ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែរ រ៉ាលីរ៉េត ២០២០ ឆ្លងកាត់ខេត្តចំនួន៣ ដើម្បីផ្សព្វផ្សាយតំបន់ធនធានធម្មជាតិ និងប្រាង្គប្រាសាទបូរាណដ៏អស្ចារ្យរបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែរ រ៉ាលីរ៉េត ២០២០ ដែលគ្រោងចាប់ផ្តើមនាថ្ងៃ១៤ដល់១៧ ខែឧសភា នឹងឆ្លងកាត់ខេត្តចំនួន៣ ដើម្បីផ្សព្វផ្សាយតំបន់ធនធានធម្មជាតិ និងប្រាង្គប្រាសាទបូរាណដ៏អស្ចារ្យរបស់កម្ពុជា ។
  លោក ពៅ តិចឡេង អ្នកចាត់ការទូទៅរៀបចំព្រឹត្តការណ៍កីឡាយានយន្តប្រចាំកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍ប្រណាំងយានយន្តខ្មែរ រ៉ាលីរ៉េតនេះ គឺជាព្រឹត្តការណ៍ធំនៅកម្ពុជា ធ្វើឡើងដើម្បីអភិវឌ្ឍកីឡាយានយន្តអោយកាន់តែរីកចំរើនបន្ថែមទៀត ជាពិសេសផ្តល់ឪកាស អោយអ្នកចូលចិត្តកីឡាយានយន្តប្រណាំង កំសាន្តសប្បាយជាមួយនឹងធនធានធម្មជាតិដ៏សំបូរបែប ព្រមជាមួយប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់កម្ពុជា លើទឹកដីអច្ឆរិយៈអង្គរ ខេត្តសៀមរាប ប្រកបដោយភាពរស់រាយរាក់ទាក់ និងភាពកក់ក្តៅ The Kingdom Of Wonder , Feels The Warmth ។

អ្នកចាត់ការ ទូទៅរូបនេះ បន្តថា ព្រឹត្តការណ៍នេះ គឺបង្ហាញនូវការរីកចម្រើនថ្មី នៃវិស័យទេសចរណ៍ សហគមន៍ និងអេកូទេសចរណ៍ រួមជាមួយការយល់ដឹងរបស់ប្រជាពលរដ្ឋ បរិស្ថាន និងការអភិវឌ្ឍទេសចរណ៍បៃតង ដើម្បីទាក់ទាញការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិ ដោយសារកត្តាជាច្រើនដែលបាន និងកំពុងកើតឡើងនៅទូទាំងពិភពលោក ។

គួររំលឹកថា ឆ្លើយតបនឹងសភាពការណ៍ នៃការវិវត្តចុងក្រោយនេះ បញ្ហាប្រឈមទាំងការថមថយនៃចំនួនទេសចរអន្តរជាតិមកកាន់សៀមរាប ក៏ដូចជាការប្រឈមនឹងការថយចុះ នៃចំនួនទេសចរអន្តរជាតិមកកាន់ប្រទេសកម្ពុជា ជារួមសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី២៤ ខែកុម្ភៈ បានដាក់ចេញនូវវិធានការគាំទ្រវិស័យទេសចរណ៍ ដែលគាំទ្រ និងប្តេជ្ញាសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនអនុវត្តវិធានការសំខាន់ៗជាច្រើន ដូចជា ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗ នៅក្នុងខេត្តជាគោលដៅ ជាពិសេសព្រឹត្តការណ៍ កីឡា សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។

ចំពោះលក្ខណ្ឌចូលរួមប្រកួត កីឡាករត្រូវមាន មួកសុវត្ថិភាព ឈុតប្រណាំង  ស្រោមដៃ   ស្បែកជើង  ឧបករណ៏ការពារជង្គង់ កែងដៃការពារ ខ្សែក្រវ៉ាត់សុវត្ថិភាព  ត្រើយសន្តោង សំភារៈសង្រ្គោះបឋម ដែលមានគុណភាពល្អ (ពាក់គ្រប់ពេលប្រណាំង ) រីឯផ្នែកម៉ូតូ ១ក្រុម ចុះឈ្មោះប្រណាំងបាន២នាក់ ។ សូមបញ្ជាក់ថា ព្រឹត្តការណ៍ប្រណាំងយានយន្ត ខ្មែររ៉ាលីរ៉េត ២០២០ ធ្វើការប្រណាំងឆ្លងកាត់ខេត្តចំនួន៣ គឺចេញភ្នំពេញ ពោធិសាតិ់ បាត់ដំបង និងខេត្តសៀមរាប លើចំងាយផ្លូវសរុបជាង ៣៥០គីឡូម៉ែត្រ ដោយឆ្លងកាត់ឧបសគ្គ ព្រៃព្រឹក្សា ជំរាលភ្នំ ដីភក់ល្បាប់ ជ្រលងដងអូរជាដើម៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner