ប្រជាពលរដ្ឋនៅស្រុកស្វាយជាច្រើនគ្រួសារពុំមានទឹកប្រើប្រាស់គ្រប់គ្រាន់នារដូវប្រាំងនេះឡើយ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នាពេលថ្មីៗកន្លងមកប្រជាពលរដ្ឋនៅស្រុកស្វាយជាច្រើនគ្រួសារបានសម្តែងនៅការមិនពេញចិត្តចំពោះសហគមន៍ទឹករបស់ឃុំស្វាយលើ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៣ មកម្លេះ ដើម្បីផ្គត់ផ្គង់ទឹកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំរបស់ខ្លួន កាលនោះសម្រាប់ការប្រើប្រាស់ទឹកពុំទាន់បានគិតលុយគិតកាក់ នឹង គិតម៉ែត្រគូបអ្វីពីប្រជាពលរដ្ឋឡើយ ប៉ុន្តែក្រោយមកក៏លែងដំណើរការទៅ។

ទើបនៅដើមឆ្នាំ២០២០នេះ ក្រុមការងារសហគមន៍ ឃុំស្វាយលើបានចាប់ផ្តើមធ្វើការរៀបចំគម្រោងថវិកាបដិភាគពីបងប្អូនប្រជាពលរដ្ឋក្នុងន័យជួយផ្គត់ផ្គង់ទឹក នឹងរៀបចំប្រព័ន្ធទុយោទឹកពីលើភ្នំគូលែនត្រង់ចំណុចភូមិតាពេញតចុះមកក្រោមដើម្បីចែកចាយទឹកប្រើប្រាស់ទៅតាមភូមិរៀងៗខ្លួននៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងនោះមានភូមិចំនួន៤ គឺភូមិបិតផ្កា ភូមិជប់លើ ភូមិជប់ក្រោម និងភូមិត្រពាំងខ្នា ប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធទឹកនេះប្រមាណជាង៣០០គ្រូសារឯណោះ ដោយក្នុង១គ្រួសារៗខាងសហគមន៍ទឹកឃុំស្វាយលើតម្រូវឲ្យបង់ថវិកាបដិភាគប្រមាណជាង១០ម៉ឺនរៀលដំបូង ដើម្បីយកថវិកាទាំងនេះទៅរៀបចំប្រព័ន្ធទុយោចូលតាមផ្ទះ នឹងដាក់លេខគីឡូទឹកងាយស្រួលក្នុងការគិតលុយបន្តទៀត បើប្រជាពលរដ្ឋប្រើទឹកអស់ ១ម៉ែត្រគូបទឹក គឺគិតតម្លៃ ១០០០រៀល ក្នុង១គ្រួសារៗ ភាគច្រើនប្រើអស់ចាប់ពី ៥ម៉ែត្រគូបឡើងទៅ។ នេះបើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិ ឃុំ ខាងលើនោះ។

អ្នកស្រី ទុយ លឿ រស់នៅភូមិត្រពាំងខ្នាបានលើកឡើងថា សព្វថ្ងៃពួកគាត់បានប្រើប្រាស់ទឹករបស់សហគមន៍ ឃុំស្វាយលើ ប៉ុន្តែការប្រើប្រាស់ទឹកនោះមិនគ្រប់គ្រាន់ឡើយហើយនៅពេលដែលបើកទឹកប្រើគឺវិលតែលេខគីឡូទឹកតែប៉ុណ្ណោះ គឺទឹកហូរចេញមកពីក្នុងទុយោតិចៗណាស់ប្រើប្រាស់ទឹកនោះមិនគ្រប់គ្រាន់នោះទេ ដាច់ខែគិតលុយអស់ពី៥-៦ ម៉ែត្រគូប ក្នុង១ម៉ែត្រគូបទឹកតម្លែ១០០០រៀលជារៀងរាល់ខែ។ លោកស្រីបាន សំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយរកដំណោះស្រាយ នឹងចុះត្រួតពិនិត្យមើលឲ្យបានត្រឹមត្រូវផង ពីព្រោះខាងសហគមន៍នេះ បានដាក់ទុយោទឹក និងគឺឡូវាស់ទឹក តែអត់មានទឹកប្រើប្រាស់គ្រប់គ្រាន់ នារដូវប្រាំង ពួកគាត់មានភាពលំបាកយ៉ាងខ្លាំងជាមួយនឹងការកង្វះខាតទឹកប្រើប្រចាំថ្ងៃនេះ។

លោក យ៉ែម សាវុន ជំទប់ទី២ឃុំស្វាយលើ បានឱ្យដឹងថា បច្ចុប្បន្នយើងមានសហគមន៍ទឹកឃុំស្វាយលើមួយដោយចងក្រងជាក្រុមមានបងប្អូនប្រជាពលរដ្ឋប្រមាណជាង៣០០គ្រួសារ នៅក្នុងឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ក្នុងនោះមានភូមិចំនួន៤ គឺភូមិបិតផ្កា ភូមិជប់លើ ភូមិជប់ក្រោម និងភូមិត្រពាំងខ្នា ប្រជាពលរដ្ឋបានប្រើប្រាស់ប្រព័ន្ធទឹកនេះប្រមាណជាង៣០០គ្រូសារដែរ។ ឥឡូវនេះ ចំពោះសហគមន៍ទឹកឃុំស្វាយ យើងបានរៀបចំឲ្យមានប្រព័ន្ធទឹក អាងស្តុបទឹកដើម្បីចម្រោះយកទឹកស្អាតសម្រាប់ទុកឲ្យប្រជាពលរដ្ឋប្រើប្រាស់នារដូវប្រាំងនៅតាមមូលដ្ឋានរបស់ពួកគាត់ ដែលអាចផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃចំនួន៤ ភូមិក្នុងឃុំស្វាយលើ ។ ក្រោយពីទុយោទឹកចាស់ៗបានបាក់បែកខ្លះៗ មកទើបនៅឆ្នាំ២០២០នេះខាងសហគមន៍ឃុំស្វាយលើបានរៀបចំសាជាថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានប្រើប្រាស់ទឹកទៅតាមតម្រូវការតាមមូលដ្ឋាន តែយើងមិនទាន់បានរៀបចំឲ្យស្រួលមូលនៅឡើយទេដោយសារខ្វះថវិកា កន្លងមកគឺខាងសហគមន៍ទឹកបានទទួលថវិកាបដិភាគពីប្រជាពលរដ្ឋដើម្បីរៀបចំឲ្យប្រព័ន្ធទឹកបានដំណើរការក្នុងការប្រើប្រាស់ឲ្យបានល្អប្រសើរថែមទៀត។

លោក អៀង ពិសិទ្ធ អភិបាលស្រុកស្វាយលើ បានមានប្រសាសន៍ថា ចំពោះសហគមន៍ទឹកនៅក្នុងឃុំស្វាយលើនេះ គឺមិនទាន់មានច្បាប់មកដល់ស្រុកនៅឡើយទេ គឹមានត្រឹមតែឃុំប៉ុណ្ណោះ ពាក់ព័ន្ធបញ្ហាទឹកដែលសហគមន៍បានរៀបចំកន្លងមកឃើញថា ពុំទាន់មានភាពរលូនទេជាមួយការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋតាំងពីមានទឹកដែលបង្ហូរចូលអាងស្តុបទឹកចម្រោះទឹកថ្មី ដែលសាងសង់ដោយព្រះសង្ឃពុទ្ធបរិស័ទ និង សហគមន៍ទឹកនៅក្នុងឃុំស្វាយលើ ធ្វើឱ្យមានបញ្ហាប្រឈមជាច្រើនជាមួយប្រជាពលរដ្ឋ។ លោក អភិបាល បានបន្តថា កាលពីមុនមានក្រុមហ៊ុនឯកជនមួយបានមកវិនិយោគទៅលើគម្រោងផ្គត់ផ្គង់ទឹកស្អាតសម្រាប់ការប្រើប្រាស់ទឹកទៅដល់ប្រជាពលរដ្ឋចំនួន២ឃុំ គឹឃុំស្វាយលើ និង ឃុំតាសៀម តែនៅពេលដែលក្រុមហ៊ុនចាប់ផ្តើមដំណើរការ ក៏ស្រាប់តែបងប្អូនប្រជាពលរដ្ឋមូយចំនួនបានមកតវ៉ាមិនឲ្យក្រុមហ៊ុនឯកជនធ្វើបន្តទៀតទេ ដោយសារពួកគាត់គិតថា បើសិនក្រុមហ៊ុនធ្វើវាអាចមានផលបះពាល់ដល់ពួកគាត់ដែលធ្លាប់ប្រើប្រាស់នៅប្រព័ន្ធទឹកខាងលើភ្នំយូរណាស់មកហើយនោះ។

លោក បញ្ជាក់ថា អាជ្ញាធរស្រុកនិងអញ្ចើញសហគមន៍ទឹកនៅក្នុងឃុំស្វាយលើ និងអ្នកពាក់ព័ន្ធមកប្រជុំជាបន្ទាន់ ដើម្បីរកដំណោះស្រាយណាមួយពាក់ព័ន្ធជាមួយប្រជាពលរដ្ឋក្នុងការប្រើប្រាសទឹក និងការបង់វិភាគទានទាំងនោះទៅឲ្យសហគមន៍ទឹកជារៀងរាល់ខែផងដែរ ៕ ដោយ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner