់ភេសជ្ជៈកីឡាគឺ «អាឃ្វ័ររៀស» ដែលជាពាណិជ្ជសញ្ញាមួយក្នុងចំណោមពាណិជ្ជសញ្ញាល្បីៗចំនួន ២០ របស់ក្រុមហ៊ុនកូកា-កូឡា លោកថា អាឃ្វ័ររៀសបានជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសជប៉ុន  ដែលជាប្រភេទភេសជ្ជៈបំពេញជាតិទឹកបានយ៉ាងឆាប់រហ័សដល់រាងកាយ សាកសមបំផុតសម្រាប់អ្នកកីឡាគ្រប់រូប ។

លោកបន្ថែមទៀតថា អាឃ្វ័ររៀស ត្រូវបានណែនាំមកទីផ្សារកម្ពុជាលើកដំបូងនៅក្នុងឆ្នាំ 2014 ដោយក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) ហើយភេសជ្ជៈនេះទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់អតិថិជននិយមលេងកីឡា       ដែលពួកគាត់ត្រូវការភេសជ្ជៈដែលបំពេញជាតិទឹកត្រឡប់មករាងកាយវិញ  ពោលគឺសម្រាប់ប្រជាជនក្នុងតំបន់អាកាសធាតុត្រូពិក ដូចកម្ពុជាយើងនេះ ។ នៅប្រទេសកម្ពុជា អាឃ្វ័ររៀសគឺជាពាណិជ្ជសញ្ញាដ៏មានប្រជាប្រិយភាព និងលេចធ្លោបំផុត ក្នុងចំណោមប្រភេទភេសជ្ជៈដែលមានការប្រកួតប្រជែងខ្ពស់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner