ប្រទេសជាច្រើនចាប់ផ្តើមរឹតបន្តឹងការធ្វើដំណើរពីអ៊ីរ៉ង់ ក្នុងគ្រាដែលអ្នកឆ្លងវីរុស COVID-19 នៅអ៊ីរ៉ង់កើនដល់៤៣នាក់ ក្នុងនោះស្លាប់៨នាក់

អ៊ីរ៉ង់៖ ប្រទេសអ៊ីរ៉ាក់ និងប៉ាគីស្ថានដែលមានព្រំដែនជាប់អ៊ីរ៉ង់ បានចាត់វិធានការបង្ការដើម្បីកំហិតការរាលដាលវីរុសពីអ្នកដំណើរអ៊ីរ៉ង់ ដោយអ៊ីរ៉ាក់បានហាមមិនឱ្យប្រជាជនអ៊ីរ៉ង់ចូលក្នុងប្រទេស ដោយប៉ះពាល់អ្នកធ្វើធម្មយាត្រាសាសនា និងអ្នកជំនួញរាប់ពាន់នាក់ ។

ទន្ទឹមគ្នា តួកគីក៏បិទព្រំដែនគោកបណ្តោះអាសន្នរបស់ខ្លួនជាមួយអ៊ីរ៉ង់ផងដែរ ដោយសារតែវីរុសកូរ៉ូណាថ្មី ចំណែកឯហ្សកដានីក៏បានចាប់ផ្តើមហាមមិនអោយអ្នកមកពីអ៊ីរ៉ង់ និងកូរ៉េខាងត្បូងចូលផងដែរ ខណៈអារ៉ាប៊ីសាអូឌីត និងគុយវែតក៏រឹតត្បិតការធ្វើដំណើរពីអ៊ីរ៉ង់ចូលក្នុងប្រទេសរបស់គេដែរ ។

សូមជម្រាបថា ក្រសួងសុខាភិបាលអ៊ីរ៉ង់នៅថ្ងៃទី២៣ ខែកុម្ភៈនេះបានបង្កើនចំនួនស្លាប់ និងឆ្លងមេរោគឆ្លង COVID-19 ដោយអ្នកឆ្លងបានកើនដល់៤៣នាក់ និងអ្នកស្លាប់ឡើងដល់៨នាក់ ។ ស្របពេលជាមួយគ្នានេះដែរ អាជ្ញាធរអ៊ីរ៉ង់បានបិទសាលារៀននៅក្នុងខេត្តចំនួន១០នៅទូទាំងប្រទេសសម្រាប់ពេលយ៉ាងតិច២ថ្ងៃដោយចាប់ផ្តើមនៅថ្ងៃទី២៣ ខែកុម្ភៈ ហើយសកលវិទ្យាល័យនៅរដ្ឋធានីតេអេរ៉ង់ក៏ផ្អាកការសិក្សាផងដែរ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner