ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងបន្តខិតខំកសាងអភិវឌ្ឍន៍ខេត្តខ្លួន ដោយឈរលើមូលដ្ឋានគ្រឹះរឹងមាំ នៃ សុខសន្តិភាព
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍ នៅក្នុងឱកាសបិទសន្និបាតប្រចាំឆ្នាំ២០១៩ របស់ រដ្ឋបាលខេត្តបាត់ដំបង និងលើកទឹសដៅអនុវត្តបន្តឆ្នាំ២០២០ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងដោយគូសបញ្ជាក់ថា៖នៅក្នុងឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តបាត់ដំបង បានខិតខំអនុវត្តក្នុងការបំពេញការងារលើគ្រប់វិស័យ ដើម្បីឲ្យឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ជាតិ ផែនការអភិវឌ្ឍន៍ខេត្ត និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលក្នុងស្ថានភាពនយោបាយប្រទេសជាតិមានភាពនឹងនរល្អ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែមថា៖ ដោយឈរលើមូលដ្ឋានសម្រេចបាននេះ ខេត្តបាត់ដំបងនៅតែរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមល្អធានាបាននឹងផ្តល់ឱកាសដល់ការស្តារអភិវឌ្ឍន៍ខេត្ត និងឱកាសវិនិយោគទាំងផ្នែករដ្ឋ ទាំងផ្នែកឯលជន បន្តកិច្ចសហការល្អ ដើម្បីរួមចំណែកក្នុងការកសាងអភិវឌ្ឍន៍ខេត្ត ព្រមទាំងកែលម្អលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើងថែមទៀត។

ឯកឧត្តម ងួន រតនៈ បានបន្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដោយមានការយកចិត្តទុកដាក់ និងណែនាំជាប់ជាប្រចាំពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង រដ្ឋបាលខេត្តបាត់ដំបង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ រដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ ដៃគូអភិវឌ្ឍន៍ អង្គការ សមាគម សប្បុរសជន និងអ្នកពាក់ព័ន្ធក្នុងខេត្ត នឹងបន្តខិតខំប្រឹងប្រែងជំរុញនៃដំណើរការអភិវឌ្ឍន៍ខេត្តរបស់ខ្លួន ឲ្យបោះជំហានរីកចម្រើនទៅមុខបន្ថែមទៀត ដោយឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសុខសន្តិភាព សុវត្ថិភាព ក្នុងការផ្តល់ នូវភាពអនុគ្រោះគ្រប់បែបយ៉ាង សម្រាប់ការវិនិយោគ អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការទាក់ទាញភ្ញៀវទេសចរ និងបន្តខិតខំបន្តអនុវត្តនូវទឹសដៅការងារឆ្នាំ២០២០ ឲ្យកាន់តែទទួលបាននូវលទ្ធផលល្អប្រសើរថែមទៀត ដើម្បីចូលរួមក្នុងការអនុវត្តឲ្យបានជោគជ័យ នូវកម្មវិធីនយោយនិងយុទ្ធសាស្ត្រចតុកោណ ដំណាកាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អជាស្នូល ក្នុងកំណើន ការងារ សមធម៌ និងប្រសិទ្ធិភាព ព្រមែល ទាំងអនុវត្តនូវអភិក្រមទាំង៥ របស់សម្តេចទតេជោ ហ៊ុន សែនរួមមាន៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់។ ក្នុងនេះ រដ្ឋបាលខេត្តបាត់ដំបងនិងបន្តកែលម្អប្រសិទ្ធភាពការងារ ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ដើម្បីបំពេញពីតម្រូវការចាំបាច់ និងសំណូមពររបស់ប្រជាពលរដ្ឋ៕( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )















