សម្តេចប្រធានកាកបាទក្រហមកម្ពុជា ចាត់តំណាងឲ្យចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសព ឯកឧត្តម ហុង ថែម

ភ្នំពេញ ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅរសៀលថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២១ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធីបុណ្យ ៧ថ្ងៃ និងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសព ឯកឧត្តម ហុង ថែម ទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលមរណភាពកាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២១ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះ លោកជំទាវ អគ្គលេខាធិការរងទី១ បានប្រគល់ជូនក្រុមគ្រួសារសពនូវ លិខិតរំលែកមរណទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលក្នុងសារលិខិតនោះ បានបញ្ជាក់ថា «មរណភាពរបស់ ឯកឧត្តម ហុង ថែម គឺជាការបាតបង់ បិតា ជីតា ប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ ដែលក្នុងមួយជីវិតរបស់ ឯកឧត្តម បានពលិកម្មជាច្រើន បូជាទាំងកម្លាំងកាយចិត្ត ជំនះរាល់ឧបសគ្គនានា ក្នុងការឃុំគ្រងថែរក្សាក្រុមគ្រួសារពោរពេញដោយភាពកក់ក្តៅ។ ជាងនេះទៅទៀត មរណភាពរបស់ ឯកឧត្តម ហុង ថែម ក៏ជាការបាត់បង់ដ៏ធំធេង នូវឥស្សរជនឆ្នើមមួយរូបរបស់កម្ពុជា ធ្លាប់មានស្នាដៃជាច្រើនក្នុងការងារជំនាញជាបន្តបន្ទាប់រៀងមក។ ស្នាដៃ និងគុណបំណាច់នេះ ពិតជាមិនអាចកាត់ថ្លៃបានឡើយ។»

ស្ថិតក្នុងសមានទុក្ខនេះ កាកបាទក្រហមកម្ពុជា សូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធសព ឯកឧត្តម ហុង ថែម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ / គ្រី សម្បត្តិ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner