រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាច្រានចោលសេចក្ដីសម្រេចរបស់ UN ពាក់ព័ន្ធនឹងបញ្ហារ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចផ្សេងទៀត
ក្រសួងការបរទេស នៃរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសច្រានចោលសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិស្ដីពី «ស្ថានភាពសិទ្ធមនុស្សនៃជនជាតិរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម និងជនជាតិភាគតិចនានានៅមីយ៉ាន់ម៉ា»។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងកាលពីថ្ងៃទី១៤ ខែកក្កដា។
សេចក្ដីសម្រេចពាក់ព័ន្ធនឹងរឿងជនជាតិភាគតិចនៅមីយ៉ាន់ម៉ា របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិមានកម្រាស់ ៨ទំព័រត្រូវបានតាក់តែងដោយប្រទេសប៉ាគីស្ថាន ដែលតំណាងឲ្យប្រទេសកាន់សាសនាឥស្លាម និងប្រទេសអេក្វាឌ័រ ដែលនៅទ្វីបអាមេរិកខាងត្បូង។ សេចក្ដីសម្រេចនេះត្រូវបានអនុម័តកាលពីថ្ងៃច័ន្ទកន្លងទៅ ដោយការមូលមតិគ្នារវាងសមាជិកទាំង ៤៧ប្រទេស ដោយមិនឆ្លងការបោះឆ្នោតទេ។ យ៉ាងណាមិញ ចិនមិនបានបង្ហាញជំហរគាំទ្រ តែក៏មិនបានរារាំងលើការអនុម័តសេចក្ដីសម្រេចនេះទេ។
ក្នុងឯកសារមិនមានសុពលភាពខាងផ្លូវច្បាប់នេះបានធ្វើថ្កោលទោសដល់ការរំលោភសិទ្ធិមនុស្សពីសំណាក់យោធាមីយ៉ាន់ម៉ា ទៅកាន់ជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចនានានៅមីយ៉ាន់ម៉ា។ បន្ថែមពីលើនេះទៀត ក្រុមប្រឹក្សាសិទ្ធិមនុស្សក៏បានអំពាវនាវឲ្យមានការចរចា និងផ្សះផ្សាជាតិរវាងគ្រប់ភាគីទាំងអស់នៅមីយ៉ាន់ម៉ា ដោយរាប់បញ្ចូលទាំងជនជាតិរ៉ូហ៊ីងយ៉ា និងជនជាតិភាគតិចនានាផងដែរ។
ទាក់ទិននឹងរឿងនេះដែរ ខាងរដ្ឋាភិបាលទីក្រុងណៃពិដោបានបញ្ចេញប្រតិកម្មថា សេចក្ដីសម្រេចនេះមានភាពលម្អៀង ហើយផ្អែកលើព័ត៌មានមិនពិត និងព័ត៌មានតែម្ខាង។ រដ្ឋាភិបាលមីយ៉ាន់ម៉ាមួយនេះបានបន្តថា ពាក្យថា «រ៉ូហ៊ីងយ៉ា» មិនដែលទទួលស្គាល់ថាជាជនជាតិមួយនៅមីយ៉ាន់ម៉ា ហើយពាក្យនេះគ្រាន់តែជាពាក្យបង្កើតឡើង ដើម្បីតែផលប្រយោជន៍នយោបាយរបស់ក្រុមមួយចំនួនប៉ុណ្ណោះ៕

ប្រភព៖ CNA