ជប៉ុនចាប់ផ្តើមចេញបម្រាមហាមជនបរទេស ដែលធ្លាប់ធ្វើដំណើរទៅកាន់ទីតាំងផ្ទុះជំងឺកូរ៉ូណាថ្មីនៅកូរ៉េខាងត្បូង ចូលមកក្នុងប្រទេសខ្លួន
ជប៉ុន៖ រដ្ឋាភិបាលជប៉ុនចាប់ផ្តើមហាមឃាត់ជនបរទេសទាំងឡាយណា ដែលធ្លាប់ធ្វើដំណើរទៅកាន់តំបន់ដែលផ្ទុះជំងឺឆ្លង COVID-19 ខ្លាំងក្លានៅកូរ៉េខាងត្បូង ចូលមកក្នុងប្រទេសរបស់ខ្លួន ដែលចំណាត់ការនេះ គឺជាផ្នែកមួយនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរលាកសួតដ៏កាចសាហាវមួយនេះ ។

ការចាប់ផ្តើមបម្រាមខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រសួងការបរ ទេសជប៉ុន បានប្រកាសអំពីវិធានការបង្កើនការប្រុងប្រយ័ត្ន ដោយផ្ដល់យោបល់ឱ្យប្រជាជនរបស់ខ្លួនទាំងអស់ ជៀសវាងការធ្វើដំណើរទៅកាន់តំបន់ផ្ទុះខ្លាំងនៃវីរុសកូរ៉ូណាប្រភេទថ្មី ឬ COVID-19 ខ្លាំង បើមិនមានភាពចាំបាច់បំផុតទេនោះ ។

បើតាមសារព័ត៌មាន NHK របស់ជប៉ុន បានចុះផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈនេះថា ជនបរទេសទាំងឡាយណាដែលធ្លាប់ធ្វើទៅកាន់ទីក្រុងដេគូ និងតំបន់ក្បែរខាង ឆុងទូ ខេត្តគ្យុងសាងភាគខាងជើងជាទីដែលមេរោគ COVID-19 កំពុងរីករាលដាលយ៉ាងគំហុកនោះ នឹងត្រូវហាមមិនឲ្យចូលមកក្នុងប្រទេសជប៉ុនឡើយ ៕



