លោក ដូណាល់ ត្រាំ ព្រមានថា ទីផ្សារហ៊ុនសហរដ្ឋអាម៉េរិកនឹងជួបវិបត្តិ ប្រសិន បើលោកបរាជ័យក្នុងការបោះឆ្នោតនាពេលខាងមុខ
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ ទីផ្សារហ៊ុនសហរដ្ឋអាម៉េរិកនឹងជួបបញ្ហាតានតឹង បើសិនជាលោកចាញ់នៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ នេះបើតាមការព្រមានរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ។

ថ្លែងអំឡុងពេលបំពេញទស្សនកិច្ចនៅឥណ្ឌា លោក ដូណាល់ ត្រាំ បានលើកឡើងថា ទីផ្សារហ៊ុនអាម៉េរិកនឹងកើនឡើងខ្ពស់ បើសិនជាលោកជាប់ឆ្នោតជាថ្មី តែបើលោកចាញ់នៅក្នុងការបោះឆ្នោតវិញនោះ ពួកអ្នកនឹងបានឃើញទីផ្សារហ៊ុនក្រឡាប់ចាក់ ដែលមិនធ្លាប់មានពីមុនមក ។

ទន្ទឹមគ្នា ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ការធ្លាក់ចុះភាគហ៊ុននៃទីផ្សារហ៊ុន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ ដោយសារតែការព្រួយបារម្ភពីការរីករាលដាលនៃជំងឺកូរ៉ូណាប្រភេទថ្មី គឺជាសញ្ញាមួយដ៏អាក្រក់ ប៉ុន្តែលោកថា សហរដ្ឋអាម៉េរិក អាចដោះស្រាយបញ្ហាទាំងនេះបាន ៕


