ប្រជាពលរដ្ឋ និងអាជ្ញាធរបង្ហាញការគាំទ្រ និងសប្បាយចិត្តជាខ្លាំង ដែលឧកញ៉ា ឡេង ណាវ៉ាត្រា ដាក់ដំណើរការរថយន្តក្រុងជិះឥតគិតថ្លៃពីម៉ាឡៃ-ប៉ោយប៉ែត

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាយមានជ័យ ៖ គម្រោងរថយន្តក្រុងពីម៉ាឡៃ-ប៉ោយប៉ែត ត្រូវបានបើកសម្ពោធហើយនៅថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានន័យព្រមទាំងដៃគូជំនួញជាច្រើនរូបទៀត ។ រថយន្តក្រុងនេះដាក់ដំណើរការជូនប្រជាពលរដ្ឋជិះ ១៥គ្រឿង ដោយមិនគិតប្រាក់ រយៈ៣ខែ ហើយបន្ទាប់មកក្រុមហ៊ុន យកត្រឹមតែ២ពាន់រៀលប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋជិះម៉ូតូឌុបអស់មិនក្រោម២ម៉ីនរៀលឡើយក្នុងមនុស្សម្នាក់។

នេះជាកាដូធំមួយរបស់ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” មានលោកឧកញ៉ា ឡេង ណាវ៉ាត្រា ជាម្ចាស់ភាគហ៊ុនមួយកំពុងតែវិនិយោគលើទឹកដី ខេត្តបន្ទាយមានជ័យនេះ ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរបានសម្ដែងការសប្បាយចិត្តជាខ្លាំង នៅពេលខេត្តជាប់ព្រំដែនថៃមួយនេះ មានរថយន្តក្រុងជាលើកដំបូងគេ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា ខ្សែរថយន្តក្រុងសាធារណៈដែលបានដាក់ឲ្យដំណើរការនេះ ផ្ដល់សេវាដឹកជញ្ជូនទៅមកក្នុងរយៈចម្ងាយ៤០គីឡូម៉ែត្រ រវាងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែតមានចំនួន១៥គ្រឿង នឹងផ្លាស់គ្នាដឹកជញ្ជូនប្រជាពលរដ្ឋក្នុងរយៈពេល២០នាទីម្ដង ដោយក្នុង១គីឡូម៉ែត្រមានចំណតមួយ ។

ប្រជាពលរដ្ឋអាចធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនេះ ដោយឥតគិតថ្លៃក្នុងរយៈពេល៣ខែដំបូង ។ បន្ទាប់ពីនោះ រថយន្តក្រុងសាធារណៈទៅមករវាងស្រុកម៉ាឡៃនិងក្រុងប៉ោយប៉ែតនេះ នឹងចាប់ផ្ដើមគិតថ្លៃ២០០០រៀលក្នុងអ្នកដំណើរម្នាក់ ។ លោកអភិបាលខេត្តសង្ឃឹមថា សេវារថយន្តក្រុងសាធារណៈនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ កាត់បន្ថយចំណាយ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវនៅកម្ពុជា ។

ឯកឧត្តមបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមប្រើប្រាស់សេវារថយន្តក្រុងនេះទាំងអស់គ្នា នៅពេលត្រូវធ្វើដំណើរទៅមករវាងក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ។ ឯកឧត្តមបានសម្ដែង ការគាំទ្រ និងកើតសរសើរជាខ្លាំងនូវទឹកចិត្តរបស់ក្រុមហ៊ុន ដែលបានចូលរួមចំណែកជួយឲ្យមានសេវារថយន្តក្រុងបែបនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរពិតជាសប្បាយចិត្តខ្លាំងណាស់ ។

ឯកឧត្តមលើកឡើងទៀតថា នៅស្រុកម៉ាឡៃ ដំបូងឡើយជាទីតាំងសមរភូមិក្ដៅមួយក្នុងរបបខ្មែរក្រហមដែលមនុស្សមួយចំនួនខ្លាចរហា មិនហ៊ានមកឡើយ ប៉ុន្តែបន្ទាប់ពីប្រទេសមានសុខសន្តិភាព ទីនេះក្លាយជាទីប្រជុំជន ដែលស្ថិតក្នុងក្រសែភ្នែក វិនិយោគជាច្រើនទាំង ជាតិនឹងអន្តរជាតិ ។

បច្ចុប្បន្នមាននៅស្រុកម៉ាឡៃ មានក្រុមហ៊ុនធំ២ ដែលកំពុងតែសម្រុកវិនិយោគលើទឹកដីមួយនេះ ទី១ក្រុមហ៊ុន “ឆាយណាប៉ោយប៉ែតស៊ែតថឺឡាយ ស៊ីធី” របស់លោកឧកញ៉ា ឡេង ណាវ៉ាត្រា កំពុងតែវិនិយោគលើផ្ទៃដីជាង១ពាន់ហិតានេះ ជាទីក្រុងរណបថ្មីមួយ នៃខេត្តបន្ទាយមានជ័យ ដែលប្រជុំទៅដោយមជ្ឈមណ្ឌលពាណិជ្ជកម្ម ខនដូ រីសត ផ្ទះល្វែង វីឡា និងភោជនីយដ្ឋានជាដើម ។ ទី២ ក្រុមហ៊ុន មជ្ឈិមស្ទាល អ៊ីនធើប្រាយ របស់លោក ស្រី ណាគ្រី ដែល វិនិយោគរោងចក្រអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ(សូឡា) រោងចក្រទឹកកក នឹង តំបន់សេដ្ឋកិច្ច ។

បើតាមការបញ្ជាក់ពីក្រុមហ៊ុន ជាមួយការរួមចំណែកជួយដល់ប្រជាពលរដ្ឋនៅទីនេះ ក្រៅពីជួយលើសេវារថយន្តក្រុង ក្រុមហ៊ុនគ្រោងជីកប្រឡាយទឹកជាច្រើនគីឡូម៉ែត ដើម្បីស្ដុកទឹកទុកសម្រាប់ប្រើប្រាស់ នឹងបង្កើតរមណីយដ្ឋានជាច្រើនទៀតជូនប្រជាពលរដ្ឋរស់នៅឲ្យកាន់តែមានភាពងាយស្រួល ។ ជាមួយសេវារថយន្តក្រុងនេះផងដែរ ឯកឧត្តម អ៊ុ រាត្រី  បានបន្ថែមទៀតថា ប្រសិនបើដំណើរការនេះទទួលបានជោគជ័យ អាជ្ញាធរខេត្តនឹងពិចារណាដាក់ឲ្យដំណើរការរថយន្តក្រុងសាធារណៈជំហានបន្ទាប់ទៀត រវាងក្រុងប៉ោយប៉ែត និងក្រុងសិរីសោភ័ណបន្តទៀត ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner