ម៉ាឡេស៊ីរកឃើញករណីវិជ្ជមានកូវីដ១៩ថ្មីឡើងដល់ ១ម៉ឺននាក់រយៈពេល ២ថ្ងៃជាប់គ្នា
ម៉ាឡេស៊ីរកឃើញករណីវិជ្ជមាននៃជំងឺកូវីដ-១៩ថ្មីឡើងដល់ ១១ ៦១៨ករណីកាលពីថ្ងៃពុធកន្លងទៅ ខណៈកាលពីថ្ងៃអង្គារ ប្រទេសនេះកត់ត្រាបាន ១១ ០៧៩ករណី។ ភាគច្រើននៃអ្នកជំងឺកូវីដ-១៩នៅម៉ាឡេស៊ីស្ថិតនៅរដ្ឋ Selangor និងទីក្រុងកូឡាឡាំពួរ។ ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធកន្លងទៅ ម៉ាឡេស៊ីរកឃើញមានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន ១១៨នាក់ ដោយក្នុងនោះ ១៣នាក់បានបាត់បង់ជីវិតនៅក្រៅមន្ទីរពេទ្យ។
មន្ត្រីជាន់ខ្ពស់ផ្នែកសុខាភិបាលម៉ាឡេស៊ីលោក Noor Hisham Abdullah បានលើកឡើងថា ការរកឃើញដល់ ១ម៉ឺនករណីក្នុងមួយថ្ងៃបែបនេះ ក៏ព្រោះតែមានកំណើនក្នុងការធ្វើតេស្ត។ កាលពីថ្ងៃអង្គារកន្លងទៅ ម៉ាឡេស៊ីធ្វើតេស្តលើមនុស្ស ១៣ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ២សប្ដាហ៍។
គិតត្រឹមថ្ងៃពុធ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ-១៩សរុប ៨៦ម៉ឺនករណី ដោយ ១០ម៉ឺនករណីនៅកំពុងព្យាបាល៕

ប្រភព៖ CNA