ហេតុអ្វីបានជាម៉ាឡេស៊ីនៅមិនទាន់អនុម័តឱ្យប្រើប្រាស់ ivermectin ដើម្បីព្យាបាលជំងឺកូវីដ-១៩?
ថ្នាំលេបប្រឆាំងប៉ារ៉ាស៊ីត Ivermectin បានក្លាយទៅជាប្រធានបទក្ដៅគគុក ក្រោយមានការអំពាវនាវពីសំណាក់អ្នកជំនាញឱ្យដាក់បញ្ចូលថ្នាំនេះ ជាផ្នែកមួយនៃការព្យាបាលជំងឺកូវីដ ១៩ នៅរបស់ប្រទេសម៉ាឡេស៊ី។ នេះបើតាមឱ្យដឹងពីសារព័ត៌មាន CNA កាលពីថ្ងៃ ១៥ ខែកក្កដា កន្លងទៅ។
ការអំពាវនាវនេះកើតឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍កាលពីខែ មេសា ឆ្នាំ ២០២០ ដោយលើកឡើងដោយ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Australia’s Monash University ដែលបានធ្វើពិសោធលើថ្នាំនេះ ហើយបានរកឃើញថា ១ ដូសនៃថ្នាំនេះ អាចបញ្ឈប់ការរីកលូតលាស់វីរ៉ុសនៅក្នុងកោសិការយៈពេល ៤៨ ម៉ោង។
ក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី ៥ មិថុនាថា ការសាកល្បងប្រើប្រាស់វ៉ាក់សាំងចេញអំពីថ្នាំ ivermectin ត្រូវបានចាប់ផ្តើមហើយ។ ការសាកល្បងទាំងនេះ នឹងត្រូវធ្វើឡើង ដោយក្រសួង និងវិទ្យាស្ថានស្រាវជ្រាវគ្លីនិកនៅមន្ទីរពេទ្យក្រសួងចំនួន ១២ ទូទាំងប្រទេស។
ការសាកល្បងនេះ ត្រូវបានអនុម័ត ដោយគណៈកម្មាធិការស្រាវជ្រាវវេជ្ជសាស្រ្ត និងក្រមសីលធម៌របស់ក្រសួង នៅថ្ងៃទី ២៥ ខែឧសភា ហើយអ្នកជំងឺដំបូងត្រូវបានចុះឈ្មោះនៅចុងខែ ឧសភា។ ក្រសួងរំពឹងថា ការសាកល្បងនេះនឹងបញ្ចប់នៅខែ កញ្ញា ខាងមុខ។
ទន្ទឹមនឹងនេះដែរ ការអំពាវនាវឱ្យអនុម័តឱ្យប្រើប្រាស់ ivermectin សម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅតែបន្តកើនឡើង។ កាលពីដើមខែ មិថុនា ពលរដ្ឋវ័យចំណាស់មួយរូប បានដាក់ពាក្យប្តឹងប៉ូលីសនៅរដ្ឋ Johor ដោយចោទប្រកាន់អគ្គនាយកក្រសួងសុខាភិបាល Noor Hisham Abdullah ថា បានប្រព្រឹត្ដបទឧក្រិដ្ឋមួយ ដោយបដិសេធមិនព្រមប្រើប្រាស់ ivermectin ជាការព្យាបាលអ្នកជំងឺកូវីដ-១៩។
ទោះយ៉ាងណា សម្ព័ន្ធឱសថ និងក្រុមអ្នកប្រើប្រាស់ ដែលហៅខ្លួនឯងថា សម្ព័ន្ធម៉ាឡេស៊ី ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ (MAECC) ក៏បានចេញសេចក្តីថ្លែងការណ៍ជម្រុញឱ្យ រដ្ឋាភិបាលបញ្ចូល ថ្នាំ ivermectin ទៅក្នុងបញ្ជីថ្នាំរបស់ខ្លួន ដើម្បីព្យាបាលជំងឺនេះ។
នៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធរណេត នៅថ្ងៃទី ២១ មិថុនា សម្ព័ន្ធនេះ បានអំពាវនាវឱ្យរដ្ឋាភិបាលតាមដានការប្រើប្រាស់ថ្នាំ ivermectin ឱ្យបានកាន់តែឆាប់ ដោយគូសបញ្ជាក់ថា ថ្នាំនេះត្រូវបានប្រើប្រាស់ក្នុងរយៈពេល ៤ ទសវត្សចុងក្រោយនេះ ដោយមានចំនួនច្រើនជាង ៣,៧ ពាន់លានដូសឯណ្ណោះ។
យ៉ាងណាមិញ ការអំពាវនាវឱ្យមានការប្រើប្រាស់ថ្នាំ ivermectin មិនត្រឹមតែកើតឡើងនៅក្នុងប្រទេសម៉ាឡេស៊ីប៉ុណ្ណោះទេ វាក៏កើតឡើងនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈដែលឱសថស្ថាននានាបានលក់ថ្នាំអស់ពីស្ទុក ក្រោយមានការផ្សព្វផ្សាយតាមបណ្តាញសង្គមអំពីប្រសិទ្ធិភាពរបស់វាក្នុងការព្យាបាលជំងឺកូវីដ-១៩។
អង្គការសុខភាពពិភពលោក (WHO) ក៏ដូចជា ទីភ្នាក់ងារបទបញ្ញត្តិឈានមុខគេផ្សេងទៀត ដូចជារដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) និងទីភ្នាក់ងារឱសថអឺរ៉ុប បានព្រមានថា គេនៅមិនទាន់មានភ័ស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពរបស់ថ្នាំលេប ivermectin ក្នុងការព្យាបាលកូវីដ-១៩។
កាលពីខែ មីនា ឆ្នាំនេះ អង្គការ WHO បានបញ្ជាក់ថា ភស្តុតាងបច្ចុប្បន្នស្តីពីការប្រើប្រាស់ ivermectin ដើម្បីព្យាបាលជំងឺកូវីដ- ១៩ មានលក្ខណៈមិនទាន់គ្រប់គ្រាន់នៅឡើយទេ ដោយគេត្រូវរង់ចាំទិន្នន័យទៀត ខណៈថ្នាំនេះត្រូវបានប្រើតែក្នុងការសាកល្បងព្យាបាលប៉ុណ្ណោះ។
អង្គភាពដដែលបានពន្យល់ថា ដោយសារតែការយកចិត្តទុកដាក់ជាអន្តរជាតិទៅលើថ្នាំ ដែលអាចសមត្ថភាពព្យាបាលជំងឺកូវីដ-១៩ គោលការណ៍ណែនាំពី អ្នកឯកទេសជំនាញជាច្រើន ត្រូវបាន បង្កើតឡើង។ ដោយក្រុមការងារនេះ នឹងត្រូវពិនិត្យមើលទិន្នន័យ ដែលបានប្រមូលពីការសាកល្បង។
ប្រភពដដែលបានបន្តថា៖ «គេបានកំណត់ថា ភ័ស្តុតាងស្តីពីថាតើថ្នាំ ivermectin អាចនឹងជួយកាត់បន្ថយអត្រាមរណភាព កាត់បន្ថយការសម្រាកនៅមន្ទីរពេទ្យ និងពេលវេលា ដើម្បីធ្វើឱ្យស្ថានភាពធូរស្រាលជាងមុននោះ គឺស្ថិតនៅក្នុងភាពប្រាកដប្រជាទាបណាស់ ដែលនេះបណ្ដាលមកពីវិសាលភាពនៃការសាកល្បងនៅស្ថិតក្នុងទំហំគំរូតូច និងកំរិតវិធីសាស្រ្តទិន្នន័យសាកល្បងក៏នៅតូចនៅឡើយ»។
ដោយឡែក ក្រសួងសុខាភិបាលក្នុងប្រទេសនៅ ក៏កំពុងសិក្សាអំពីការប្រើប្រាស់ ivermectin សម្រាប់ការព្យាបាលជំងឺកូវីដ-១៩នៅឡើយ។នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានម៉ាឡេស៊ី Bernama នៅថ្ងៃទី ១០ ខែកក្កដា វេជ្ជបណ្ឌិត Noor Hisham បានពន្យល់ថា ក្រសួងកំពុងសិក្សាអំពីប្រសិទ្ធភាពនៃថ្នាំ និងផលប៉ះពាល់របស់វា ចំពោះអ្នកជំងឺ ដែលមានជំងឺទឹកនោមផ្អែម ប្រភេទទី ១៩ ក្នុងប្រភេទទី ៣ (អ្នកដែលមានការឆ្លងមេរោគសួត) ដល់ប្រភេទទី ៥ (ដែលមានបញ្ហាសរីរាង្គច្រើន) ។
បន្ថែមពីនេះ កាលពីថ្ងៃទី ១១ ខែកក្កដាក្រសួងបានចុះផ្សាយនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ថ្នាំ ivermectin ត្រូវបានអនុញ្ញាតិឱ្យប្រើប្រាស់ក្រៅផ្លូវការ ដោយមានការត្រួតពិនិត្យយ៉ាងជិតស្និទ្ធពីវេជ្ជបណ្ឌិតឱ្យបានដិតដល់។
ក្រសួង ក៏បានចុះផ្សាយពីផលប៉ះពាល់មួយចំនួនពីការប្រើប្រាស់ថ្នាំនេះ ដែលរួមមានករណី កន្ទួលលើស្បែក ដែលអាចត្រូវការការសម្រាកនៅមន្ទីរពេទ្យ វិលមុខ ក្អួតចង្អោ ឈឺពោះ និងរាគ ហើម សម្ពាធឈាមទាប និងខូចថ្លើម ក៏ដូចជា ករណីប្រកាច់ និងវង្វេងស្មារតីផងដែរ។




ប្រភព៖ CNA