មូលនិធិរូបិយវត្ថុអន្តរជាតិ IMF ព្រមានថា វីរុសកូរ៉ូណាថ្មីកំពុងបង្កហានីភ័យដល់ការស្តារសេដ្ឋកិច្ចពិភពលោក
បរទេស៖ ករណីផ្ទុះវីរុសកូរ៉ូណាប្រភេទថ្មី ឬ ខូវីដ-១៩នៅចិន និង ការរីករាលដល់ប្រទេសប្រមាណ២៥ផ្សេងទៀតនោះ អាចរុញច្រានការស្តារសេដ្ឋកិច្ចសកលលោកទាំងមូលអោយធ្លាក់ចូលទៅក្នុងហានិភ័យ នេះបើតាមនាយកស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF លោកស្រី គ្រីស្តាលីណា ហ្សកគាវ៉ា ។

នាយកស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះបានសង្កត់ធ្ងន់ថា ការកើតឡើងនៃករណីឆ្លងនៃវីរុស COVID-19 នៅចិន និង បណ្តាប្រទេសផ្សេងៗទៀត កំណើនសេដ្ឋកិច្ចសកលនឹងទទួលរងផលប៉ះពាល់ ហើយជាការពិតយើងទាំងអស់គ្នាមានក្តីសង្ឃឹមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ប៉ុន្តែពេលនេះភាពមិនច្បាស់លាស់បានលេចចេញមកហើយ ដោយយើងគួររៀបចំសេនារីយ៉ូថ្មីៗទៀតសម្រាប់អ្វីដែលនឹងកើតឡើងដោយឥតព្រាងទុក ។

លោកស្រី គ្រីស្តាលីណា ហ្សកគាវ៉ា បានកត់សម្គាល់បែបនេះ នៅក្នុងអំឡុងកិច្ចប្រជុំកំពូលថ្នាក់រដ្ឋមន្ត្រី នៃបណ្តាប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោក G20 ព្រមទាំងនាយកធនាគារកណ្តាលនានាលើពិភពលោក ដែលប្រព្រឹតទៅនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ៕


