ឃាតកម្មប្រធានាធិបតី ធ្វើឱ្យហៃទីធ្លាក់ចូលក្នុងគំហុកនៃវិបត្តិនយោបាយធ្ងន់ធ្ងរ

ព័រអូប្រាំង​៖​​ ​ខណៈ​ពេល​គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​​ថា​នរណា​​នៅ​ពី​ក្រោយ​ការ​ធ្វើ​ឃាតលោក​​ប្រធានា​ធិបតី​ បន្ទុក​ថ្មី​មួយ​ទៀត​បាន​បង្ករ​ជា​រឿង​ឈឺ​ក្បាល​ដល់​ប្រជាជន​ហៃទី​ បន្ថែម​​ភាព​ស្មុគ​ស្មាញ​កាន់​តែ​ខ្លាំង​ឡើង​លើ​សំណុំ​រឿង​ស៊ើប​អង្កេត​ឃាត​កម្ម​ និង​​កម្ដៅ​លើ​បញ្ហា​ប្រទេស​ដែល​គ្មាន​អ្នក​កាន់​ចង្កូត​ច្បាស់​លាស់​  ក្រោយ​អ្នក​នយោបាយ​ដល់​ទៅ​បី​រូប​អះអាង​ថា​ខ្លួន​ជា​អ្នក​ដឹក​នាំ​រដ្ឋាភិបាល​ស្រប​ច្បាប់​។​

​បញ្ហា​​ប្រឈម​កើន​ឡើង​ប្រឆាំង​នឹង​នាយក​រដ្ឋ​មន្រ្តី​បណ្តោះ​អាសន្ន​លោក​ Claude​ Joseph​ ដែល​កំពុង​​គ្រប់​គ្រង​ប្រទេស​ហៃទី​ដោយ​មាន​ការ​គាំទ្រ​ពី​កម្លាំង​ប៉ូលីស​ និង​យោធា​ទាំង​ខ្វះ​ធន​ធាន​។​ លោក​បាន​សន្យា​ថានឹងធ្វើការ​ជាមួយ​ក្រុម​ប្រឆាំង​ និង​សម្ព័ន្ធ​មិត្ត​របស់​លោក​ប្រធានា​ធិបតី​ Jovenel ​Moise​ ដែល​ត្រូវ​បានគេ​ធ្វើ​ឃាត​ក្នុង​ការ​វាយប្រហារ​មួយ​នៅ​គេហដ្ឋាន​របស់​លោក​កាល​ពី​ថ្ងៃ​ពុធ​ សប្ដាហ៍​មុន​។ ​ប៉ុន្តែ​មក​ទល់​ពេល​នេះ ​គេ​មិន​ទាន់​ឃើញ​ជំហាន​ណា​មួយ​ជាក់​លាក់​ ត្រូវ​បាន​បោះ​នៅ​ឡើយ​ទេ​។​

​ក្រុម​ចម្រុះ​នៃ​គណបក្ស​ប្រឆាំង​ធំ​ៗឈ្មោះថា​​ ​Democratic ​and​ Popular​ Sector​ នៅ​​​ថ្ងៃ​អង្គារ​ប្រាប់ថា​​ ស្ថានភាព​ប្រទេស​ដែល​ខ្វះ​មេ​ដឹក​នាំ​ មិន​ត្រូវ​បន្ត​ទៀត​ទេ​ ដោយ​បង្ហាញ​ពី​​សំណើ​របស់​ខ្លួន​បង្កើត​អាជ្ញាធរ​សីលធម៌​ឯករាជ្យ​ (Independent Moral Authority) ​ដែល​ចូលរួ​ម​​ពី​ភាគី​ផ្សេងៗ​គ្នា​រួម​មាន​ខាង​សកម្មជន​សិទ្ធិ​មនុស្ស​ មេ​ដឹក​នាំ​សាសនា​ និង​អ្នក​សិក្សា​។​ ​

​ទន្ទឹម​នឹង​នេះ​ដែរ​ លោក​ Ariel​ Henry​ ដែល​ត្រូវ​បាន​លោក​ Moise​ ​តែង​តាំង​ជា​នាយក​រដ្ឋ​មន្រ្តី​មួយ​ថ្ងៃ​មុន​ពេល​ប្រធានា​ធិបតី​រូប​នេះ​ត្រូវ​បាន​គេ​សម្លាប់​នោះ ​បាន​និយាយ​ថា​ លោក​គឺ​ជា​នាយក​រដ្ឋ​មន្រ្តី​ដែល​ត្រឹម​ត្រូវ​ស្រប​តាម​ច្បាប់​។​ អ្នក​នយោបាយ​រូប​នេះ​ ​មាន​ការ​គាំទ្រ​ពី​ក្រុម​អ្នក​នយោបាយ​ល្បី​ៗ​ឈ្មោះ​មួយ​ក្រុម​ ដែល​គេ​ស្គាល់​ថា​ជា​សម្ព័ន្ធ​មិត្ត​របស់​លោក​ Moise​ ដែល​ថ្មី​ៗ​នេះ​បាន​ជ្រើស​រើស​លោក​ Joseph ​Lambert​ ជា​​ប្រធានា​ធិបតី​បណ្តោះ​អាសន្ន​។​ យ៉ាង​ណា​មិញ​ ពិធី​ស្បថ​ចូល​កាន់​ដំណែង​របស់​លោក​ Lambert ​ត្រូវ​បាន​លុប​ចោល​វិញ​។​

​យោង​តាម​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេត​វិមាន​ លោក ​J​oseph ​លោក ​Henry ​និង​លោក​ Lambert ​​បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​អាទិត្យ​ជាមួយ​គណៈ​ប្រតិភូ​អាមេរិក​ដែល​រួម​មាន​អ្នក​តំណាង​មក​ពី​ក្រសួង​យុត្តិធម៌​ និង​ក្រសួង​សន្តិសុខ​មាតុភូមិ​ ក្នុង​ដំណើរ​ទស្សនៈ​កិច្ច​ទៅ​ប្រទេស​ហៃទី​ដើម្បី​ជួយ​ជំរុញ​​ដល់​កិច្ច​ព្រម​ព្រៀង​នយោបាយ​​ដែល​អាច​ឱ្យ​ប្រទេស​នេះ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​។​ ​

​លេខាធិការ​សារព័ត៌មាន​សេតវិមាន​លោក​ស្រី ​Jen ​Psaki​ បាន​និយាយ​ថា​ គណៈ​ប្រតិភូ​បាន​ទទួល​សំណើ​សុំ​ជំនួយ​បន្ថែម​ ប៉ុន្តែ​លោក​ស្រី​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ទេ​។​ លោក​ស្រី​បាន​បន្ថែម​ទៀត​ថា សំណើ​របស់​ហៃទី​សម្រាប់​ជំនួយ​យោធា​អាមេរិក​ នៅ​តែ​ស្ថិត​ក្រោម​ «​ការ​ត្រួត​ពិនិត្យ​»​ ហើយ​ភាព​មិន​ប្រាកដ​ប្រជា​ផ្នែក​នយោបាយ​នៅ​លើ​មូល​ដ្ឋាន​គឺ​ជា​កត្តា​ស្មុគស្មាញ​មួយ​សម្រាប់​រដ្ឋបាល​របស់​ខ្លួន​ថ្លឹង​ថ្លែង​ពី​របៀប​ជួយ​។​

​ប្រទេស​ហៃទី​ក៏​កំពុង​ស្វែង​រក​ជំនួយ​សន្តិសុខ​ពី​អ.ស.ប.​ ក៏​ប៉ុន្តែ​​អ្នក​នាំ​ពាក្យ​រង​លោក ​Fa​rhan​ Haq​ បាន​និយាយ​ថា​ សំណើនេះ​កំពុង​ស្ថិត​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​នៅ​ឡើយ​។​​

​​អស្ថិរភាព​នយោបាយ​កាន់​តែ​អាក្រក់​ទៅ​ៗ​ ស្រប​ពេល​ដែល​អាជ្ញាធរ​ហៃទី​បន្ត​ស៊ើបអង្កេត​លើ​ការ​ធ្វើ​ឃាត​ក្រោម​ជំនួយ​ពីរ​ដ្ឋាភិបាល​កូឡុំប៊ី​។​ អតីត​ទាហាន​កូឡុំប៊ី​ចំនួន​ ២៦ ​នាក់​ត្រូវ​បាន​គេ​សង្ស័យ​លើ​ការ​វាយ​ប្រហារ​ ហើយ​ ២៣ ​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​រួម​ជាមួយ​ជន​ជាតិ​ហៃទី ​៣ ​នាក់​។​

​ប៉ូលីស​ហៃទី​ក៏​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ហៃទី​ម្នាក់​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជន​សង្ស័យ​សំខាន់​ផង​ដែរ​ គឺ​លោក​ Christian​ Emmanuel ​Sanon​ អាយុ​ ៦២​ ឆ្នាំ​ជា​គ្រូពេទ្យ​ ​គ្រូ​គង្វាល​ ​និង​ជា​អ្នក​ជំនួញ​នៅ​រដ្ឋ​ Florida​ ដែល​ធ្លាប់​បាន​បង្ហាញ​ពី​បំណង​ដឹក​នាំ​ប្រទេស​របស់​លោក​នៅ​ក្នុង​​យូធូប​ ហើយ​បាន​ថ្កោល​ទោស​មេ​ដឹក​នាំ​ប្រទេស​នេះ​ថា​ជា​មនុស្ស​ពុក​រលួយ​។​

​​លោក​ Leon​ Charles​ ប្រធាន​អគ្គ​ស្នងការ​នគរបាល​ជាតិ​ហៃទី​​ បាន​និយាយ​ថា​ លោក​ Sanon​ បាន​ធ្វើ​ការ​ជាមួយ​អ្នក​ដែល​ឃុបឃិត​ធ្វើ​ឃាត​កម្មរូប​លោក​ Moise​ ​​ ហើយ​ថា​អ្នក​សម្លាប់​លោក​ប្រធានា​ធិបតី​ កំពុង​ការពារ​វេជ្ជបណ្ឌិត​រូប​នេះ​។​ យ៉ាង​ណា​មិញ​ អ្នក​​ជំនួញ​ និង​ជា​គ្រូ​គង្វាល​ដូច​គ្នា​ម្នាក់​នៅ​រដ្ឋ​ Florida ​ដែល​ស្គាល់​លោក​ ​ Sanon​ បាន​និយាយ​ថា​ លោក​មិន​ជឿ​ថា​គ្រូ​គង្វាល​រូប​នេះ​មាន​ជាប់​ទាក់​ទង​នឹង​សំណុំ​រឿង​ឃាតកម្ម​នេះ​ទេ​ ដោយ​ហេតុ​ថា​លោក​ Sanon​ គឺ​ជា​មនុស្ស​ដែល​ជឿ​ព្រះ​យ៉ាង​ខ្ជាប់​ខ្ជួន​។​

លោក​ Andre​ Michel​ មេ​ដឹ​ក​នាំ​សម្ព័ន្ធ​គណបក្ស​នយោបាយ​ប្រឆាំង​បាន​និយាយ​ថា​៖​ «​ខ្ញុំ​មិន​ដឹង​ថា​បុរស​(​លោក​ Sanon​)​ នេះ​ គឺ​ជា​នរណា​នោះ​ទេ​»​។​ លោក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាលបណ្ដោះអាសន្នបច្ចុប្បន្ន​ថា​ បាន​ធ្វើ​ការ​ជាមួយ​មេ​ដឹក​​នាំ​ក្រុម​ទំនើង​ និង​ពួក​ពាណិជ្ជករពុក​រលួយ​។

លោក Michel​ បាន​និយាយ​ថា​អ្វី​ដែល​លោក​ខ្លាច​បំផុត​គឺ​​គ្មាន​ជំនួយ​ពី​សហរដ្ឋ​អាមេរិក​ និង​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​រក្សា​សន្តិភាព​​ ហើយ​លោក​ទទូច​សុំ​ឱ្យ​មេដឹក​នាំ​នយោបាយ​ឱ្យ​ធ្វើ​ការ​ជាមួយ​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​។​

ប្រភព៖ CNA

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner