អនុប្រធានទី១ សហព័ន្ធកីឡាទូក ផ្តល់អនុសាស្រ្ត៦ចំនុចធំៗ ដើម្បីឲ្យកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Games នៅកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ប៉ាន សូរស័ក្ត អនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានផ្តល់អនុសាស្រ្ត៦ចំនុចធំៗ ដើម្បីអោយកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព  ត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Gamesឆ្នាំ២០២៣ នៅកម្ពុជា ។

ការនេះថ្លែងធ្វើឡើងក្នុងឱកាស “បិទ” ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ជ្រើសរើសជើងឯកភូមិភាគបឹងទន្លេសាប “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០” កាលពូម្សិលមិញ នៅបឹងឈូក ស្រុកបន្ទាយស្រី  ខេត្តសៀមរាប ។
ក្នុងនាមសម្តេចក្រឡាហោម ស ខេង ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ឯកឧត្តម សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តសៀមរាប» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស ជើងឯកភូមិភាគបឹងទន្លេសាប «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី២ ឆ្នាំ២០២០» ឱ្យមានភាពអធិកអធម និងសប្បាយរីករាយ រហូតបានបញ្ចប់ដោយរលូន និងជោគជ័យ ។

ឯកឧត្តម ប៉ាន សូរស័ក្ត អនុប្រធានទី១ បានកត់សំគាល់ថា ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” មានរយៈពេលពីរថ្ងៃក៏ពិតមែន ប៉ុន្តែវាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ ជាប្រចាំ គួបផ្សំការ តស៊ូព្យាយាមគោរពវិន័យ ក្រមសីលធម៌ល្អ និងបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ នៅក្នុងការប្រកួត ។

ឯកឧត្តម អនុប្រធានទី១ បានជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយ គតិបណ្ឌិតរបស់   សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ។ ជាពិសេសធ្វើអោយកំណើនសេដ្ឋកិច្ច កើនក្នុងរង្វង់៧% ជាប្រចាំ និងការទទួលបានទំនុកចិត្តពីគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ និងក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ប្រកួតកីឡា SEA Games នៅឆ្នាំ២០២៣ខាងមុខនេះ ។

យើងទាំងអស់គ្នា សូមអរគុណ “សន្តិភាព” ដែលផ្តល់ឱកាសអោយយើងអភិវឌ្ឍ ប្រទេសជាតិ លើគ្រប់វិស័យ ។ ឯ ឧ ប៉ាន សូរស័ក្ត បានបញ្ជាក់បន្ថែមថា ដើម្បីអោយយើងសហព័ន្ធកីឡាទូកទទួលបានជោគជ័យ ក្នុង ព្រឹត្តិការណ៍ SEA Games ឆ្នាំ២០២៣ ទទួលបានលទ្ធផលល្អ ឯ ឧ សូមផ្តល់អនុសាសន៍៦ចំនុចធំៗ ដើម្បីអោយកាន់តែមានវឌ្ឍនភាពទាំងបរិមាណ និងគុណភាព៖
១-  ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តា ក្លឹប និងសមាគម ទូកទូទាំងប្រទេស។
២- ត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ តាមសមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ។
៣-  ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់សហព័ន្ធ និងសមាគមកីឡាទូក ទូទាំងប្រទេស ដោយផ្តោត លើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាព ទទួលខុសត្រូវខ្ពស់ ។
៤-  ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ។
៥-  ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើត ព្រឹត្តិការណ៍ ប្រកួត ឱ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ។
៦-  ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធ ឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនទៀត ។

ជាថ្មីម្តងទៀត ឯកឧត្តម ប៉ាន សូរស័ក្ត សូមកោតសរសើរ ចំពោះគណៈប្រតិភូដឹកនាំក្រុមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ តាមបណ្តាខេត្តក្នុងភូមិភាគបឹងទន្លេសាប ដែលបានដឹកនាំកីឡាករ-កីឡាការិនី របស់ខ្លួនមកចូលរួមប្រកួតពេលនេះ ដោយឈរលើស្មារតី មិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេសនៃការប្រកួត ដោយមិនគិតពីការយក ឈ្នះ-ចាញ់ ពោលគឺ៖ កីឡាដើម្បីសុខភាព  សន្តិភាព  មិត្តភាព  សាមគ្គីភាព  និង បង្កើននូវ គុណផល បច្ចេកទេស តាមទិសស្លោក «កីឡាកសាងមនុស្ស-មនុស្សកសាងជាតិ» ដើម្បីភាពសុខដុមរមនា នៅក្នុងសង្គមជាតិ។

ខ្ញុំសូមថ្លែងអំណរគុណមន្រ្តីបច្ចេកទេស សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការកាត់សេចក្តីជូនដល់កីឡាករ-កីឡាការិនី ប្រកបដោយភាពយុតិ្តធម៌ និងត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស ប្រកបដោយ ភាពទទួលខុសត្រូវខ្ពស់ធ្វើឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner