ក្រុមហ៊ុនអាកាសចរណ៍ Thai Airway គ្រោងកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកចាប់ពី១៥ទៅ២៥ភាគរយ ខណៈក្រុមហ៊ុនប្រឈមមុខនឹងការក្ស័យធន ដោយសារវីរុស COVID-19
ថៃ៖ ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានប្រកាសកាត់បន្ថយប្រាក់ខែ និងប្រាក់ឧបត្ថម្ភផ្សេងទៀតរបស់នាយកប្រតិបត្តិខ្លួន ពី ១៥ទៅ២៥ ភាគរយសម្រាប់រយៈពេល ៦ ខែគិតចាប់ពីថ្ងៃទី១ ខែមីនាខាងមុខនេះតទៅ ដើម្បីកាត់បន្ថយការខាតបង់ពីផលប៉ះពាល់នៃការផ្ទុះឡើងនៃវីរុសឆ្លង Covid-19 ។

ជាមួយគ្នានេះ ប្រធានក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ លោក Sumeth Damrongchaitham បាននិយាយថា ការផ្ទុះឡើងនៃវីរុសរលាកសួតថ្មី Covid-19 នៅក្នុងប្រទេសមួយចំនួនបានធ្វើឱ្យបាត់បង់ទំនុកចិត្តក្នុងការធ្វើដំណើរ ដែលប្រការនេះបណ្តាលឱ្យចំនួនអ្នកដំណើរធ្លាក់ចុះយ៉ាងគំហុក ។ លោកបន្ថែមទៀតថា ក្រុមហ៊ុនអាកាសចរណ៍ថៃនឹងចេញសេចក្តីប្រកាសមួយដើម្បីកាត់បន្ថយប្រាក់ខែ និងប្រាក់ឧបត្ថម្ភធ្វើដំណើររបស់បុគ្គលិកចាប់ពី ១៥ទៅ២៥ ភាគរយសម្រាប់រយៈពេល ៦ ខែដោយមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែមីនាខាងមុខនេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ ថៃ អ៊ែរវ៉េ បានកាត់បន្ថយជើងហោះហើរជាច្រើន ជាពិសេសទៅកាន់ប្រទេសចិន ដោយកាត់បន្ថយជើងហោះហើរប្រមាណ៥០ភាគរយ ហើយជើងហោះហើរទៅជប៉ុនកាត់បន្ថយ ១០ ភាគរយ ៕



