រាជរដ្ឋាភិបាលដាក់ចេញគោលការណ៍ណែនាំទូទៅ ស្តីពីគ្រប់គ្រង និងការប្រើប្រាស់ឧបករណ៍តេស្តរហ័ស

គោលការណ៍ណែនាំទូទៅ_Rapid_Test_2021_07_14

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់ភេស្គរហ័សរកអង់ទីហ្សែនកូវីដ-១៩។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ការមកដល់ជាបន្តបន្ទាប់នូវរលកទី ១ និងទី ២ នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងការប្រឈមនឹងរលកទី ៣ បង្កឡើងដោយមេរោគបំប្លែងថ្មីដែលតា (Delta) បានដាក់សម្ពាធបន្ថែម និងបានបន្តគំរាមកំហែងដល់សុខុមាលភាពប្រជាជន សង្គមសេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលសាធារណៈរបស់កម្ពុជា »។
សម្តេចតេជោ បានបន្តថា «ការដាក់ចេញឱ្យអនុវត្តនូវ គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ នឹងក្លាយជាយុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការបន្ធូរបន្ថយនូវសម្ពាធ និង
ការគំរាមកំហែងទាំងនេះ តាមរយៈការរុករក និងកំណត់មុខសញ្ញាអ្នកផ្ទុកមេរោគកូវីដ-១៩ ឱ្យបានឆាប់រហ័ស និងទាន់ពេល ដើម្បីចូលរួមចំណែកប្រយុទ្ធនឹងជំងឺដ៏កាចសាហាវនេះ សំដៅគ្រប់គ្រង ឱ្យបាននូវការឆ្លងរាលដាលនៅក្នុងសហគមន៍ និងឈានទៅដល់ការដាក់ឱ្យបើកដំណើរការពេញលេញជាបណ្តើរៗនូវសកម្មភាពសង្គម-សេដ្ឋកិច្ច តាមគន្លងប្រក្រតីភាពថ្មី »។
ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ខ្ញុំសូមណែនាំឱ្យក្រសួង ស្ថាប័នទាំងអស់របស់រាជរដ្ឋាភិបាល ប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវឆន្ទៈ
ទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឱ្យមានប្រសិទ្ធភាពខ្ពស់ នៅក្នុងបរិបទដ៏លំបាកនេះ ដើម្បីជាឧត្តមប្រយោជន៍ ជូនប្រជាពលរដ្ឋទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

សូមជំរាបថា គោលការណ៍ណែនាំទូទៅស្តីពីការគ្រប់គ្រង និងប្រើប្រាស់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩គឺជាឯកសារណែនាំសាធារណៈដ៏មានប្រសិទ្ធភាព ដែលមានចក្ខុវិស័យវែងឆ្ងាយ នៅក្នុងការកំណត់មុខ
ព្រួញយុទ្ធសាស្រ្តសំខាន់ៗ ដែលមានភាពស៊ីចង្វាក់គ្នាទៅនឹងការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ រួមមានការកាត់ផ្តាច់នូវខ្សែបណ្តាញនៃការនាំចូលមេរោគកូវីដ-១៩ ពីបរទេស ក៏ដូចជាការកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ នៅពេលដែលមានការ
ផ្ទុះនៃជំងឺនេះម្តងៗ ។ ឯកសារនេះ ក៏នឹងផ្តល់នូវគោលការណ៍គ្រឹះមួយចំនួនសម្រាប់អនុវត្តនៅតាមស្ថាប័នទូទៅ ទាំងសាធារណៈ និងឯកជន ដើម្បីឈានទៅរកការបើកដំណើរការពេញលេញជាបណ្តើរៗនូវសកម្មភាពសេវាកម្ម, ផលិតកម្ម និងសកម្មភាពសង្គម សេដ្ឋកិច្ចផ្សេងទៀត ដែលកំពុងត្រូវបានរឹតត្បិត ។
ជាមួយគ្នានេះ ឯកសារនេះនឹងក្លាយទៅជាមគ្គុទេសក៍បង្ហាញផ្លូវដ៏មានប្រយោជន៍ចំពោះការកំណត់វិធានការនានា នាពេលខាងមុខ ដែលឆ្លើយតបទាន់ពេលវេលាទៅនឹងជំងឺកូវីដ-១៩ តាមរយៈការប្រើប្រាស់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner