យុទ្ធជនតាលីបង់សម្លាប់ជនជាតិអាហ្វហ្គានីស្ថាន ២២ នាក់
យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNN អ្នកប្រយុទ្ធតាលីបង់ បានសម្លាប់កងកុម្ម៉ង់ដូអាហ្វហ្គានីស្ថានចំនួន ២២ នាក់ទន្ទឹមនឹងនេះក៏មានវីដេអូជាច្រើន ត្រូវបានគេ បង្ហោះតាមប្រព័ន្ធអនឡាញអំពីហេតុការណ៏ជាក់ស្តែងនៃឧប្បត្តិហេតុនេះផងដែរ។
ការសម្លាប់នេះត្រូវបានធ្វើឡើង នៅថ្ងៃទី ១៦ ខែមិថុនា នៅទីប្រជុំជន Dawlat Abad ខេត្ត Faryab ដែលនៅជិតព្រំដែនអាហ្វហ្គានីស្ថានជាមួយ ប្រទេសតូមិននីស្ថាន។ របាយការណ៍របស់ CNN បាននិយាយថា ខ្លួនបានទទួលនិងផ្ទៀងផ្ទាត់វីដេអូជាច្រើននៃឧប្បត្តិហេតុនេះហើយក៏បាននិយាយជាមួយសាក្សីដែលបានឃើញផ្ទាល់ភ្នែកផងដែរ។
វីដេអូមួយ ដែលទទួលបានការចាប់អារម្មណ៏លើប្រព័ន្ធអ៊ីនធើណែតដែល បង្ហាញសាកសព របស់កម្លាំងកុម្ម៉ង់ដូពាសពេញផ្នែកខាងក្រៅនៃផ្សារមួយ។ សាក្សីបាននិយាយថា បន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងដើម្បី កាន់កាប់ទីប្រជុំជនកម្លាំងកុម្ម៉ង់ដូ បានរងគ្រោះថ្នាក់ដោយផ្ទុះគ្រាប់រំសេវ ហើយត្រូវបានឡោមព័ទ្ធដោយក្រុមតាលីបង់។កាកបាទក្រហមក៏ បានបញ្ជាក់ដែរថា សាកសពនៃកុម្ម៉ង់ដូចំនួន ២២ ត្រូវបានរកឃើញ។
នៅក្នុងវីដេអូមួយ ដែលមានរយៈពេលប្រហែលជា ៤៥ វិនាទី អ្នកឈរមើលបាននិយាយបានថាជា ភាសាប៉ាតូតូជា ភាសាក្នុងស្រុកថា“ កុំបាញ់ពួកគេ កុំបាញ់ពួកគេ ខ្ញុំសូមមេត្តាកុំបាញ់ពួកគេ” ។
នៅពេលដែលក្រុមជ្រុលនិយម តាលីបង់បានចាប់ផ្តើមបើកការវាយប្រហារយ៉ាង សាហាវបំផុតមួយនៅក្នុងប្រទេសអាហ្វហ្គានីស្ថានចាប់តាំងពី សហរដ្ឋអាមេរិកបានបង្កើនការដកខ្លួនចេញពីប្រទេសដែលកំពុងមានសង្គ្រាមមួយនេះ។ លោក ប្រធានាធិបតី លោកBiden ក៏បាននិយាយថា ជិតពីរទសវត្សរ៍ហើយ បន្ទាប់ពីការវាយប្រហារភេរវកម្ម ថ្ងៃ៩/១១ យោធាអាមេរិក បានសំរេចគោលដៅរបស់ខ្លួននៅអាហ្វហ្គានីស្ថានហើយ។
នៅក្នុងសុន្ទរកថា របស់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ លោក Biden បានមានប្រសាសន៍ថា“ នៅពេលដែលយើង បានប្រកាសពី ការដកកម្លាំងរបស់យើង នៅក្នុងខែមេសាកន្លងទៅ យើងក៏បាននិយាយផងដែរថាយើង នឹងបញ្ចប់ការដកកងកម្លាំងជាស្ថាពរឲ្យបាននៅខែកញ្ញា នាឆ្នាំនេះ ហើយប្រាកដណាស់យើង នឹងអាចសម្រេចបានគោលដៅនោះ។
នៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ជនស៊ីវិលរាប់ម៉ឺននាក់ ត្រូវបានផ្លាស់ប្តូរទីលំនៅចំពេលមានការប្រយុទ្ធគ្នា ដែលកើនឡើងបន្ទាប់ពីការប្រកាសរបស់ប្រធានាធិបតី អាមេរិក Joe Biden។
ចាប់តាំងពីពេលនោះមក ក្រុមតាលីបង់បានអះអាងថា ខ្លួនបានកាន់កាប់ស្រុកបានជិត ២០០ នៅទូទាំង ប្រទេសអាហ្វហ្គានីស្ថានដែលភាគច្រើននៅភាគខាងជើងនិងភាគពាយព្យ។
មនុស្សជាច្រើនបានប្រាប់សារពត៌មាន CNN ថាពួកតាលីបង់បានណែនាំច្បាប់ថ្មីយ៉ាងឆាប់រហ័ស បន្ទាប់ពីបានកាន់កាប់តំបន់ទាំងនោះ។ ក្មេងស្រីមិនអាចទៅសាលារៀន បានទៀតទេ ហើយស្ត្រីមិនអាចទៅផ្សារតែឯងបានទេ លើកលែងតែអមដំណើរដោយបុរសណាម្នាក់។


ប្រភព៖ CNN