មនុស្សជាង ១០០ នាក់ត្រូវបានចាប់ និងបាត់ខ្លួនក្នុងបាតុកម្មទ្រង់ទ្រាយធំនៅគុយបា

ហាវ៉ាណា​៖ ​​ក្រុម​​សង្កេត​ការណ៍​ និង ​ក្រុម​សកម្មជន​ អះអាង​​ថា​មនុស្សចំនួន​​ ១០០ ​នាក់​រួម​ទាំង​អ្នក​កាសែត​ឯករាជ្យ​ និង​សកម្មជន​​ប្រឆាំងផងនោះ​​ ត្រូវ​បាន​ចាប់​ខ្លួន​ឬ​កំពុង​បាត់​ខ្លួន​ក្នុង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ទ្រង់​ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ក្នុង​ប្រទេស​គុយបា​​។​

មក​ទល់​ពេល​នេះ​ រដ្ឋាភិបាល​គុយបា​មិន​ទាន់​បាន​បញ្ជាក់​​ថា​ មាន​មនុស្ស​ប៉ុន្មាន​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ ឬ​រង​របួស​​នោះ​ទេ​ ប៉ុន្តែ​យោង​តាម​​ក្រសួង​មហា​ផ្ទៃ​របស់​ប្រទេស​នេះ​ យ៉ាង​ហោច​ណាស់​បុរស​ម្នាក់​ត្រូវ​បាន​សម្លាប់​អំឡុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កង​កម្លាំង​ប៉ូលីស​កាល​ពី​ថ្ងៃ​ចន្ទ​។​

មហា​បាតុកម្ម​ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី​ ១១​ កក្កដា​ ខណៈ​ប្រទេស​នេះ​កំពុង​មុខ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត​របស់​ខ្លួន​ក្នុង​រយៈពេល​ ៣០​ ឆ្នាំ​ដោយ​សារ​កង្វះ​អគ្គិសនី​​ ស្បៀង ​និង​ថ្នាំ​ពេទ្យ​ ហើយ​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ កាន់​តែ​អាក្រក់​ទៅ​ៗ​។​

​​មេ​ដឹក​រដ្ឋា​ភិបាល​​លោក​ប្រធានា​ធិបតី​ ​Miguel Díaz-Canel ​​បាន​​ចោទ​​ប្រកាន់​​ថា​​ ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​គឺ​ជា​មេ​នៃ​បញ្ហា​ទាំង​អស់​នេះ​ ហើយ​ថា​ ការ​ផ្ទុះ​ឡើង​នៃ​បាតុកម្ម​គឺ​ជា​លទ្ធផល​នៃ​យុទ្ធនាការ​តាម​បណ្ដាញ​សង្គម​របស់​សហរដ្ឋ​អាមេរិក​ ​បំផុស​បំផុល​ប្រជាជន​ បង្ករ​ឱ្យ​ប្រទេស​របស់​ខ្លួន​ធ្លាក់​ក្នុង​ភាព​ចលាចល​។​

​ទំនាក់​ទំនង​អាមេរិក​-​គុយបា​ ស្ថិត​ក្នុង​ចំណុច​ទាប​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយ​រដ្ឋបាល​របស់​លោក​ត្រាំ​ ​បាន​ដាក់​ចេញ​នូវ​វិធានការ​សេដ្ឋកិច្ច​តឹងរឹង​បំផុត​មួយ​ចំនួន​ប្រឆាំង​នឹង​ប្រទេស​គុយបា​​ ខណៈ​ដែល​រដ្ឋ​បាល​របស់​លោក​បៃដិន​ ហាក់​ស្ទាក់ស្ទើរ​នឹង​ដក​ទណ្ឌ​កម្ម​នេះ​ចេញ​។​

​ប្រធានា​ធិបតី​អាមេរិក​លោក​ ចូ ​បៃដិន​ ​ បាន​ព្រមាន​រដ្ឋាភិបាល​គុយបា​មិន​ឱ្យ​បង្ក្រាប​ពលរដ្ឋ​​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ចន្ទ​ ប៉ុន្តែ​លោក​ Díaz-Canel ​​បាន​ហៅ​ក្រុម​​បាតុករ​ថា​ជា​​ឧក្រិដ្ឋ​ជន​។​​

ប្រភព៖ CNN

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner