ពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ បាននឹងកំពុងបើកសន្និបាតបូកសរុបលទ្ឋផលការងារប្រចាំ២០១៩ និងលើកទិសដៅការងារ ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ។ពិធីនេះស្ថិតក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល នៃគណៈរាជធានីភ្នំពេញ និងមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ស្នងការ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី និងលោកអភិបាលខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់រដ្ឋបាល រាជធានី ភ្នំពេញ បានអោយដឹងថា ក្នុងឆ្នាំ២០១៩កន្លងមក ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តខិតខំជម្នះពុះពាររាល់ការលំបាកស្មុគស្មាញដោយ អនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ សង្កាត់ មានសុវត្ថិភាព» កាន់តែល្អប្រសើររក្សាបាននូវសភាពការណ៍សន្តិសុខទូទៅល្អក្នុងរាជធានី ភ្នំពេញ ក្នុងនោះ គួរឱ្យកត់សម្គាល់សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្ម ត្រូវបានទប់ស្កាត់មិនឱ្យកើតមានអំពើប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវបរទេស ។

របាយការណ៍ដដែលបន្តថា សភាពការខាងលើនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្ត គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ពិសេស ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗ ទីក្រុងរណប និងថេរភាព ល្អប្រសើរ នៃទីផ្សារ អចលនទ្រព្យ នៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ កំណើនសេដ្ឋកិច្ចជាតិ ការរក្សាស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយ ភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជន ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា បទល្មើសមានការថយចុះ ។

សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ គ្រោង ធ្វើពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្តឆ្នាំ២០២០ មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៦ និង២៧ ខែកុម្ភៈ នេះ ។ ដោយនៅរសៀល ថ្ងៃទី២៧ កុម្ភៈ បិទសន្និបាតបូក ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner