អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី៖ ការដាក់ពង្រាយមូលដ្ឋានទ័ពអាមេរិកជាអចិន្រ្តៃយ៍នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន (មានវីដេអូ)
រុស្ស៊ី៖ រុស្ស៊ីបានធ្វើការព្រមានធ្ងន់ៗដល់សហរដ្ឋអាមេរិក ដើម្បីសម្តែងការប្រឆាំងចំពោះការដាក់ពង្រាយកងទ័ពរបស់ខ្លួន ទៅកាន់បណ្ដាប្រទេសក្នុងតំបន់អាស៊ីកណ្ដាល ក្រោយការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន ។
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយថា ខ្ញុំសូមបញ្ជាក់ថា ការពង្រាយកងទ័ពអាមេរិកជាអចិន្រ្តៃយ៍ នៅតាមបណ្ដាប្រទេសក្បែរខាងអាហ្វហ្គានីស្ថាន គឺជារឿងមិនអាចទទួលយកបាន… យើងបានប្រាប់សហរដ្ឋអាមេរិកដោយផ្ទាល់ដែរថា ការធ្វើបែបនេះមិនត្រឹមតែផ្លាស់ប្ដូរការយល់ឃើញរបស់រុស្ស៊ី ចំពោះអ្វីដែលកំពុងកើតឡើងប៉ុណ្ណោះទេ តែវាក៏នឹងផ្លាស់ប្ដូរទាំងស្រុវនូវទំនាក់ទំនងរបស់ពួកយើងជាមួយអាមេរិកផងដែរ ។
គួរកត់សម្គាល់ ការព្រមានរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីខាងលើនេះ ត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី នៅថ្ងៃអង្គារសប្ដាហ៍នេះ ស្របពេលដែលសហរដ្ឋអាមេរិកបានដកកងទ័ពចេញពីអាហ្វហ្គានីស្ថានជាង ៩០ ភាគរយហើយ ។ បន្ថែមលើនេះ មេបញ្ជាយោធាអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន លោកឧត្តមសេនីយ៍ អូស្ទីន មីល្លឺ (Austin Miller) ក៏បានចូលរួមពិធីលាគ្នា និងចាកចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះហើយ នៅថ្ងៃចន្ទដើមសប្តាហ៍នេះ ដែលវាជាសញ្ញាបង្ហាញថា ប្រតិបត្តិការយោធាអាមេរិកនៅទីនេះ ជិតឈានដល់ទីបញ្ចប់ហើយ ៕ ប្រភព៖ AP


