ក្រុមហ៊ុន Hyundai នៅកូរ៉េខាងត្បូង ផ្អាករោងចក្របណ្ដោះអាសន្ន ក្រោយបុគ្គលិកម្នាក់ធ្វើតេស្តមានផ្ទុកជំងឺ COVID-19
អត្ថបទដោយ៖
Kien Sereyvuth
កូរ៉េខាងត្បូង៖ ក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ ម៉ូទ័រ បានសម្រេចផ្អាកប្រតិបត្តិការរោងចក្ររបស់ខ្លួននៅក្នុងខេត្តអ៊ុលសានជាបណ្តោះអាសន្ន ក្រោយបុគ្គលិករោងចក្រម្នាក់ត្រូវបានធ្វើតេស្តរកឃើញសញ្ញាវិជ្ជមាន ចំពោះវីរុស COVID-19 ។

បច្ចុប្បន្នការឆ្លងនៅប្រទេសកូរ៉េខាងត្បូងមានចំនួន២.០២២ករណី ដែលជាតួលេខដ៏ខ្ពស់មួយ បន្ទាប់ពីចិនដីគោក ខណៈចំនួនអ្នកស្លាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងមានចំនួន១៣នាក់ ។ ហ៊ីយ៉ាន់ដាយ បានជាក្លាយក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀតរបស់កូរ៉េខាងត្បូង ដែលស្ថិតក្នុងស្ថានភាពងាយរងគ្រោះដោយសារមេរោគឆ្លងរាលដាល ។

ឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រុមហ៊ុនក៏បានបង្ខំចិត្តផ្អាកសង្វាក់ផលិតកម្មផងដែរ ដោយ សារតែកង្វះខាតគ្រឿងបន្លាស់នាំចូលពីប្រទេសចិន ក្រោយរោងចក្រមួយចំនួនបានបង្ខំចិត្តបិទទ្វារជាបណ្តោះអាសន្ន បន្ទាប់ពីការផ្ទុះឡើងនៃវីរុស COVID-19 ៕


