ស្រ្តីកាន់សាសនាអ៊ីស្លាមរស់នៅប្រទេសកាណាដាភ័យខ្លាចពីសុវត្ថិភាពរបស់ពួកគេ
ការបៀតបៀន និងការយារយី ទៅលើស្ត្រីដែលកាន់សាសនាអ៊ីស្លាមបណ្តាលអោយស្ត្រីដែលរស់នៅប្រទេសកាណាដាមានការភ័យខ្លាចនឹងសុវត្ថិភាពរបស់ខ្លួន។
កាលពីប៉ុន្មានខែមុននេះ នៅប្រទេសកាណាដាមានការវាយប្រហារមួយទៅលើគ្រួសារកាន់សាសនាអ៊ីស្លាមដែលបង្ករដោយអ្នកបើកបររថយន្តម្នាក់បើកទៅបុកគ្រួសារនោះដែលបណ្តាលអោយមានអ្នកស្លាប់ និងរងរបួស។ អាជ្ញាធរបានសន្មត់ការវាយប្រហារនេះជាបទល្មើសស្អប់ខ្ពើមទៅលើអ្នកកាន់សាសនាអ៊ីស្លាម។
ហេតុការណ៍នេះជាហេតុការណ៍មួយដែលកើតមានឡើងទៅលើអ្នកកាន់សាសនាអ៊ីស្លាមនៅប្រទេសកាណាដា ដែលក្លាយជាហេតុការណ៌មួយធ្វើអោយអ្នកកាន់សាសនាអ៊ីស្លាមនៅទីនោះមានការភ័យខ្លាចពីសុវត្ថិភាពរបស់ខ្លួន។
លោកស្រី Nur ដែលជាជនជាតិសូម៉ាលីកាត់កាណាដា និងជាសហស្ថាបនិកនៃក្រុមប្រឹក្សាទំនាក់ទំនងស៊ីវិលរវាងអាហ្វ្រិកនិង កាណាដាបានបញ្ចេញភាពភ័យខ្លាចរបស់នាងបន្ទាប់ពីបានជួបប្រទះនឹងភាពរើសអ់ងនៅប្រទេសកាណាដាផ្ទាល់ ព្រមទាំងដឹងពីហេតុការណ៍មួយចំនួនទៅលើអ្នកកាន់សាសនាអ៊ីស្លាមដូចអនកស្រីដែរ។
តាមការស្រង់សម្តីរបស់សារព័ត៌មាន Aljazeera លោកស្រី Nur បាននិយាយថា៖« ស្ត្រីស្បែកខ្មៅកាន់សាសនាអ៊ីស្លាមកំពុងត្រូវបានគេវាយប្រហារ ហើយពួកគេត្រូវបានគេវាយប្រហារដោយសារតែការរើសអើងជាតិសាសន៍ស្បែកខ្មៅ ពួកគេត្រូវបានគេវាយប្រហារដោយសារតែជំនឿសាសនាអ៊ីស្លាម ហើយពួកគេត្រូវបានគេវាយប្រហារដោយសារតែពួកគេជាស្ត្រី។ ចំណុចទាំនេះធ្វើអោយយើងមិនប្រាកដថានឹងមានអ្វីកើតឡើងចំពោះយើងនៅពេលយើងចេញទៅខាងក្រៅ»។
គួរបញ្ជាក់ផងដែរថា កាលពីចុងខែមិថុនាបងប្អូនស្រីពីរនាក់ដែលជាស្ត្រីជនជាតិម៉ូស្លីមដែលស្លៀកសម្លៀកបំពាក់ហ៊ីចាប់ត្រូវបានវាយប្រហារដោយបុរសកាន់កាំបិត ហើយបុរសនោះបានបានជេរប្រមាថជាតិសាសន៍របស់អ្នកទាំងពីរលើផ្លូវមួយនៅខាងក្រៅទីក្រុង។ ក្នុងករណីផ្សេងទៀតស្ត្រីម៉ូស្លីមត្រូវបានគេបណ្តាញចេញ ឬគំរាមកំហែងខណៈពេលពួកគេរង់ចាំមធ្យោបាយធ្វើដំណើរសាធារណៈ។
ប៉ូលីស Edmonton បានទទួលសេចក្តីរាយការណ៍អំពីឧប្បត្តិហេតុចំនួន ៥ ដែលពាក់ព័ន្ធនឹងស្ត្រីស្បែកខ្មៅដែលពាក់ហ៊ីចាប់តាំងពីថ្ងៃទី ៨ ខែធ្នូឆ្នាំ ២០២០ ហើយអង្គភាពប្រឆាំងល្មើសរបស់កម្លាំងប៉ូលីសបានចាប់ខ្លួន និងបានធ្វើការចោទប្រកាន់ទៅលើជនសង្ស័យក្នុងករណីនីមួយៗ។
ការទាមទារឱ្យមានវិធានការណ៍បន្ថែមទៀតចំពោះស្ត្រីកាន់សាសនាអ៊ីស្លាមនៅ Edmonton កើតឡើងចំពេលប្រទេសកាណាដាអំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តផែនការសកម្មភាពមួយចំនួនដើម្បីទប់ស្កាត់ការស្អប់ខ្ពើមសាសនាអ៊ីស្លាម។
សម្រាប់មនុស្សជាច្រើនការវាយប្រហារនៅខែមិថុនានៅរដ្ឋ Ontario ក៏ដូចជាការបាញ់សម្លាប់ដ៏សាហាវនៅឆ្នាំ ២០១៧ នៅឯវិហារអ៊ីស្លាមនៅក្នុងទីក្រុង Quebec និងការចាក់សម្លាប់កាលពីឆ្នាំមុននៅខាងក្រៅវិហារអ៊ីស្លាមមួយនៅចុងខាងលិចនៃទីក្រុង Toronto បង្ហាញពីបញ្ហាដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកកាន់សាសនាអ៊ីស្លាមដែលរស់នៅក្នុងប្រទេសកាណាដា។
តាមការស្រង់សម្តីរបស់សារព័ត៌មាន CBC លោកស្រី Sahada Alolo ប្រធានសមាគមនារីស្ត្រីមូស្លីមអូតាវ៉ា (Ottawa Muslim Women’s Association) បាននិយាយថា លោកស្រីបានកត់សម្គាល់ឃើញនិន្នាការគួរឱ្យរំខានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បន្ទាប់ពីបទល្មើសស្អប់ខ្ពើមដូចជា ការបាញ់សម្លាប់នៅវិហារអ៊ីស្លាមក្នុងទីក្រុង Quebec ឆ្នាំ ២០១៧ ។
លោកស្រី Alolo បាននិយាយថា៖ «យើងរស់នៅដោយភាពភ័យខ្លាច។ វាពិតជាការភ័យខ្លាច ហើយខ្ញុំមានអារម្មណ៍ថាយើងមិនសូវយកចិត្តទុកដាក់ខ្ពស់ឡើយ»។ កាលពីខែមិថុនាមានស្ត្រីម៉ូស្លីមជាច្រើនបានទាក់ទងទៅលោកស្រីពីផាក្សាទាក់ទងនឹងការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ពួកគេពេលចេញពីផ្ទះរបស់ពួកគេ។

ប្រភព៖ Aljazeera