រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋាន យកទៅអនុវត្តន៍បន្ត បន្ទាប់ពីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម
ភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានកសិកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានកសិកម្មក៏ដូចជា មន្រ្តីរាជការ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រាជធានី-ខេត្តទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីយកចិត្តទុកដាក់ ក្នុងការអនុវត្តសកម្មភាពការងាររបស់ខ្លួន ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ដែលទទួលបានលទ្ធផលជាវិជ្ជមាន ពិតមែនតែនៅជួបប្រទះបញ្ហាប្រឈមដោយគ្រោះធម្មជាតិធ្ងន់ធ្ងរយ៉ាងណាក៏ដោយ ។

តាមការវាយតម្លៃរបស់អង្គភាពជំនាញបានបង្ហាញឱ្យឃើញថា ក្នុងឆ្នាំ២០១៩ វិស័យកសិកម្មសម្រេចទទួលបានអត្រាកំណើន ផ.ស.ស. ពិតនៃវិស័យកសិកម្ម ចំនួន ៤% ។ អនុវិស័យដំណាំកសិកម្មសម្រេចបានក្នុងរង្វង់១៣,៧%ប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ តែការនាំចេញមានទំហំកើនឡើង។ បើទោះបីកំណើនផលិតកម្មដំណាំខ្លះមានការធ្លាក់ចុះបន្តិច តែដំណាំកសិកម្មយុទ្ធសាស្រ្តមួយចំនួន ក៏ដូចជាការនាំចេញគឺនៅរក្សាកំណើនខ្ពស់ដូចជាដំណាំដំឡូងមី បន្លែ ដំណាំចេកអំបូងលឿង ស្វាយកែវរមៀត និងគ្រាប់ស្វាយចន្ទីជាដើម។

ជាមួយនេះ ក្រសួងក៏រក្សាបាននូវមោទនភាពនៃគុណភាពអង្ករកម្ពុជា ដែលនៅតែមានឧត្តមភាពប្រកួតប្រកួតប្រជែង និងទទួលបាននូវការលើកតម្កើងកេរិ៍តឈ្មោះនៅលើឆាកអន្តរជាតិ ក្នុងរយៈពេលបួនឆ្នាំជាប់ៗគ្នា ជាពិសេស អង្ករក្រអូបប្រណីត ពូជស្រូវផ្ការំដួលរបស់កម្ពុជា ត្រូវបានទទួលស្គាល់ថា មានគុណភាពល្អ និងមានរសជាតិឆ្ងាញ់នៅលើសាកលលោក។ ជាងនេះទៅទៀត យើងបានចរចាបើកទីផ្សារ និងពង្រីកទំហំនៃការនាំចេញផលិតផលដំណាំសំខាន់ៗ ដែលកំពុងដំណើរការចរចាពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ និងផ្លែមៀនប៉ៃលិន ទៅកាន់ទីផ្សារប្រទេសចិន ការចុះបញ្ជីសហគ្រាស និងការបញ្ចប់ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យក្នុងការនាំចេញផ្លែស្វាយស្រស់ទៅកាន់សាធារណរដ្ឋកូរ៉េ និងផ្លែមៀនប៉ៃលិនសម្រាប់ទីផ្សារប្រទេសថៃ ផងដែរ។

ទន្ទឹមនឹងទទួលបានលទ្ធផលខាងលើនេះ ក្នុងគោលដៅបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្មឱ្យមានលក្ខណៈទំនើបតាមអភិក្រម និងក្នុងវិសាលភាព និងល្បឿនថ្មី មានឧត្តមភាពប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ ប្រកបដោយនិរន្តរភាព និងនវានុវត្តនោះ ឯកឧត្តមបានក្រើនរំឭកបន្ថែមទៀតនូវអនុសាសន៍មួយចំនួន សម្រាប់ជាមូលដ្ឋានយកទៅអនុវត្តបន្តផងដែររួមមាន៖

-ត្រូវបន្តរៀបចំ និងពង្រឹងការអនុវត្តប្រកបដោយមនសិការវិជ្ជាជីវៈនូវក្របខ័ណ្ឌយុទ្ធសាស្ត្រ គោលនយោបាយនិងលិខិតបទដ្ឋានគតិយុត្ត ដែលបម្រើឱ្យការងារគ្រប់គ្រងផលិតកម្មដំណាំ ការត្រួតពិនិត្យគុណភាពពូជដំណាំ និងធាតុចូលកសិកម្ម ការគ្រប់គ្រង និងប្រើប្រាស់ដីកសិកម្ម ការអនុវត្តកសិកម្មល្អ និងស្តង់ដារកសិកម្មសរីរាង្គជាដើម។
-ត្រូវបន្តជំរុញការសិក្សាស្រាវជ្រាវបច្ចេកទេសផលិតកម្មដំណាំ បន្សុទ្ធនិងពង្រីកពូជដំណាំដែលមានគុណភាពល្អ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ មានតម្លៃបន្ថែមខ្ពស់។

-បន្តការបណ្តុះបណ្តាល និងផ្ទេរបច្ចេកវិទ្យាកសិកម្មទំនើប ដោយផ្តោតលើស្តង់ដារកសិកម្មសុវត្ថិភាពឱ្យបានទូលំទូលាយ។ ជំរុញការធ្វើពិពិធកម្មដំណាំសាកវប្បកម្ម ដំណាំបន្លែដែលមានតម្រូវការទីផ្សារខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព ដែលអាចជំនួសការនាំចូល និងបម្រើការនាំចេញ តាមរយៈការពង្រីកទីផ្សារប្រមូលផ្តុំ បោះដុំ និងចែកចាយនៅតាមសហគមន៍កសិកម្ម។ ជាពិសេសត្រូវជៀសវាងការប្រើប្រាស់សារធាតុគីមី ក្នុងផលិតកម្មដំណាំកសិកម្ម ដែលនាំឱ្យប៉ះពាល់ដល់សុខុមាលភាពសាធារណៈ តាមស្មារតីនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី៕ធ.ដ


