ក្រុមប្រឹក្សាខណ្ឌចំការមន លើកទឹកចិត្តដល់គណៈអភិបាលខណ្ឌ ក្នុងបន្តបង្ក្រាបបទល្មើស និងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ក៏ដូចចាបន្តដោះស្រាយតាមសំណូមពរជូនប្រជាពលរដ្ឋ
ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សាខណ្ឌចំការមន លោក ព្រំ សំខាន់ បានលើកទឹកចិត្តដល់គណៈអភិបាលខណ្ឌ ក្នុងបន្តបង្ក្រាបបទល្មើស និងការចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដើម្បីសេចក្តីសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបានស្នើអោយរដ្ឋបាលខណ្ឌ ត្រូវបង្ហាញពីស្នាដៃរបស់ខ្លួន ដាក់ក្នុងរបាយការណ៍ឲ្យបានច្បាស់លាស់ លើការដោះស្រាយសំណើ សំណូមពរ របស់ប្រជាពលរដ្ឋ ព្រមទាំងបញ្ជាក់ពីមូលហេតុសេសសល់នូវបញ្ហាការងារ ខែមករា ហើយត្រូវបន្តដោះស្រាយឲ្យបានក្នុងខែកុម្ភៈនេះ ជាពិសេសលើពាក្យបណ្តឹងតវ៉ារបស់ប្រជាពលរដ្ឋ។

ថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៩ អាណត្តិទី៣ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមវត្តមានលោក ព្រំ សំខាន់ប្រធានក្រុមប្រឹក្សា និងលោក ថេង សុថុល អភិបាលខណ្ឌ ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសខណ្ឌ ការិយាល័យចំណុះ-ជំនាញជុំវិញខណ្ឌ ចៅសង្កាត់ទាំង ០៥ ប្រធានផ្សារទាំង០២ និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត។

សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌចំការមន មានរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី០៨ របស់ក្រុមប្រឹក្សាខណ្ឌចំការមន អាណត្តិទី៣ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០។
២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ និងទិសដៅអនុវត្តការងារខែ មិនា ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌចំការមន។
៣-ពិនិត្យ និងអនុម័តសេចក្ដីព្រាងរបាយការណ៍បិទបញ្ជីចំនូល-ចំណាយថវិកាឆ្នាំ២០១៩ របស់រដ្ឋបាលខណ្ឌចំការមន។
៥-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រី បុគ្គលិករដ្ឋបាលខណ្ឌចំការមន។
៦-បញ្ហាផ្សេងៗ ។

នៅក្នុងកិច្ចប្រជុំនេះដែរ លោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរខណ្ឌលើការបង្ក្រាបបទល្មើស និងខំទប់ស្កាត់បញ្ហាគ្រឿងញៀនតាមមូលដ្ឋានសំរេចបានស្នាដៃ ដោយទទួលបានលទ្ធផលល្អ និងទទួលបានការកោតសរសើរពីប្រជាពលរដ្ឋ ដែលបានមកទទួលសេវា ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រឈម នៅតែកើតមានតាមសង្កាត់ ដូចជាការយកចិញ្ចើមផ្លូវធ្វើជាកន្លែងលក់ដូរ ការបង្កភាពអនាធិតេយ្យ បញ្ហាសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ បញ្ហាចរាចរណ៍ និងបញ្ហាគ្រឿងញៀនជាដើម ដែលអាជ្ញាធរខណ្ឌត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយ ៕ ដោយ ប៊ុនធី


