ផែនការការបើកច្រកធ្វើដំណើរតាមយន្តហោះរវាងសិង្ហបុរី-ហុងកុងនៅមិនច្បាស់ការ
ផែនការការឲ្យធ្វើដំណើរចេញ-ចូលដោយមិនឆ្លងកាត់ការធ្វើចត្តាឡីស័ក ឬ ជាភាសាអង់គ្លេសហៅថា Travel Bubble រវាងសិង្ហបុរី និងហុងកុងស្ថិតសភាពមិនប្រាកដប្រជាក្រោយពីពន្យារជាច្រើនដង រយៈពេលប៉ុន្មានខែចុងក្រោយមកនេះ។ យោងតាមការចុះផ្សាយរបស់ Straitstimes បានឲ្យដឹងថា កាលពីម្សិលមិញ ភាគីទាំងពីរគ្រោងនឹងប្រកាសដាក់ឲ្យដំណើរការផែនការនេះឡើងវិញ ត្រូវបានលុបចោលនៅនាទីចុងក្រោយ។
បើយោងតាមផែនការដាក់ដំណើរការជាថ្មីនេះ ទាំងអ្នកដំណើរមកពីសិង្ហបុរី និងហុងកុងត្រូវតែចាក់វ៉ាក់សាំងឲ្យបាន ២ដូស មុននឹងអាចធ្វើដំណើរក្នុងយន្តហោះ ដែលមានការរៀបចំរួចជាស្រេច។
យ៉ាងណាមិញ សមាជិកសភាហុងកុងមួយចំនួនបានជំរុញឲ្យរដ្ឋាភិបាលស្វយ័តហុងកុងលុបផែនការនេះចោល ដោយសារតែសិង្ហបុរីកំពុងតែដកខ្លួនចេញពី «យុទ្ធសាស្ត្រសូន្យករណី» ដែលជាយុទ្ធសាស្ត្រធ្វើយ៉ាងណាមិនឲ្យករណីវិជ្ជមាននៃជំងឺកូវីដ-១៩។
សមាជិកសភាទាំងនេះបានសម្អាងយកហេតុផលថា ប្រសិនបើហុងកុងមិនមានករណីជំងឺកូវីដ-១៩ នោះដែនដីនេះអាចបើកព្រំដែនជាមួយចិនដីគោកបាន។
ខាងភាគីសិង្ហបុរីឯណេះវិញបានប្រាប់សារព័ត៌មាន Straitstimes ថា ភាគីទាំងពីរនៅតែរក្សាទំនាក់ទំនងជាមួយគ្នា ពាក់ព័ន្ធនឹងបញ្ហានេះ ហើយនឹងប្រកាសផែនការណាមួយនៅក្នុងពេលខាងមុខ៕

ប្រភព៖ Straitstimes