អាមេរិក ចរចាឲ្យទួរគីកាន់កាប់ព្រលានយន្តហោះអន្តរជាតិអាហ្វហ្គានីស្ថាន ក្រោយដកទ័ពចេញ

សហរដ្ឋអាមេរិក​ និង​ទួរគី​កំពុង​តែ​បោះ​ជំហាន​ទៅ​មុខ​ក្នុង​ការ​ចរចា​ ដើម្បី​បើក​ផ្លូវ​ឲ្យ​ទួរគី​កាន់កាប់​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai នៃ​រដ្ឋធានី​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ជា​ច្រក​ផ្លូវ​ដ៏​សុវត្ថិភាព​ត​ភ្ជាប់​ពិភពលោក​ ជាមួយ​អាហ្វហ្គានីស្ថាន។ នេះ​បើ​តាម​ការអះអាង​កាល​​ពី​ថ្ងៃ​អង្គារ​នេះ​​ របស់​រដ្ឋមន្ត្រី​ការពារ​ប្រទេស​ទួរគី​លោក Hulusi Akar។

សហរដ្ឋអាមេរិក ព្រម​ទាំង​អង្គការ​សន្ធិសញ្ញា​សម្ព័ន្ធ​អាត្លង់ទិច​ខាង​ជើង ដែល​ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អង្គការ NATO បាន​សម្រេច​ចិត្ត​ដក​ទ័ព​ចេញ​ប្រទេស​អាហ្វហ្គានីស្ថាន ក្រោយ​ពី​ចូល​នៅ​ក្នុង​ទឹកដី​មជ្ឈិមបូព៌ា​មួយ​នេះ​អស់​រយៈពេល​ ២០ឆ្នាំ ក្រោយ​ពី​មាន​ភេរវកម្ម​យន្តហោះ​បុក​អគារ​ពាណិជ្ជកម្ម​ពិភពលោក​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០០១។

ការ​ដក​ទ័ព​របស់​​សហរដ្ឋអាមេរិក​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី៣១ ខែ​សីហាខាងមុខនេះ​ ដោយ​ទុក​ទាហាន​ប្រមាណចំនួន​ ៦៥០​នាក់​ប៉ុណ្ណោះ ដើម្បី​ការពារ​ស្ថានទូត​របស់​ខ្លួន និង​ការពារ​អាកាសយានដ្ឋាន​អន្តរជាតិ​នៅ​រដ្ឋធានី​កាប៊ុល។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក Joe Biden ប្រធានាធិបតី​សហរដ្ឋអាមេរិក​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ។

ក្រោយ​ពី​ប្រជុំ​ក្រៅ​ឆាក​ជាមួយ​លោក Bidenអំឡុង​កិច្ចប្រជុំ​កំពូល NATO​ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បាន​ប្រកាស​ថា​កងទ័ព​ទួរគី​មាន​បំណង​បន្ត​នៅ​ការពារ​អាកាសយានដ្ឋាន​កាប៊ុល ដើម្បី​ជា​ជំនួយ​ដល់​ការ​ដក​ទ័ព​របស់​អស់​លោក NATO។

ចាប់​តាំង​ពី​ពេល​នោះ​មក មាន​ការ​ចុះ​ផ្សាយ​ជា​ច្រើន​​ថា ទួរគី​ធ្វើ​ការ​ចរចា​ជាមួយ​អាមេរិក ដើម្បី​ទទួល​បាន​ការ​គាំទ្រ​ផ្នែក​ការទូត ហិរញ្ញវត្ថុ និង​ផ្នែក​ភ័ស្តុភារ ក្នុង​ការ​បន្ត​បេសកកម្ម​ក្នុង​ការ​ការពារ​ព្រលាន​យន្តហោះ​មួយ​នេះ។

ទាក់ទិន​នឹង​លទ្ធផល​នឹង​កិច្ចចរចា​ជាមួយ​សហរដ្ឋអាមេរិក រដ្ឋមន្ត្រី​ការពារ​ជាតិ​ទួរគី​បាន​ឲ្យ​ដឹង​ថា​ការ​ពិភាក្សា​នៅ​តែ​បន្ត​ជាមួយ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloyd Austin និង​មន្ត្រី​សហរដ្ឋអាមេរិក​ផ្សេងៗ​ទៀត​។

លោក​បាន​លើកឡើង​ថា «ក្របខ័ណ្ឌ​មួយ​ត្រូវ​បាន​បង្កើត​ឡើង ហើយ​ការងារ​ត្រូវ​បាន​បន្ត​លើ​ផ្នែក​លម្អិត​មួយ​ចំនួន។ ពួក​យើង​បាន​និយាយ​គ្នា ប្រកប​ដោយ​ភាព​ស្ថាបនា និង​ភាព​វិជ្ជមាន​ច្រើន​ដែរ។ មាន​ប្រទេស​ជា​ច្រើន​ចង់​ជួយ​អាហ្វហ្គានីស្ថាន ហើយ​ទួរគី​ក៏​បាន​និយាយ​ជាមួយ​ប្រទេស​ទាំង​នោះ​ផង​ដែរ»។

ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដែរ មន្ត្រី​នៃ​ទីស្ដីការ​ក្រសួង​ការពារ​ជាតិ​អាមេរិក ដែល​គេ​ស្គាល់​ថា​ជា​មន្ទីរ​បញ្ចកោណ​ បាន​ប្រាប់​អ្នក​កាសែត​ថា ការ​ពិភាក្សា​នៅ​តែ​បន្ត​ទៅ​ទៀត។ ចំណែក​ឯ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក Ned Price បាន​និយាយ​ថា អាមេរិក​ប្រាកដ​ណាស់​ថា​នឹង​ស្វាគមន៍​ចំពោះ​តួនាទី​ដ៏​សំខាន់​របស់​ទួរគី​ក្នុង​ការ​ទំនុក​បម្រុង​ដល់​ការ​ដក​ទ័ព​ចេញ និង​ការ​ធានា​សុវត្ថិភាព​នៅ​អាហ្វហ្គានីស្ថាន។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មិនមែន​គ្រប់​ភាគី​​សុទ្ធ​តែ​ស្វាគមន៍​នូវ​តួនាទី​របស់​ទួរគីនេះ​​ឡើយ។ ក្រុម​តាលីបង់​ ដែល​ជា​ក្រុម​សកម្មប្រយុទ្ធ​ដ៏​ធំ​មួយ​នៅ​អាហ្វហ្គានីស្ថាន​បាន​ប្រតិកម្ម​ដោយ​ថ្កោល​ទោស​ទួរគី​ថា​ជា «ការ​បន្ត​ការ​ឈ្លានពាន» ទៅ​លើ​អាហ្វហ្គានីស្ថាន ហើយ​ប្រសិន​បើ​កងទ័ព​ទួរគី​នៅ​តែ​បន្ត​ នោះ​តាលីបង់​នឹង​ចាត់​ទុក​ទួរគី​ថា​ជា​កងទ័ព​ឈ្លានពាន ហើយ​នឹង​ចាត់​ចែង​តាម​ហ្នឹង​ដែរ។

កន្លង​មក​ទួរគី​មាន​កងទ័ព ៥០០នាក់​នៅ​អាហ្វហ្គានីស្ថាន តែ​កងទ័ព​ទាំង​នោះ​មិនមែន​ជា​កងទ័ព​សម្រាប់​ប្រយុទ្ធ​នោះ​ឡើយ។ កងទ័ព​ទួរគី​កន្លង​មក​មាន​តួនាទី​ក្នុង​ការ​ហ្វឹកហាត់​កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន ហើយ​ខ្លះ​ទៀត​នៅ​បម្រើ​ការ​ផ្នែក​សន្តិសុខ​នៅ​ព្រលាន​យន្តហោះ​ខាង​លើ​នោះ។

បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Wall Street Journal របស់​អាមេរិក​បាន​សម្រង់​សម្ដី​មន្ត្រី​ប្រទេស​លោក​ខាង​លិច​ថា ប្រសិន​បើ​មិន​មាន​ការ​គ្រប់គ្រង​ព្រលាន​របស់​ទួរគី​ទេ នោះ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​ឡាយ​អាច​នឹង​ឈប់​ផ្ដល់​សេវាកម្ម​ដល់​ទីក្រុង​កាប៊ុល ដែល​ធ្វើ​ឲ្យ​ស្ថានទូត​នានា​បង្ខំ​ចិត្ត​ជម្លៀស​ចេញ​ពី​ប្រទេស​នេះ។ ព្រោះ​ថា ផ្លូវថ្នល់​នានា​នៅ​អាហ្វហ្គានីស្ថាន​មិន​អាច​ធានា​សុវត្ថិភាព​បាន​ទេ ដោយ​សារ​តែ​ភាគ​ច្រើន​ត្រូវ​បាន​កាន់កាប់​ដោយ​ក្រុម​សកម្មប្រយុទ្ធ​តាលីបង់ ហើយ​ជា​ញឹកញយ​តែងតែ​រង​ការ​វាយប្រហារ​ពី​ក្រុម​នេះ។

ដូច្នេះ​អាកាសយានដ្ឋាន​ជា​ផ្លូវ​តែ​មួយ​គត់ ក្នុង​ការ​ធានា​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​កាប៊ុល​សម្រាប់​អ្នក​ការទូត​អាមេរិក និង​សម្ព័ន្ធមិត្ត ព្រម​ទាំង​អ្នក​ជំនួញ​នានា​ដែល​នៅ​សេសសល់។

ប្រភព​ខាង​លើ​បាន​ឲ្យ​បន្ថែម​ បើ​អត់​មាន​ទួរគី​ទេ នោះ​អាមេរិក​នឹង​បម្រុង​ទុក​កងទ័ព​រាប់រយ​នាក់​នៅ​អាហ្វហ្គានីស្ថាន ដើម្បី​ការពារ​អាកាសយានដ្ឋាន តែ​ជម្រើស​មួយ​នេះ​ជា​ជម្រើស​អល់អែក​មួយ​របស់​ប្រធានាធិបតី​អាមេរិក។

ខណៈ​ទួរគី​ជា​សមាជិក​ NATO តែ​មួយ​គត់ ដែល​កាន់​សាសនា​ឥស្លាម កងទ័ព​នៃ​ប្រទេស​នេះ​មិន​សូវ​ជា​ទទួល​បាន​ការ​វាយប្រហារ​ណា​ជា​ដុំ​កំភួន​ពី​សំណាក់​ក្រុម​តាលីបង់​ឡើយ។ ជាង​នេះ​ទៅ​ទៀត ទួរគី​បាន​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​គ្រប់​ជនជាតិ​ទាំង​អស់​នៅ​អាហ្វហ្គានីស្ថាន។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ​ទួរគី​អាច​បន្ត​កាន់កាប់​ព្រលាន​យន្តហោះ​កាប៊ុល លុះ​ត្រា​តែ​មាន​ការ​បើក​ភ្លើង​ខៀវ​ពី​សំណាក់​ក្រុម​តាលីបង់។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​វិភាគ​ប្រាប់​សារព័ត៌មាន Al Jazeera៕

ប្រភព៖ Aljazeera

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner