ព្រះសង្ឃចំនួន ១០អង្គគង់នៅវត្តសីហរតនារាមក្រុងដូនកែវ រកឃើញវិជ្ជមានកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

តាកែវ ៖ នៅល្ងាចថ្ងៃទី ១៩ខែកក្កដា ឆ្នាំ២០២១នេះ ព្រះសង្ឃចំនួន ១៨អង្គ ត្រូវបានក្រុមគ្រូពេទ្យចុះមកយកវត្ថុសំណាកនៅក្នុងបរិវេនវត្តសីហរតនារាម ឋិតនៅសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីពិនិត្យរកមេរោគកូវីដ១៩ ។ ឆ្លងតាមការពិនិត្យដោយការធ្វើតេស្តរហ័ស (រ៉ាពីតេស្ត) ក្នុងចំណោមព្រះសង្ឃចំនួន ១៨អង្គខាងលើ រកឃើញមានវិជ្ជមានកូវីដ១៩ ចំនួន ១០អង្គ និងត្រូវបានបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ១៩ គរុកោសល្យខេត្តទាំងយប់ នេះបើតាមការឲ្យដឹងពីលោក កង អាណាន់ អភិបាលក្រុងដូនកែវ ។

លោក កង អាណាន់ បន្តថាបញ្ហាជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលដល់ព្រះសង្ឃដែលគង់នៅក្នុងវត្តសីហរតនារាមនេះ យើងនិងបន្តយកវត្ថុសំណាកពីព្រះសង្ឃដែលមានការពាក់ព័ន្ធជាបន្តទៀតនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នេះ ជាពិសេស បន្តរកព្រះសង្ឃដែលមានការសង្ស័យវិជ្ជមានកូវីដ១៩នោះមុនគេ ខណៈដែលព្រះសង្ឃទាំងនោះ និមន្តចេញបិណ្ឌបាតទៅតាមផ្ទះរបស់បងប្អូនប្រជាពលរដ្ឋជារាងរាល់ថ្ងៃ ដើម្បីបានចង្ហាន់យកមកឆាន់ នេះមិនមែនជារឿងតូចនោះទេ ហើយក៏មិនអាចមើលស្រាលបានឡើយទៅលើចំនុចនេះ ។

ជាមួយគ្នានេះផងដែរតាងនាមឲ្យរដ្ឋបាលក្រុងដូនកែវ លោក កង អាណាន់ បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធជាមួយព្រះសង្ឃឬបានចូលមកក្នុងបរិវេនវត្តសីហរតនារាមនេះ ក្នុងចន្លោះចាប់ថ្ងៃទី ១៧ ដល់ថ្ងៃ១៩ សូមបងប្អូនមេត្តាធ្វើចត្តាឡីស័កនៅផ្ទះខ្លួន និងនៅដាច់ដោយឡែកពីក្រុមគ្រួសារសិន បើសិនបងប្អូនមានអាការមិនស្រួលខ្លួន ឬមានការសង្ស័យលើខ្លួនឯង សូមរាយការណ៍មកក្រុមគ្រូពេទ្យ និងអាជ្ញាធរភូមិឃុំ ជាបន្ទាន់ ដើម្បីទុបស្កាត់ឲ្យបានទាន់ពេលវេលានៃជម្ងឺឆ្លងដ៏កាចសាហាវមួយនេះ ៕ តាកែវ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner