WHO ៖ មជ្ឈឹមបូព៌ាអាចប្រឈមមុខនឹងមហន្តរាយនៃហានិភ័យឆ្លងជំងឺកូវីដ-១៩
ហួន ឌីណា
អង្គការសុខភាពពិភពលោកប្រកាសកាលពីថ្ងៃពុធនេះថាការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ក្នុងប្រទេសជាច្រើននៅមជ្ឈឹមបូព៌ា អាចមានផលវិបាក មហន្តរាយធ្ងន់ធ្ងរ ដោយសារតែការរាលដាលនៃវ៉ារ្យ៉ង់ដែលតា និង អត្រាចាក់វ៉ាក់សាំងទាប ហើយកង្វះនៃការប្រកាន់ខ្ជាប់នូវវិធានការសង្គមនិងសុខភាពសាធារណៈ។
ការិយាល័យប្រចាំតំបន់នៃទីភ្នាក់ងារ WHO បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ករណីឆ្លងថ្មីហក់ឡើងវិញគួរឱ្យកត់សម្គាល់ដូចជានៅលីប៊ី អ៊ីរ៉ាក់ អ៊ីរ៉ង់ ទុយនីស៊ី លីបង់ និងម៉ារ៉ុក។ ហើយសប្ដាហ៍ក្រោយ នៅទូទាំងតំបន់នេះនឹងប្រារព្ធពិធីបុណ្យ Eid al-Adha ដែលជាធម្មតាមនុស្សប្រមូលផ្ដុំគ្នា ធ្វើឱ្យករណីឆ្លងអាចកើនឡើងលើសដើម។
ទីភ្នាក់ងារដដែល បានគូសបញ្ជាក់ថា ទុយនីស៊ីជាប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតក្នុងតំបន់ និងនៅអាហ្វ្រិក ហើយបានកត់សម្គាល់ថា ករណីឆ្លងប្រចាំថ្ងៃបានកើនឡើងទ្វេដងនៅក្នុងប្រទេសអ៊ីរ៉ង់អំឡុងពេល ៤ សប្តាហ៍រហូតដល់ដើមខែកក្កដា។
សេចក្តីថ្លែងការណ៍បាននិយាយថា ករណីឆ្លងសរុបនៅក្នុងតំបន់ភាគខាងកើតនៃសមុទ្រមេឌីទែរ៉ាណេដែលរួមមានប្រទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន សូម៉ាលី និងហ្សីប៊ូទី ក៏ដូចជារដ្ឋមជ្ឈិមបូព៌ាដទៃផ្សេងទៀត បានកើនឡើងដល់ជាង ១១,៤ លានករណី ខណៈករណីស្លាប់បានកើនដល់ ២,២៣ សែនករណី។

ប្រភព៖
- Risk of ‘catastrophic’ coronavirus surge in Middle East: WHO https://www.aljazeera.com/news/2021/7/14/risk-of-catastrophic-coronavirus-surge-in-middle-east-who