ក្រុមហ៊ុនផលិតឱសថអាមេរិកតម្រូវបង់ប្រាក់តម្លៃ ២៦ ប៊ីលានដុល្លារជាការដោះស្រាយបញ្ហាថ្នាំបំបាត់ការឈឺចាប់
មេធាវីទូទៅរបស់រដ្ឋមួយក្រុមនៅសហរដ្ឋអាមេរិកបានបង្ហាញនូវដំណោះស្រាយបញ្ហាអ្នកញៀនថ្នាំបំបាត់ការឈឺចាប់នៅសហរដ្ឋអាមេរិកដោយតម្រូវអោយក្រុមហ៊ុនផលិតឱសថធំៗបង់ជាសំណង ២៦ ប៊ីលានដុល្លារអាមេរិក។

តាមការរាយការណ៍របស់សារព័ត៌មាន Aljazeera សំណើដំណោះស្រាយនេះត្រូវបានចេញផ្សាយកាលពីថ្ងៃទី ២១ កក្កដាក្រុមហ៊ុនផលិតឱសថធំបំផុតចំនួន ៣ របស់អាមេរិកមានដូចជា McKesson, Cardinal Health and Amerisource Bergen និង Johnson & Johnson ។
លោក Letitial James ដែលជាមេធាវីម្នាក់មកពីរដ្ឋចំនួន ១៥ ដែលចូលរួមក្នុងកិច្ចព្រមព្រៀងនេះបាននិយាយថា៖ « ក្រុមហ៊ុនជាច្រើនដែលផលិត និងចែកចាយថ្នាំប្រភេទនេះនៅទូទាំងប្រទេសបានធ្វើដូច្នេះដោយមិនគិតពីអាយុជីវិតអ្នកប្រើប្រាស់ ឬវិបត្តិជាតិឡើយ»។
ថវិការដែលតម្រូវអោយក្រុមហ៊ុនផលិតឱសថទាំងនោះនឹងត្រូវបង់ក្នុងរយៈពេល ១៨ ឆ្នាំ។ ក្រុមហ៊ុន Johnson & Johnson នឹងបង់សំណងនោះក្នុងរយៈពេល ៩ ឆ្នាំជាមួយនឹងទឹកប្រាក់រហូតដល់ ៣,៧ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំដំបូង។ ថវិកានេះត្រូវបានគេរំពឹងថានឹងត្រូវបានប្រើប្រាស់ក្នុងការព្យាបាលអ្នកដែលញៀនថ្នាំប្រភេទនេះ ផ្គត់ផ្គង់ក្រុមគ្រួសារដែលត្រូវការ ការអប់រំ និងកម្មវិធីសង្គមផ្សេងៗទៀត។
លោក Michael Ullmann អ្នកប្រឹក្សាទូទៅរបស់ក្រុមហ៊ុន Johnson & Johnson បាននិយាយថា៖ ដំណោះស្រាយនេះនឹងគាំទ្រដោយផ្ទាល់ដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋ និងក្នុងតំបន់ដើម្បីធ្វើឱ្យមានវឌ្ឍនភាពប្រកបដោយអត្ថន័យក្នុងការដោះស្រាយបញ្ហាអ្នកដែលញៀនថ្នាំបំបាត់ការឈឺចាប់ ។