ប្រធានាធិបតីអាម៉េរិកស្នើថវិកា២.៥ពាន់លានដុល្លារអាម៉េរិក ប្រយុទ្ធនឹងជំងឺកូវិត១៩
រដ្ឋបាលរបស់លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបញ្ជូនលិខិតស្នើសុំថវិកាចំនួន ២,៥ ពាន់លានដុល្លារពីសភាអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុសដែលផ្ទុះឡើងក្នុងប្រទេសចិន។ សេចក្ដីថ្លែងការណ៍របស់សេតវិមានឲ្យដឹង កាលពីថ្ងៃចន្ទម្សិលមិញថា ការស្នើសុំនេះបានធ្វើឡើងនៅពេលដែលគណនីសំខាន់ៗ របស់រដ្ឋាភិបាលអាម៉េរិកកាន់តែជិតអស់កញ្ចប់ថវិកា។

នាយកដ្ឋានសុខាភិបាល និងសេវាមនុស្ស (HSS) បានចំណាយថវិកាឆ្លើយតបយ៉ាងរហ័សទៅនឹងជំងឺឆ្លងភ្លាមៗ ហើយកំពុងស្វែងរកការផ្ទេរប្រាក់ជាង ១៣០លានដុល្លារអាម៉េរិកពីគណនី HSS ផ្សេងទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ ប៉ុន្តែពួកគេត្រូវការថវិកាបន្ថែមទៀត។

សេតវិមានបន្ថែមថា ទឹកប្រាក់ជាង ១ ពាន់លានដុល្លារអាម៉េរិកនឹងចំណាយទៅលើការបង្កើតវ៉ាក់សាំង។ ក្រៅពីនេះ ថវិកាមួយចំនួននឹងត្រូវប្រើប្រាស់សម្រាប់ជួយជនភៀសខ្លួនមកពីចិន ដែលត្រូវបានដាក់ដោយឡែករយៈពេល ១៤ថ្ងៃសិននៅតាមមូលដ្ឋានទ័ពអាមេរិកក្នុងរដ្ឋកាលីហ្វរញ៉ា។ គួរឲ្យដឹងថា មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូរ៉ូណាវីរុសក្នុងសហរដ្ឋអាម៉េរិកកើនឡើងដល់ ៥៧ករណីហើយចាប់តាំងពី COVID-19 ផ្ទុះឡើងក្នុងទីក្រុង Wuhan កាលពីឆ្នាំមុន៕

