ទាហានអាម៉េរិកនៅកូរ៉េខាងត្បូងម្នាក់ឆ្លងវីរុស COVID-19 ខណៈអ្នកឆ្លងសរុបកើនដល់១,១៤៦ករណី ក្នុងនោះស្លាប់១២នាក់ និងកំពុងស្ថិតនៅក្រោមការព្យាបាល និងដាក់ឲ្យនៅឆ្ងាយពីគេឯង

កូរ៉េខាងត្បូង៖ ទីបញ្ជាការយោធាអាម៉េរិកឈរជើងនៅកូរ៉េខាងត្បូង (USFK) បានបញ្ជាក់ថា ទាហានអាម៉េរិកម្នាក់មកពីបន្ទាយទ័ព ខេម ខារ៉ូល ស្ថិតនៅចំងាយប្រហែល២២គីឡួម៉ែត្រពីទីក្រុងដេគូ ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង ត្រូវបានធ្វើតេស្តរកឃើញមានផ្ទុកមេរោគឆ្លង COVID-19 ។

ប្រភពខាងលើនេះបានឱ្យដឹងទៀតថា បច្ចុប្បន្នទាហានមានវ័យ២៣ឆ្នាំរូបនេះ កំពុងស្ថិតនៅក្រោមការព្យាបាល និងដាក់ឱ្យនៅឆ្ងាយពីគេឯង ខណៈក្រុមជំនាញកំពុងស៊ើបអង្កេត ថាតើទាហានអាម៉េរិករូបនេះ ធ្លាប់បានប៉ះពាល់ដោយផ្ទាល់ជាមួយទាហានដទៃណាខ្លះទៀត ។

ករណីឆ្លងថ្មីខាងលើនេះ ត្រូវបានរកឃើញស្របពេលដែលអាជ្ញាធរកូរ៉េខាងត្បូងបានបញ្ចេញរបាយការណ៍ថ្មីនៅថ្ងៃទី២៦ ខែកុម្ភៈនេះឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មីនៅទូទាំងប្រទេសកើនដល់១ពាន់១៤៦ករណី ក្រោយទើបរកឃើញករណីឆ្លងថ្មីចំនួន១៦៩ករណីបន្ថែមទៀត ដោយក្នុងនោះអ្នកជំងឺ១២នាក់បានស្លាប់ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner