កូរ៉េខាងត្បូងប្រកាសបង្កើនភាពអាសន្នកម្រិតខ្ពស់បំផុត ខណៈអ្នកឆ្លងវីរុសកូរ៉ូណាថ្មីកើនដល់៦០២នាក់ ក្នុងនោះស្លាប់៥នាក់
កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងនឹងបង្កើនភាពអាសន្ននៃការឆ្លងជំងឺកូរ៉ូណាប្រភេទថ្មីឱ្យដល់កម្រិតខ្ពស់បំផុត ប្រឈមមុខនឹងការកើនឡើងយ៉ាងឆាប់រហ័ស នូវករណីឆ្លងជំងឺមួយនេះនៅក្នុងប្រទេស នេះបើតាមប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ ។

ប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ បានបញ្ជាក់នៅក្រោយកិច្ចប្រជុំស្ដីពីវីរុស COVID-19 ថាគ្រោះថ្នាក់នៃមេរោគឆ្លងកូរ៉ូណាប្រភេទថ្មីកំពុងស្ថិតនៅចំណុចមួយដ៏ធ្ងន់ធ្ងរ… ដែលតម្រូវឱ្យរដ្ឋាភិបាលនឹងបង្កើនភាពអាសន្នឱ្យដល់កម្រិតខ្ពស់បំផុត ស្របទៅតាមអនុសាសន៍របស់ក្រុមអ្នកជំនាញ ។ បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និង បង្ការជំងឺឆ្លងកូរ៉េខាងត្បូង (KCDC) នៅថ្ងៃទី២៣ ខែកុម្ភៈនេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៦០២នាក់ បន្ទាប់ពីការឆ្លងថ្មី៤៦ករណីបន្ថែមទៀតត្រូវបានរកឃើញ ខណៈអ្នកស្លាប់វិញក៏បានកើនដល់៥នាក់ផងដែរ ។

សូមជម្រាបថា តួលេខនៃការឆ្លងមេរោគ COVID-19 នៅកូរ៉េខាងត្បូង មានការកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយសម្រាប់ករណីឆ្លងថ្មីៗយ៉ាងគំហុកនេះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធនឹងមន្ទីរពេទ្យមួយកន្លែង នៅភាគខាងត្បូងទីក្រុងឆុងទូ និង ព្រះវិហារគ្រិស្តសាសនាមួយមានឈ្មោះថា ស៊ីនឈុនជី ស្ថិតក្នុងទីក្រុងដេគូ ភាគអាគ្នេយ៍ប្រទេស ដែលមានមនុស្សរស់នៅជាង ២.៥លាននាក់ ៕


